ថ្ងៃនេះខួប ២០ព្រះវស្សា នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថនរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
ភ្នំពេញ៖ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ ជាខួប២០ព្រះវស្សាហើយ ដែលព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានយាងគ្រងព្រះបរមសិរីរាជសម្បត្តិ។
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិទាំង ៩អង្គ/នាក់ ដែលពេលនោះមានសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ជាព្រះប្រធានរដ្ឋសភា និងជាព្រះរាមម្ដាយទីទៃ ជាសមាជិកនៃក្រុមប្រឹក្សារាជសម្បត្តិដែរនោះ បានសម្រេចជ្រើសតាំងជាព្រះមហាក្សត្រថ្មី នៃព្រះរាជាណាចក្រកម្ពុជា។
ការជ្រើសរើសព្រះអង្គជាព្រះមហហាក្សត្រថ្មី ធ្វើឡើងបន្ទាប់ពីព្រះរាជបិតា សម្តេចព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្តម សីហនុ បានប្រកាសដាក់រាជ្យសម្បត្តិ នៅថ្ងៃទី៧ តុលា ឆ្នាំ២០០៤។
ព្រះរាជពិធីយាងឡើងសោយព្រះបរមសិរីរាជ្យសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានធ្វើឡើងយ៉ាងអធិកអធម និងមហោឡារឹកជាទីបំផុត តាមព្រះរាជបវេណីរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៨ និង២៩ ខែតុលា ឆ្នាំ២០០៤ ដោយមានការយាង និងអញ្ជើញចូលរួមពីព្រះញាតិវង្ស ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មន្ត្រីរាជការ និងភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករ។
ព្រះបរមនាម ក្នុងរាជ្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី គឺ៖ «ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី សមានភូមិ ជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរា មហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជាឯករាជរដ្ឋ បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុង កម្ពុជាធិបតី»។ មានសេចក្តីថា៖ «អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភក្តិ និងភក្ដីភាព។ មហាក្សត្រ ដែលព្រះពុទ្ធ និងព្រះឥន្ទ្រ លោកឧបត្ថម្ភ ។ អ្នករួបរួម ខេមរជនទាំងអស់ ។ អ្នកការពារឯករាជ្យ បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និងវិបុលភាព របស់ប្រជារាស្ត្រខ្មែរ»។
នៅក្នុងព្រះរាជពិធីយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិនោះ អង្គព្រះមហាក្សត្រខ្មែរ បានតាំងព្រះទ័យសច្ចាថា «ខ្ញុំតាំងសច្ចាថា នឹងប្រព្រឹត្តិតាមរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រ ហើយនឹងតាំងចិត្តធ្វើផលប្រយោជន៍ដល់រដ្ឋ និងប្រជារាស្ត្រ»។ ព្រះអង្គបានតាំងសច្ចាបែបនេះចំនួន៣ដង។
នៅក្នុងឱកាសនោះ ព្រះអង្គក៏បានប្រកាសប្តេជ្ញាព្រះទ័យបម្រើវិស័យសាសនា វិស័យមនុស្សធម៌ វិស័យអប់រំ សង្គមកិច្ច សុខមាលភាព និងជីវភាពរស់នៅ របស់ប្រជារាស្ត្រនៅទូទាំងប្រទេស។ ជាពិសេសនៅជនបទស្រែចម្ការ។ «ខ្ញុំនឹងយកអស់សមត្ថភាព បម្រើព្រះសង្ឃគ្រប់ព្រះអង្គ បម្រើប្រជារាស្ត្រ និងបម្រើមាតុភូមិអង្គជាទីស្នេហា ដោយអំណត់ព្យាយាម និងដោយស្មោះត្រង់»។
ក្នុងរយៈពេល២០ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះមហាក្សត្រ បានប្រកាន់ខ្ជាប់នូវព្រះរាជតួនាទី និងព្រះរាជកិច្ចរបស់ព្រះអង្គតាមការចែងនៅក្នុងរដ្ឋធម្មនុញ្ញ ក្នុងការបម្រើវិស័យសាសនា វិស័យមនុស្សធម៌ វិស័យអប់រំ សង្គមកិច្ច សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជារាស្ត្រនៅទូទាំងប្រទេស និងបាននាំមកនូវសុខសុភមង្គលសម្រាប់ជាតិ និងប្រជារាស្ត្រខ្មែរ។
ព្រះអង្គបានចាត់ទុកបញ្ហារបស់ប្រជានុរាស្រ្ត ក៏ដូចជាបញ្ហារបស់ទ្រង់ផ្ទាល់ដែរ។ អាស្រ័យហេតុនេះហើយ ទើបព្រះអង្គតែងតែចូលរួមចំណែក បរិច្ចាគថវិកាផ្ទាល់ របស់ព្រះអង្គជួយសាសង់អាគារមន្ទីរពេទ្យ សាលារៀន ប្រឡាយទឹកជាដើម ដើម្បីជាប្រយោជន៍ក្នុងការរស់នៅ របស់ប្រជានុរាស្រ្ត ជាពិសេសតែងបានប្រទាន ថវិកាជារៀងរាល់ខែ ជួយទ្រទ្រង់ដល់សកម្មភាពរបស់កាកបាទក្រហមកម្ពុជា។ បន្ថែមលើនេះព្រះអង្គក៏តែងតែយាងចុះជួបប្រជានុរាស្រ្ត នៅតាមមូលដ្ឋានដាច់ស្រយ៉ាល ដោយផ្ដល់ជាគ្រឿងឧបភោគ និងថវិកា ដើម្បីដោះស្រាយបញ្ហាជីវភាព។
ក្នុងពេលប្រទេសកម្ពុជាជួបវិបត្តិជំងឺកូវីដ១៩ ព្រះមហាក្សត្រខ្មែរ បានសព្វរាជព្រះហឫទ័យប្រោសប្រទាន នូវព្រះរាជសម្បត្តិផ្ទាល់របស់ព្រះអង្គជាច្រើន ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកនានា ក៏ដូចជាការទិញវ៉ាក់សាំង និងទិញមន្ទីរពេទ្យហ្លួងម៉ែជាដើម។ ក្រៅពីនោះព្រះអង្គក៏បានប្រោសព្រះរាជទាន ជាស្បៀងអាហារ និងថវិកានានា ជូនទៅប្រជាពលរដ្ឋរងគ្រោះផងដែរ។
ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សហមុនី ព្រះអង្គបានយកព្រះទ័យទុកដាក់យ៉ាងខ្លាំង ក្នុងទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្ត ព្រះអង្គតែងតែព្រះរាជាអនុញ្ញាតសវនាកាជាមួយអង្គទូតអស់អាណត្តិ និងមន្ត្រីអង្គទូតថ្មី ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារផ្សេង ដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត។
រយៈពេល ២០ព្រះវស្សានៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ បានធ្វើឱ្យប្រជានុរាស្រ្តខ្មែរ មានភាពកក់ក្ដៅយ៉ាងក្រៃលែង។ ក្នុងឱកាសអបអរសាទរខួប១៨ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រខ្មែរ លិខិតព្រះបរមរាជានុញ្ញាតថ្វាយព្រះពរព្រះអង្គ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងមន្ត្រីរាជការត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់។ ក្រៅតែពីការថ្វាយព្រះពរថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ ក៏បានសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណដ៏ឧត្តុង្គឧត្តម របស់ព្រះមហាក្សត្រខ្មែរ ក្នុងព្រះរាជសកម្មភាព ចំពោះជាតិមាតុភូមិ។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រសូត្រនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្រាច្បង របស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ និង សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ។ ព្រះអង្គមាន ព្រះអនុជ បង្កើត តែមួយអង្គគត់ គឺសម្តេច នរោត្តម នរិន្ទ្រពង្ស (១៩៥៤-២០០៣)៕