ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមកើត ឆែ៖ស្នើឱ្យមន្ត្រីនិងអាជ្ញាធរខណ្ឌ សង្កាត់ ចលនាបន្ថែមដល់អង្គការសង្គមស៊ីវិល-ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជន លើការសុំការគាំទ្រផ្នែកហិរញ្ញវត្ថុ ក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល

39

ភ្នំពេញ៖ឯកឧត្ដមកើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើឱ្យមន្ត្រីនិងអាជ្ញាធរខណ្ឌ សង្កាត់ ចលនាបន្ថែមទៀត ដល់អង្គការសង្គមស៊ីវិល-ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជន លើការ
សុំការគាំទ្រផ្នែកហិរញ្ញវត្ថុ ក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល ខណៈដែលការចលនាឱ្យមានការចូលរួមគាំទ្រខាងលើនេះមានការថយចុះ មិនគ្រប់គ្រាន់នូវឡើយ។
ការស្នើនេះរបស់ឯកឧត្ដមកើត ឆែ បានធ្វើឡើងកាលពីរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ខណៈដែលឯកឧត្ដមអញ្ជើញជា
តំណាង ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងអង្គសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) របស់រដ្ឋបាលខណ្ឌសែនសុខនៅសាលាខណ្ឌសែន សុខ។
ឯកឧត្ដមកើត ឆែ បានមានប្រសាសន៍ថា៖ ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលនេះ បានឆ្លុះបញ្ចាំងអំពីគម្រោង ឬសេវាជជាអាទិភាព តាម បណ្តាឆ្នាំនីមួយៗ ដោយភ្ជាប់មកជាមួយនូវចំណាយ ព្រមទាំងអាចធ្វើបច្ចុប្បន្នភាពកម្មវិធីនេះ ជារៀងរាល់ឆ្នាំដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន។ សម្រាប់ការរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) របស់រដ្ឋបាលខណ្ឌសែនសុខ និងរដ្ឋបាលសង្កាត់ចំណុះ នារសៀលនេះ មានគោលបំណងចម្បងចំនួន០៣ នោះគឺ ១. ផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៥ របស់រដ្ឋបាលខណ្ឌសែនសុខ សរុបចំនួន៧៣គម្រោង។ ២ ផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៥ របស់រដ្ឋបាលសង្កាត់ទាំង០៦ សរុបចំនួន២៥៩ គម្រោងនិង៣. ស្នើសុំការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីមន្ទីរ-អង្គភាពជំនាញ, អង្គការសង្គមស៊ីវិល-ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជនលើការអនុវត្តគម្រោងវិនិយោគ។
ឯកឧត្ដមបន្តថា៖ ការអនុវត្តគម្រោងនៅមូលដ្ឋានពិតជាត្រូវការការចូលរួមដោយខ្វះមិនបានពីតួអង្គសង្គមពាក់ព័ន្ធនានា ដែលរួមមាន មន្ទីរជំនាញ, សមាគម-អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍ វិស័យឯកជន ក៏ដូចជាសប្បុរសជនផងដែរ។
ឯកឧត្ដម បន្តទៀតថា៖ ការចូលរួមអភិវឌ្ឍនៅមូលដ្ឋាន គឺជាកិច្ចការរបស់យើងទាំងអស់គ្នា និងសបញ្ជាក់ឱ្យឃើញអំពីការអនុវត្ត «ភាពជាដៃគូ» រវាងរដ្ឋបាលខណ្ឌ- រដ្ឋបាលសង្កាត់ និងតួអង្គសង្គមទាំងអស់ខាងលើ ដើម្បីរួមគ្នាអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែល្អប្រសើរ សំដៅលើក កម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងធានានូវគុណភាពនៃការរស់នៅ ប្រកបដោយសុខដុមនីយកម្ម។
ឯកឧត្ដម កើត ឆែបានបញ្ជាក់ថា៖ គម្រោងរបស់សង្កាត់ និងខណ្ឌ ដែលត្រូវសុំការគាំទ្រពីតំណាងមន្ទីរ-អង្គភាពជំនាញ អង្គការ សង្គមស៊ីវិល វិស័យឯកជន ដៃគូអភិវឌ្ឍន៍នានា និងសប្បុរសជន បានជាច្រើនវិស័យ ដែលមានដូចជាវិស័យសេដ្ឋកិច្ច, វិស័យសង្គមកិច្ច, វិស័យគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន និងវិស័យ សេវាកម្ម រដ្ឋបាល និងសន្តិសុខ ជាដើម។
ក្នុងឱកាសនោះដែរ ឯកឧត្ដមកើត ឆែ ក៏បានថ្លែងអំណរគុណចំពោះ មន្ត្រីនិងកងកម្លាំងគ្រប់ប្រភេទ ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត និងស្មារតី ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីការពារ ថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ជាពិសេសការពង្រឹងប្រសិទ្ធភាព និង គុណភាព នៃការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង