គ្រោងរៀបចំការប្រណាំងទូកក្របខណ្ឌរាជធានី នៅថ្ងៃទី១២ ខែវិច្ឆិកា នាមុខវត្តឧណ្ណាលោមដើម្បីជ្រើសរើសទូកល្បឿនលឿន និងមធ្យម ចូលរួមប្រណាំងទូកក្នុងព្រះរាជពិធីបុណ្យអុំទូកថ្នាក់ជាតិ
ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីប្រណាំងទូកក្របខណ្ឌរាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ១៣:០០នាទីរសៀលតទៅ នៅតាមដងទន្លេសាប មុខវត្តឧណ្ណាលោម ដើម្បីជ្រើសរើសទូកល្បឿនលឿន និងមធ្យម ចូលរួមប្រណាំងទូក ក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនាថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ខាងមុខនេះ។
ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យឱ្យបានអធិកអធម រក្សាបាននូវទំនៀមទម្លាប់ប្រពៃណី ជាតិ និងបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋ បានចូលរួមទស្សនាកម្សាន្តសប្បាយ ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃ “សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ” រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីប្រណាំងទូកក្របខណ្ឌរាជធានីភ្នំពេញ នៅ ថ្ងៃអង្គារ ទី១២ ខែវិច្ឆិកាឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ១៣:០០នាទីរសៀលតទៅ នៅតាមដងទន្លេសាប មុខវត្ត ឧណ្ណាលោម ដើម្បីជ្រើសរើសទូកល្បឿនលឿន និងមធ្យម ចូលរួមប្រណាំងទូកក្នុងព្រះរាជពិធីបុណ្យ។»។
រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមទស្សនាកម្សាន្តសប្បាយក្នុង ប្រណាំងទូកនេះ និងចូលរួមលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទូកអុំ-ទូកចែវរាជធានីភ្នំពេញទាំងអស់ឱ្យបានច្រើនកុះករ។
គួរបញ្ជាក់ដែរថា សម្រាប់ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ ពេលថ្ងៃគឺជាការប្រណាំងទូក ចំណែកពេលរាត្រីនឹងមានការរៀបចំបណ្តែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រី សម្តែងសិល្បៈ និងកម្មវិធីកម្សាន្ត សប្បាយផ្សេងៗជាច្រើនទៀត៕