ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីសុខាភិបាល ណែនាំដល់អ្នកទទួលបន្ទុកការងាររថយន្តគិលានុសង្រ្គោះទាំងអស់ ត្រូវពិនិត្យបច្ចេកទេសរថយន្តឱ្យបានត្រឹមត្រូវ និងទៀងទាត់ ដើម្បីធានាសុវត្ថិភាពពេលបញ្ជូនអ្នកជំងឺ

47

ភ្នំពេញ៖ឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់អ្នកទទួលបន្ទុកការងាររថយន្តគិលានុសង្រ្គោះទាំងអស់ ត្រូវពិនិត្យបច្ចេកទេសរថយន្តឱ្យបានត្រឹមត្រូវ និងទៀងទាត់ ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ ជាពិសេសក្នុងពេលបញ្ជូនអ្នកជំងឺ។

ជាងពិសេសរូបសញ្ញាលើរថយន្តគិលានុសង្រ្គោះ ត្រូវតែច្បាស់ល្អ និងងាយសម្គាល់បានដោយសាធារណជន។ បន្ថែមពីលើនេះ ឯកឧត្ដមសាស្រ្តាចារ្យ ក៏បានណែនាំដល់មន្រ្តីសុខាភិបាលប្រចាំការ សូមរៀបចំឱសថសារវន្តសម្រាប់ការប្រើប្រាស់ឱ្យបានលើសពីចំនួនដែលគ្រោងទុក និងរក្សាបានល្អ ទោះបីមិនប្រើប្រាស់អស់ក្នុងបេសកកម្មមួយ ពេលត្រឡប់ទៅវិញ ក៏នៅតែជាឱសថមានគុណភាពត្រៀមយកប្រើបានគ្រប់ពេលវេលា។

ការថ្លែងយ៉ាងដូច្នេះក្នុងឳកាសឯកឧត្ដមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអញ្ជើញចូលរួម «ពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលរៀបចំឡើងនៅ ពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។

ក្នុងឱកាសចូលរួមក្នុងពិធីបើកនេះដែរ ឯកឧត្ដមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានឆ្លៀតសួរសុខទុក្ខមន្រ្តីសុខាភិបាលបម្រើសេវាផ្នែកគិលានុសង្រ្គោះបឋម ដែលកំពុងប្រចាំការថែទាំសុខភាពជូនថ្នាក់ដឹកនាំ កីឡាករ កីឡាការី និងអ្នកចូលរួមទស្សនា នៅក្នុងពិធី។

ក្នុងនោះដែរ ឯកឧត្ដមសាស្រ្តាចារ្យ បានពិនិត្យរួមទាំងផ្នែកបច្ចេកទេស អំពីសេវាសង្រ្គោះបឋម រួមមាន សម្ភារៈ បរិក្ខារវេជ្ជសាស្រ្ត ឱសថសារវន្ត និងបច្ចេកទេសរថយន្តគិលានសង្រ្គោះ ដោយត្រូវធានាបាន នូវសុវត្ថិភាព ប្រសិទ្ធិភាព និងគុណភាព ចំពោះមុខការត្រៀម សេវាសង្គ្រោះ និងបញ្ជូនបានទាន់ពេលវេលា។

ទន្ទឹមនឹងនោះដែរ ឯកឧត្ដមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីសុខាភិបាលដែលកំពុងប្រចាំការ ដោយត្រូវមានភាពភាពស្វាហាប់ និងវាងវៃជាប់ជាប្រចាំ ជាមួយទឹកចិត្តប្រកបដោយក្តីមេត្តាធម៌ ខិតខំក្នុងបំពេញភារកិច្ចរបស់ខ្លួនឱ្យបានប្រសើរបំផុត ដែលនេះជាបេសកម្មដ៏ក្នុងគុណតម្លៃខ្ពស់សម្រាប់ប្រទេសជាតិ៕

អត្ថបទដែលជាប់ទាក់ទង