ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនថាគោរពតាមជម្រើសរបស់ប្រជាជនអាមេរិក និងអបអរសាទរលោក ដូណាល់ ត្រាំ

64


ហុងកុង៖ចិនបានបង្ហាញការគោរពចំពោះលទ្ធផលបោះឆ្នោតរបស់សហរដ្ឋអាមេរិក និងបានអបអរសាទរលោក ដូណាល់ ត្រាំ ដែលបានទទួលជ័យជម្នះ នៅក្នុង ការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី៥ ខែវិច្ឆិកា ខណៈកាសែតរដ្ឋចិនមួយបានអំពាវនាវឱ្យមានវិធីសាស្ត្រប្រាកដនិយម ដើម្បីដោះស្រាយការខ្វែងគំនិតគ្នារវាងចិន និងសហរដ្ឋអាមេរិកឱ្យមានប្រសិទ្ធភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ ដែលបានសន្យាថានឹងអនុវត្តការហូតពន្ធឱ្យបានម៉ឺងម៉ាត់ បានយកឈ្នះលោកស្រី កាម៉ាឡា ហារីស មកពីបក្សប្រជាធិបតេយ្យ ដោយទទួលបានអង្គបោះឆ្នោត២៩២ លើសពីចំនួន២៧០ ដែល លោក ត្រាំ ត្រូវការជាចាំបាច់ ដើម្បីជាប់ឆ្នោតជាប្រធានាធិបតី។ រីឯលោកស្រីវិញ ទទួលបានអង្គបោះឆ្នោត ២២៦។ នេះតាមលទ្ធផលបោះឆ្នោតចេញផ្សាយដោយសារព័ត៌មាន CNN គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃពុធ អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសចិន បានលើកឡើងថា «យើងគោរពការជ្រើសរើសរបស់ប្រជាជនអាមេរិក ហើយអបអរ សាទរដល់លោក ដូណាល់ ត្រាំ ដែលបានជាប់ឆ្នោតជាប្រធានាធិបតី»។ ព្រមពេលជាមួយគ្នា កាសែតរដ្ឋចិន China Daily បាននិយាយថាអាណត្តិទី២ជាប្រធានាធិបតីរបស់ លោក ត្រាំ អាចនឹងក្លាយជាការចាប់ផ្ដើមថ្មីមួយនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ប្រសិនបើឱកាសនៅចំពោះមុខមិនត្រូវបានខ្ជះខ្ជាយឥតប្រយោជន៍។ ពោលគឺ រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក អាចពង្រឹងកិច្ចសន្ទនា និងការទំនាក់ទំនងជាមួយចិន ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា រាប់ចាប់ពីបញ្ហាតៃវ៉ាន់ ពាណិជ្ជកម្ម រហូតដល់សមុទ្រចិនខាងត្បូង។
គួរបញ្ជាក់ថា បើតាម China Daily គោលនយោបាយរបស់សហរដ្ឋអាមេរិកសព្វថ្ងៃ និងការយល់ខុសចំពោះចិន បានបង្កជាបញ្ហាប្រឈមដ៏សំខាន់ដល់ទំនាក់ទំនងរវាង ប្រទេសទាំង២៕

អត្ថបទដែលជាប់ទាក់ទង