ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ដូណាល់ ត្រាំ ប្រកាសថា លោកនឹងមិនចាប់ផ្តើមសង្រ្គាមឡើយ ប៉ុន្តែនឹងបិទបញ្ចប់សង្រ្គាម

19


វ៉ាស៉ីនតោន៖អំឡុងសុន្ទរកថាប្រកាសជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក បេក្ខជនបក្សសាធាណរដ្ឋគឺលោក ដូណាល់ ត្រាំ បានអះអាងថា រូបលោកនឹងមិនចាប់ផ្តើមសង្រ្គាមឡើយ ប៉ុន្តែផ្ទុយទៅវិញ រូបលោកនឹងបិទបញ្ចប់សង្រ្គាមនានា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Fox News នាថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក ដូណាល់ ត្រាំ បានលើកឡើងថា អំឡុងអាណត្តិកាន់អំណាចរយៈពេល៤ឆ្នាំដំបូង របស់លោក គឺមិនមានសង្រ្គាមអ្វីឡើយ ហើយមិនតែប៉ុណ្ណោះ ក្រុមភេរវករអន្តរជាតិ ISIS ថែមទាំងត្រូវបានកម្ទាត់ចោលទៀតផង។ លោក ត្រាំ បានបន្តថា មនុស្សមួយចំនួន បានចោទប្រកាន់ថា ប្រសិនបើជាប់ឆ្នោតជាថ្មី លោកនឹងបង្កឱ្យមានសង្រ្គាម ប៉ុន្តែផ្ទុយទៅវិញ រូបលោកនឹងបិទបញ្ចប់សង្រ្គាមនានា។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ធ្លាប់ធ្វើជាប្រធានាធិបតីអាមេរិកបានមួយអាណត្តិ កាលពីចន្លោះឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។ សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤នេះ លោកត្រូវបានប្រព័ន្ធផ្សព្វផ្សាយអាមេរិក Fox News ប្រកាសថា ជាអ្នកទទួលជ័យជម្នះ ដោយផ្តួលគូប្រជែងរបស់លោកគឺ អនុប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោកស្រី កាម៉ាឡា ហារីស។ ការបោះឆ្នោតនៅអាមេរិកធ្វើឡើង ក្នុងបរិបទដែលពិភពលោក កំពុងប្រឈមនឹងសង្រ្គាមធំៗពីរ នោះគឺសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហាម៉ាសប៉ាឡេស្ទីន និងក្រុមហេសបូឡាលីបង់ នៅឯតំបន់មជ្ឈិមបូព៌ា ព្រមទាំងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន។ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានចូលរួមជាមួយបណ្តាមេដឹកនាំពិភពលោកជាច្រើនផ្សេងទៀត ក្នុងការអបអរសាទរជ័យជម្នះ របស់លោក ត្រាំ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង