ល្ងាចនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២
ភ្នំពេញ៖នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២។ កម្មវិធីនេះត្រូវប្រារព្ធធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤នេះ មានការចូលរួមពី រាជធានី-ខេត្តទាំង២៥ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កីឡាករ កីឡាការិនី មន្ត្រីដឹកនាំ និងគ្រូបង្វឹកអ្នកចូលរួមសរុប៤,៥២២នាក់។
ចំពោះ ប្រភេទកីឡាដែលត្រូវចូលរួមប្រកួតកីឡាជាតិលើកទី៤ មានចំនួន ៣៦ រួមមាន៖ បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ ហែលទឹក តេក្វាន់ដូITF តេក្វាន់ដូWT ប៉េតង់ គុនដាវ គុនល្បុក្កតោ ប្រដាល់សកល យូដូ ចំបាប់ ប្រដាល់គុនខ្មែរ វាយកូនបាល់ ការ៉ាតេ កាយសម្ព័ន្ធ ទោចក្រយាន សូហ្វតិន្នីស សីដក់ វូស៊ូ ហុគី ឃីកបុកស៊ីង រាំ ជឺជីតស៊ូ ទូកប្រពៃណី ទូកក្តោង លើកទម្ងន់ ប៊ីយ៉ានិងស្នូកឃ័រ ទ្រីយ៉ាត្លុង វាយកូនគោល ម៉ូតូទឹក អុកចត្រង្គ និងវ៉ូវីណាម ព្រមទាំងមាន វិញ្ញាសាសរុប ៣២៨។
បន្ថែមពីនេះ ប្រភេទកីឡាដែលត្រូវចូលរួមប្រកួតកីឡាជាតិជនពិការលើកទី២ មានចំនួន១៣ រួមមាន៖ អត្តពលកម្មជនពិការហែលទឹកជនពិការ បាល់បោះរទេះជនពិការ បាល់ទះអង្គុយ បូស្យា វាយកូនឃ្លីលើតុជនពិការ អុកជនពិការ លើកទម្ងន់ជនពិការ យូដូជនពិការ វាយសីជនពិការ បាល់ទាត់ជនពិការភ្នែក៥ម្ខាង បាល់បោះជនពិការភ្នែក និងអេឡិចត្រូនិច ជនពិការ និងមានវិញ្ញាសាសរុបចំនួន៥៥។