ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីដង្ហែរក្បួនព្រះមហាក្សត្រសម័យអង្គ៛ដ៏អស្ចារ្យ នៅប្រាសាទអង្គរវត្តនៃព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា»

12

សៀមរាប៖នៅរសៀលថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៤នេះ ការដង្ហែរព្រះបាទជ័យវរ្ម័នក្នុងព្រឹត្តិការណ៍នេះ គឺដើម្បីរំលឹកអំពីវីរភាពរបស់ព្រះអង្គ ដែលបានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយចងចាំ ហើយព្រឹត្តិការណ៍នេះក៏រំឭកដល់សិល្បៈ និងវប្បធម៌ដ៏ថ្កុំថ្កើង នាសម័យនោះ។

ទិដ្ឋភាពទូទៅនៃពិធីបើកព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” នាបរិវេណអង្គរវត្ត ខេត្តសៀមរាប ដែលប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ពេលចាប់ផ្ដើម អាកាសធាតុដ៏ត្រជាក់ ហាក់ដូចជាប្រទានពីទេវតាសម្រាប់ព្រឹត្តការណ៍ដ៏អស្ចារ្យ «ស្នាមញញឹមនៃកម្ពុជា»បានប្រព្រឹត្តិទៅដោយភាពរលូនតាមរបៀបវារៈដែលបានគ្រោងទុក។

អាចនិយាយាបានថា នេះជាស្នាមញញឹមក្នុងប្រវត្តិសាស្ត្រ និងសម្បត្តិវប្បធម៌កម្ពុជា ដែលមានន័យជាសញ្ញាបង្ហាញពីការពេញចិត្ត និងអំណរចិត្តនៅក្នុងសង្គមខ្មែរ។ តាមប្រវត្តិសាស្ត្រវប្បធម៌ខ្មែរ បុព្វបុរសបានធ្វើឱ្យស្នាមញញឹមក្លាយជាសញ្ញានៃសន្តិភាព និង សាមគ្គីភាព។

«ស្នាមញញឹមនៃកម្ពុជា» កម្មវិធីនេះជាមធ្យោបាយមួយក្នុងការពង្រឹងស្មារតីនៃកម្ពុជាដែលគួរឱ្យស្រលាញ់ដែលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ។ ព្រឹត្តការណ៍នេះមិនត្រឹមតែមានន័យជាការអបអរសាទរនៅលើការសម្ដែងស្នាមញញឹមនោះទេ ប៉ុន្តែក៏ជាការបង្កើនភាពរួបរួម និងការប្តេជ្ញាក្នុងការអភិវឌ្ឍសហគមន៍ជាមួយគ្នា។

ការដង្ហែរព្រះបាទជ័យវរ្ម័នក្នុងព្រឹត្តិការណ៍នេះ គឺដើម្បីរំលឹកឱ្យមានការចងចាំនូវវីរភាពរបស់ព្រះអង្គ ជាការដាសតឿនដល់កូនខ្មែរជំនាន់ក្រោយឱ្យពង្រឹងចំណងសាមគ្គីភាព និងជាតិនិយមក្នុងនាមជាប្រជាជនកម្បុជា។ ព្រឹត្តិការណ៍នេះក៏ជាការរំលឹកដល់បុព្វហេតុនៃសិល្បៈ និងវប្បធម៌ដែលព្រះបាទជ័យវរ្ម័នទី៧ បានបង្កើត និងបន្សល់ទុក ព្រមទាំងដើម្បីបង្ហាញអំពីអំណាច និងសិល្បៈដ៏សម្បើមនៃសម័យនោះ។

ក្នុងពិធីដង្ហែរនេះ លោកឧកញ៉ា ខេមរៈ សិរីមន្ត សំដែងជាតួអង្គ ព្រះបាទ ជ័យវរ្ម័នទី៧  និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដើរតួសម្ដែងជា ព្រះនាងឥន្ទ្រទេវី ដែលជាវីរក្សត្រីយ៍ខ្មែរមួយអង្គនាសម័យអង្គរ ដែលមិនត្រឹមតែមានព្រះរូបឆោមលោមពណ៌ល្អឥតមាននរណាផ្ទឹមបានប៉ុណ្ណោះទេ ព្រះនាងថែមទាំងមានវិជ្ជាសម្បត្ដិខ្ពង់ខ្ពស់ឈ្លាសវៃក្នុងការសិក្សា ហើយនិងចេះដឹងនូវក្បួនច្បាប់ទាំងឡាយយ៉ាងជ្រៅជ្រះទៀតផង។

នៅខាងក្រៅបរិវេណប្រាង្គប្រាសាទអង្គរតូច មានមហាជនជាច្រើនបានឈររង់ចាំទស្សនាទស្សនីយភាពដ៏អស្ចារ្យកម្របានទស្សនានេះ យ៉ាងច្រើនកុះករ 

សូមបញ្ជាក់ថា «ស្នាមញញឹមនៃកម្ពុជា» ជាសកម្មភាពសង្គមដែលបង្កើតឡើងដើម្បីលើកកម្ពស់វិស័យទេសចរណ៍តាមរយៈការចែករំលែកនូវទំនៀមទម្លាប់ និងមេរៀននៃស្នាមញញឹមដែលបង្ហាញពីមិត្តភាពរបស់ប្រជាជនកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង