ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមកគឹម ប៊ុនថាន៖ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នឹងយកទៅសាងសង់ផ្លូវក្រវាត់ព្រំដែនប្រវែង ២៥០គីឡូម៉ែត្រ ក្នុងខេត្តមណ្ឌលគិរី និងរតនគិរី

47

ភ្នំពេញ៖ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយ ផ្តោតលើផ្លូវក្រវាត់ព្រំដែន ជិត ២៧លានដុល្លារ បានពីការចូលរួមដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់ ស្រទាប់ វណ្ណៈ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់សាងសង់ផ្លូវក្រវាត់ព្រំដែនប្រវែងសរុបប្រមាណ ២៥០ គីឡូ ម៉ែត្រក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងរតនគិរី។

ការទទួលថវិកានៃមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើផ្លូវក្រវាត់ព្រំដែន ត្រូវបានបិទបញ្ចប់ហើយកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ។ រយៈពេលប្រមាណ ៦៦ថ្ងៃ មូលនិធិនេះទទួលបានការចូលរួមយ៉ាងផុលផុសពីប្រជាពលរដ្ឋសរុបជាង ៧២ម៉ឺន អង្គ/នាក់ និងទទួលបានថវិកាសរុបជិត ២៧លានដុល្លារអាមេរិក។

នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋា រចនាសម្ព័ន្ធ តាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីកម្ពុជា ទើបតែបង្កើតឡើងនោះ បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បី បង្ហាញ ពីការចាត់ចែងថវិកាទាំងអស់នេះ។

ឯកឧត្ដមគឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូល និធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានអះអាង ក្នុង សន្និសីទសារព័ត៌មានថា ថវិកាបានពីមូលនិធិ គឺប្រើប្រាស់សម្រាប់ តែ ការសាងសង់ផ្លូវប្រវែង ២៥០គីឡូម៉ែត្រនេះ ដោយមិនមានប្រើប្រាស់សម្រាប់ធ្វើអ្វីផ្សេងនោះឡើយ។ ឆ្លើយតបសំណួររបស់ អ្នក សារព័ត៌មានក្នុងសន្និសីទនេះ ឯកឧត្ដមគឹម ប៊ុនថាន បានបញ្ជាក់ផងដែរថា ផ្លូវនេះនឹងមានការ ប្រសិទ្ធនាម ប៉ុន្តែការប្រសិទ្ធនាមបែបណានោះ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីកម្ពុជា នឹងប្រកាសនាពេលក្រោយ។

ក្នុងនាមជាអ្នកទទួលប្រតិបត្តិ និងទទួលបានការទុកចិត្តពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកិច្ច ការសាងសង់ផ្លូវក្រវាត់ព្រំដែនក្រោមថវិកាចូលរួមពីប្រជាពលរដ្ឋឯកឧត្ដមគឹម ប៊ុនថាន និងនាយ ឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានបង្ហាញការតាំងចិត្តអនុវត្តន៍កិច្ចការនេះប្រកបដោយការទទួលខុស ត្រូវខ្ពស់ ធានាឱ្យបាននូវតម្លាភាព គណនេយ្យភាព និងសន្សំសំចៃខ្ពស់ តាមគោលការណ៍ របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត។

ឯកឧត្ដម គឹម ប៊ុនថាន បានបង្ហាញការតាំងចិត្តបែបនេះ «យើងខ្ញុំទាំងអស់គ្នាក្នុងនាមក្រុមការ ងារ ចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាង ផ្លូវ ក្រវាត់ ព្រំដែននឹងខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចនេះឱ្យបានខ្ជាប់ខ្ជួន ដើម្បីគ្រប់គ្រង និងចាត់ចែងកញ្ចប់ថវិកាមូលនិធិទទួលបានពីការបរិច្ចាគរបស់ប្រជាពលរដ្ឋទៅកសាងផ្លូវក្រវាត់ព្រំដែនឱ្យត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស គម្រោងផែនការ និងប្រកបដោយការទទួលខុសត្រូវ ខ្ពស់ មានតម្លាភាព និងគណនេយ្យភាពព្រមទាំងប្រកបដោយការសន្សំសំចៃ»

ក្នុងឱកាសនោះដែរឯកឧត្ដមនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម និងជាអនុប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋា រចនា សម្ព័ន្ធ តាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានបញ្ជាក់ឱ្យដឹងថា ថវិកាមូលនិធិ នេះ នឹងប្រើប្រាស់សម្រាប់ការកសាងផ្លូវក្រវាត់ព្រំដែនប្រវែងសរុបប្រមាណ ២៥០គីឡូម៉ែត្រ ស្មើ នឹង ១៨.៤ភាគរយនៃផ្លូវខ្សែក្រវាត់ព្រំដែនដែលនៅសល់ប្រមាណ ៥១.៩០ភាគរយ។ ក្នុងនោះ នៅ ខេត្តមណ្ឌលគិរី មានប្រវែងសរុប ១៤៧,៥២គីឡូម៉ែត្រ និងខេត្តរតនគិរី ប្រវែងសរុប ១០២,៤៨គីឡូ ម៉ែត្រ។

ក្នុងភូមិសាស្ត្រដែលត្រូវសាង់សង់ផ្លូវក្រវាត់ព្រំដែននេះ ជាតំបន់ដែលបន្សល់មីន និងយុទ្ធ ភណ្ឌ មិន ទាន់ផ្ទុះពីសម័យសង្គ្រាមរាយប៉ាយលើផ្ទៃដីជាច្រើនផងដែរ។ លើតម្រាយផ្លូវប្រមាណ ២៥០គីឡូ ម៉ែត្រ ក៏នឹងត្រូវបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដីទំហំប្រមាណជាង ៦លានម៉ែត្រ ក្រឡាផងដែរ។

បើតាមឯកឧត្ដមនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម លើតម្រាយផ្លូវប្រវែង ២៥០គីឡូម៉ែត្រនេះ នឹងសាង សង់ សិល្បការ្យ ដូចជាស្ពាន និងប្រព័ន្ធលូជាដើមនោះ សរុប ៥៦៦កន្លែង។

តាមរយៈសន្និសីទសារព័ត៌មាននេះ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម ក៏បានគូសរំលេចពីស្ថានភាព លំបាកជាច្រើនក្នុងការសាងសង់ផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងរតនគិរីនេះ ទាមទារឱ្យមានការតាំងចិត្តខ្ពស់។ ខេត្តទាំងពីរជាតំបន់ខ្ពង់រាប មានព្រៃក្រាស់ ជួរភ្នំខ្ពស់ៗ សុទ្ធសឹង ជាថ្ម មានអូរ ជ្រោះ ជ្រលងជ្រៅយ៉ាងច្រើន។ ក្រៅពីបញ្ហាទាំងនេះ ស្ថានភាពមីន និងគ្រាប់ យុទ្ធ ភណ្ឌមិនទាន់ផ្ទុះ ក៏ដូចជាស្ថានភាពអាកាសធាតុ ការយាយីនៃជំងឺជាដើម សុទ្ធសឹងជាការនូវ ឧប សគ្គសម្រាប់ដំណើរការសាងសង់ផ្លូវក្រវាត់ព្រំដែននេះ។

ឯកឧត្ដមនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានអះអាងផងដែរថា ការសាងសង់ផ្លូវក្រវាត់ព្រំដែន ប្រវែង ២៥០ គីឡូម៉ែត្រនេះ បានចាប់ផ្តើមការដ្ឋានជាផ្លូវការហើយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ហើយ គ្រោង បញ្ចប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៧ ដោយប្រើពេលវេលា៣០ខែ។

គួរបញ្ជាក់ថា ការកសាងផ្លូវក្រវាត់ព្រំដែន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ ហើយ បានអនុវត្តន៍ ចាប់ ពី ឆ្នាំ១៩៩៤មកម្ល៉េះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ គិតចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៣ ការសាងសង់ផ្លូវខ្សែក្រវាត់ព្រំដែនសម្រេចបានប្រវែង ២,៦១៥គីឡូម៉ែត្រ ស្មើនឹង ៤៨.១០ភាគរយ និងបោសសំអាតមីន -យុទ្ធភណ្ឌមិនទាន់ ផ្ទុះជិត ៣ម៉ឺនហិកតា។ ផ្លូវក្រវាត់ព្រំដែនដែលមិនទាន់បានសាងសង់នៅសល់ប្រមាណជា ៥១.៩០ភាគរយ៕

អត្ថបទដែលជាប់ទាក់ទង