ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រ ស្នើស្ថាប័នរដ្ឋសភា និងរាជរដ្ឋាភិបាល បន្តខិតខំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសជាតិ ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាព និងការលើកកម្ពស់ជីវភាពប្រជាជនកាន់តែល្អប្រសើរថែមទៀត

42

ភ្នំពេញ៖រដ្ឋសភាកម្ពុជា បានបើកសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

នៅក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត បានផ្ញើព្រះរាជសារជូនសម័យប្រជុំរដ្ឋសភា ដោយមានព្រះរាជបន្ទូលបញ្ជាក់ថា ក្នុងរយៈពេលកន្លងទៅនេះ រដ្ឋសភានីតិកាលទី៧ បានបំពេញការងារប្រកបដោយថាមពលខ្លាំងក្លា ដោយបានប្រជុំពិភាក្សា និងអនុម័តនូវសេចក្តីព្រាងច្បាប់ជាច្រើន ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាជាតិ។

រដ្ឋសភាបំពេញការងារយ៉ាងសកម្មដោយបានធ្វើការពិនិត្យ សិក្សា និងស្វែងយល់អំពីការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ទៅតាមវិស័យយ៉ាងសស្រាក់សស្រាំ ព្រមទាំងបានដោះស្រាយនូវបញ្ហាប្រឈមជាច្រើនជូនប្រជាពលរដ្ឋ ហើយចំពោះបញ្ហាដែលនៅសេសសល់រដ្ឋសភាក៏បានទទួលយក និងកំពុងចាត់ចែងទៅតាមនីតិវិធីរបស់រដ្ឋសភាផងដែរ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានមានព្រះរាជបន្ទូលបន្តថា រដ្ឋសភានីតិកាលទី៧ បានពង្រឹងតួនាទី និងលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពសា្ថប័ន ដើម្បីឆ្លើយតបឱ្យបានសមស្របតាមទិសដៅ នៃការកែទម្រង់ឱ្យទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ចំណែករាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយមគ្គទេសក៍ថាមវន្ត វាងវៃ និងមោះមុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល១ឆ្នាំមកនេះ បានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបន្តកើនឡើងជាលំដាប់ និងបានកសាងហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗជាច្រើន។

ស្របពេលជាមួយនេះ ដើម្បីបន្តរក្សាបានសន្តិភាព សន្តិសុខ និងកំណើនសេដ្ឋកិច្ចឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តកម្មវិធីគោលនយោបាយ និងវិធានការគន្លឹះ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងជំរុញការកែទម្រង់លើវិស័យសំខាន់ៗយ៉ាងម៉ត់ចត់ សំដៅលើកកម្ពស់អភិបាលកិច្ចល្អ និងសេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគុណភាពជូនប្រជាពលរដ្ឋ។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានថ្លែងការកោតសរសើរចំពោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ និងលោក វង សូត អនុប្រធានទី២ រដ្ឋសភា ដែលបានដឹកនាំរដ្ឋសភា ប្រកបដោយភាពឈ្លាសវៃ ស្វាហាប់ និងម៉ឺងម៉ាត់ ហើយចំណែកសមាជិក សមាជិការដ្ឋសភាទាំងអស់ ក៏បានបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលល្អប្រសើរ ជាឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជន គួរជាទីមោទនៈ។

ចុងបញ្ចប់នៃព្រះរាជសារ ព្រះករុណាជាអម្ចាស់បានស្នើស្ថាប័នរដ្ឋសភា និងរាជរដ្ឋាភិបាល បន្តខិតខំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែសកម្ម និងខ្លាំងក្លាថែមទៀត សំដៅធានាបាននូវសុខសន្តិភាព ស្ថិរភាព ការលើកកម្ពស់ជីវភាពប្រជាជន និង សម្រេចបាននូវកំណើនសេដ្ឋកិច្ចសង្គមឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។ ជាមួយគ្នានេះ ព្រះអង្គបានសូមឱ្យបងប្អូនជនរួមជាតិទូទាំងប្រទេស បន្តចូលរួមថែរក្សាសាមគ្គីភាព និងឯកភាពជាតិ ឱ្យកាន់តែរឹងមាំ ដើម្បីថែរក្សាជំរុញនាវាកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍ សម្បូរសប្បាយ ដូចអារ្យប្រទេសនានានៅលើសកលលោក៕

អត្ថបទដែលជាប់ទាក់ទង