ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គីម ជុងអ៊ុន៖ ការបាញ់តេស្តមីស៉ីល ICBM គឺជាសកម្មភាពយោធាសមស្រប ប្រឆាំងនឹងសត្រូវ

47

ក្រុងព្យុងយ៉ាង៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ការបាញ់តេស្តមីស៉ីលបាលិស្ទីគអន្តរទ្វីប ICBM របស់ខ្លួន នាថ្ងៃព្រហស្បតិ៍នេះ គឺជាសកម្មភាពយោធាសមស្របមួយ មានគោលដៅព្រមានទៅកាន់សត្រូវ ដែលបាននិងកំពុងគំរាមកំហែង សន្តិសុខរបស់ប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤។

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ដោយស្រង់សម្តីលោក គីម ជុងអ៊ុន យ៉ាងដូច្នេះថា «ការបាញ់តេស្តនេះ គឺជាសកម្មភាពយោធាសមស្របមួយ ដែលបម្រើដល់បំណងនៃការប្រាប់ទៅកាន់សត្រូវរបស់កូរ៉េខាងជើង ដែលនាពេលថ្មីៗនេះ បានបង្កើន ស្ថានការណ៍ក្នុងតំបន់ដោយចេតនា ហើយបង្កការគំរាមកំហែង ចំពោះសន្តិសុខនៃប្រទេសរបស់យើង ឱ្យដឹងអំពីឆន្ទៈឆ្លើយតបរបស់ពួកយើង»។ សកម្មភាពដំឡើងសាច់ដុំរបស់កូរ៉េខាងជើង ត្រូវបានររិះគន់ភ្លាមៗដោយកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ទីក្រុងសេអ៊ូលបានរាយការណ៍អំពីសញ្ញា ដែលបង្ហាញថា កូរ៉េខាងជើង ប្រហែលអាចនឹង ធ្វើតេស្តបាញ់មីស៉ីល ICBM ឬបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរជាលើកទី៧ នៅក្បែរៗ ឬក៏ចំថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដែលប្រព្រឹត្តទៅនាថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីទាក់ទាញចំណាប់អាម្មណ៍របស់ពិភពលោក ឱ្យក្រឡេកទៅមើលការកើនឡើងអំណាចយោធា របស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង