លោក ដូណាល់ ត្រាំ ឡើងជិះរថយន្តដឹកសំរាម ក្រោយលោក បៃដិន ដៀលក្រុមអ្នកគាំទ្ររបស់លោក ថាជាសំរាម
វ៉ាស៉ីនតោន៖ កាលពីថ្ងៃពុធសប្តាហ៍នេះ បេក្ខជនបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានធ្វើសន្និសីទសារព័ត៌មានចេញពីក្នុង រថយន្តដឹកសំរាម១គ្រឿង ស្របពេលដែលយុទ្ធនាការឃោសនាបោះឆ្នោតរបស់សេតវិមាន ត្រូវបានបង្ខំឱ្យដកខ្លួនឃ្លាតឆ្ងាយពីពាក្យសម្តី របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ស្តីពីក្រុមអ្នកគាំទ្របក្សសាធារណរដ្ឋ ដែលបានបង្កជារឿងឈឺក្បាល សម្រាប់បេក្ខជន បក្សប្រជាធិបតេយ្យ គឺអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស (Kamala Harris)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤។
ថ្លែងប្រតិកម្មចំពោះការលើកឡើងមួយ ដែលថាតំបន់ Puerto Rico ប្រៀបដូចជា ដែនកោះពោរពេញទៅដោយសំរាម អណ្តែត ព្រោងព្រាត លោក បៃដិន បាននិយាយយ៉ាងដូច្នេះថា «សំរាមដែលខ្ញុំមើលឃើញកំពុងអណ្តែតនោះ គឺមានតែអ្នកគាំទ្រលោក ត្រាំ ប៉ុណ្ណោះ»។ ភ្លាមៗខាងសេតវិមាន បានចេញមុខបកស្រាយថា លោកប្រធានាធិបតីអាមេរិក មិនមែនចង់សំដៅលើ អ្នកគាំទ្រ បក្សសាធារណរដ្ឋឡើយ ប៉ុន្តែទៅលើវោហារសាស្រ្តរបស់លោក ត្រាំ ឯណោះទេ។ រីឯលោកស្រី ហារីស ក៏បាននិយាយដែរថា «ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា ខ្ញុំមិនយល់ស្របជាខ្លាំង ចំពោះការរិះគន់ណាមួយលើប្រជាជនអាមេរិក ដោយផ្អែកលើបុគ្គលដែលពួកគេបោះឆ្នោតឱ្យ»។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក បៃដិន បានផ្តល់ជាឱកាសមួយ សម្រាប់យុទ្ធនាការឃោសនារបស់លោក ដូណាល់ ត្រាំ។ លោក ត្រាំ បានពាក់អាវកាក់បុគ្គលិកអនាម័យ និងបានឡើងជិះរថយន្តដឹកសំរាមមួយគ្រឿង នៅឯព្រលានយន្តហោះក្នុងរដ្ឋ Wisconsin ហើយបានឆ្លើយសំណួរអ្នកកាសែត ពេលកំពុងអង្គុយនៅក្នុងនោះ។ អតីតប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងដូច្នេះថា «អ្នកមិនអាចធ្វើជាប្រធានាធិបតីបានទេ ប្រសិនបើអ្នកស្អប់ខ្ពើមប្រជាជនអាមេរិក»។ ការបោះឆ្នោតប្រធាធិបតីអាមេរិកអាណត្តិថ្មី នឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែវិច្ឆិកា៕