រដ្ឋបាលរាជធានីភ្នំពេញជួសជុល លាបថ្នាំតុបតែងកែលម្អ វិមានឯករាជ្យ សួនច្បារ សួនកម្សាន្ត និងសួនបាញ់ទឹក រួចរាល់ហើយដេីម្បីត្រៀមពិធីបុណ្យជាតិធំៗបន្តបន្ទាប់គ្នាឆាប់ៗនេះ
ភ្នំពេញ៖ ដោយមានការគិតគូរយ៉ាងយកចិត្តទុកដាក់ពី ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈរាជធានីភ្នំពេញ ក្រុមការងារជំនាញ ពាក់ព័ន្ធក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុង មមាញឹក ក្នុងការ ជួសជុល តុបតែងកែលម្អ លៀបថ្នាំ និងផ្លាស់ប្តូរអំពូលភ្លើងតួវិមានឯករាជ្យ សួនបាញ់ទឹក វិមានឯករាជ្យ សួនច្បារ សួនកម្សាន្ត សម្រាប់កុមារឱ្យមានសោភណ្ឌស្រស់ស្អាត និងស្រស់បំព្រង រួចរាល់ហើយដេីម្បីត្រៀមពិធីបុណ្យជាតិធំៗ ដូចជា ព្រះរាជពិធីបុណ្យ ខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយេីង បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តិទៅបន្តបន្ទាប់គ្នានាពេលឆាប់ៗខាងមុខនេះ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំ និងបែងចែកក្រុមការងារមន្ត្រីជំនាញតាមផ្នែកដេីម្បីអនុវត្តការងារទៅតាមមុខព្រួញផ្សេងៗធ្វើយ៉ាងណាឱ្យទាន់ ព្រះរាជពិធី និងពិធីបុណ្យជាបន្តបន្ទាប់គ្នានេះ ។ លោកបន្តថា ជាក់ស្ដែង ការងារជួសជុលកែលម្អ និងបាញ់ថ្នាំ នៅវិមានឯករាជ្យ ការជួសជុលកែលម្អសួនច្បារជុំវិមានឯករាជ្យ ជួសជុលកែលម្អរនិងប្តូរអំពូលភ្លើងសួននាគបាញ់ទឹកវិមានឯករាជ្យ សួនកម្សាន្តបាញ់ទឹកមុខវត្តបទុមវតី បានចាប់ផ្ដើមអនុវត្តកាលពីពាក់កណ្តាលខែកញ្ញា២០២៤ មកដល់ពេលនេះបានរួចរាល់ហេីយ។
មន្ត្រីជំនាញដដែរបានឱ្យដឹងទៀតថា ចំពោះការងារជួសជុលកែលម្អ តួវិមានឯករាជ្យ ក្រុមការងារបានដុសខាត់ស្លែតាំងពីលេីដល់ក្រោម បានលាងសម្អាតកម្រាលថ្មក្រានីត សម្អាតផេីងផ្កាឈួកសម្រាប់ដុតទៀនជ័យ និងបាញ់ថ្នាំ ចំណែកអាងបាញ់ទឹកនៅជុំវិញតួវិមានឯករាជ្យ ត្រូវបានសម្អាត និងបាញ់ថ្នាំ ព្រមទាំងធ្វេីការផ្លាស់ប្តូរអំពូលភ្លើងទាំងអស់ និងសារ៉េកម្រិតកម្ពស់នៃការបាញ់ទឹកក៏បានរៀបរយរួចអស់ហេីយដរ។
ចំណែកមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ក្រុមការងារសាធារណការ បាន និងកំពុងលាបថ្នាំតាមគុលឈេី លាបថ្នាំតាមខឿនចិញ្ចេីមសួន កាត់តម្រឹមស្មៅ ដេីមផ្កា លាបថ្នាំតាមចិញ្ចើមច្រាំងទន្លេ លាបថ្នាំតាមបង់អង្គុយនៅតាមមាត់ទន្លេ ជួសជុលការ៉ូឡា តុបតែងភ្លេីងពណ៌តាមដេីមឈេី ព្រមទាំងពង្រាយបន្ទប់ទឹក និងបង្គន់អនាម័យពីផ្សាររាត្រី ដល់សួនសម្តេចហ៊ុនសែន ដេីម្បីត្រៀមទទួលបងប្អូនប្រជាពលរដ្ឋយើងដេីរលេងកម្សាន្ត៕