ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ សុំអាជ្ញាធររាជធានីនិងមន្ទីរពាក់ព័ន្ធជួយស្ដារប្រឡាយលូ ជួយដាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ,ជួយទប់ស្ដាត់សម្លេងរំខានពីសិប្បកម្មសម្លៀងថ្ម

19


ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ បានលើកឡើងជាសំណើរ និងសំណូមពរ ជាច្រើនឲ្យអាជ្ញាធររាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធជួយ ស្ដារប្រឡាយលូ ជួយដាក់បង្គោលភ្លើង បំភ្លឺផ្លូវសាធារណៈជួយទប់ស្ដាត់សម្លេងរំខាន ពីសិប្បកម្មសម្លៀងថ្ម និងការបង់ពន្ធលើអចលនៈទ្រព្យ មានការពិបាកជាដើម។
ការលើកឡើងជាសំណើរនិងសំណូមពរបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់រាជធានី ក្រោមវត្តមានឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា និងឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានី តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅវត្ដវាលស្បូវ ខណ្ឌច្បារអំពៅ ។
ពាក់ព័ន្ធនឹងសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាទាំងនេះត្រូវបាន លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានលើកឡើងថា ការស្ដារប្រឡាយ លូ ដាក់បង្គោលភ្លើង គឺយើងកំពុងពិចារណា និងស្នើទៅថ្នាក់លើហើយ ។ ចំពោះបញ្ហាទឹកលិចភូមិមួយចំនួន នៅខណ្ឌច្បារអំពៅអាជ្ញាធរ ខណ្ឌកំពុងលើកគម្រោង ទៅរដ្ឋបាលរាជធានីភ្នំពេញ ទៅថ្នាក់ជាតិ ដើម្បីធ្វើការស្ដារ និងសាងសង់ធារាសាស្ដ្រ ដាក់ម៉ាស៊ីនបូម ឬក៏ត្រូវសាងសង់ស្ថានីយ៏បូមតែម្ដង ។
លោកអភិបាលខណ្ឌបានបន្ដថា ក្រៅពីសំណើរលើសពីសមត្ថភាព របស់ថ្នាក់ខណ្ឌ អាជ្ញាធរ និងពិនិត្យលទ្ធភាព ដើម្បីធ្វើលើកគម្រោងទៅថ្នាក់ជាតិ តាមក្រោយ ។
ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនៅព្រឹកនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធបញ្ហា៦ ចំណុច ដែលទាក់ទងនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បណ្ហាទឹកលិចភូមិឋានប្រជាពលរដ្ឋ បញ្ហាដាក់ដំឡើងបង្គោលភ្លើង និងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន បញ្ហាគ្រឿងញៀន ទឹក ភ្លើង និងបញ្ហាអភិវឌ្ឍមូលដ្ឋាន។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញការចូលរួមមតិយោបល់ និងលើក ឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុ ពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនាពេលកន្លងមក ដើម្បីរដ្ឋបាលរាជធានី កែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងមាន ប្រសិទ្ធភាពក្នុងនាមជាតំណាងរដ្ឋបាល សាធារណៈ។
ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា វេទិកានេះ មានប្រជាពលរដ្ឋលើកឡើងជាសំណើរ និងសំណូមពរដោយផ្ទាល់មាត់ និងសំណើរជាលាយលក្ខណ៍អក្សរ មានចំនួន៤៥ច្បាប់ ហើយរាល់សំណើ និងសំណូម ដោយផ្ទាល់មាត់នេះ ត្រូវបានស្រាយបំភ្លឺរួចរាល់ និងបន្តតាមដានពីវឌ្ឍនៈភាពបន្តទៀត។ ចំពោះសំណើជាលាយលក្ខណ៍អក្សរ ដែលមិនអាចឆ្លើយនៅពេលនេះបាន ទោះយ៉ាងណាយើងនឹងយកសំណើរនេះទៅរកដំណោះ ហើយចេញជាចម្លើយនៅពេលក្រោយ ហើយក្រុមការងារនឹងប្រជុំពិភាក្សាពិនិត្យលទ្ធភាព ដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍ ៣ឆ្នាំរំកិល។
ឯកឧត្ដមបន្តថាតាមរយៈការផ្សព្វផ្សាយរបស់រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញនូវសមិទ្ធផលជាច្រើន ដែលគណៈអភិបាលរាជធានីភ្នំពេញ សម្រេចបាន។ ការចូលរួមផ្តល់មតិយោបល់ និងការលើកឡើងនូវសំណើរសំណួររបស់បងប្អូនប្រជាពលរដ្ឋនាថ្ងៃនេះ បាននាំមកនូវសក្តានុពលដ៏ធំធេងនឹងធ្វើរដ្ឋបាលរាជធានីភ្នំពេញ អាចឆ្លុះបញ្ចាំងបានចំណុចខ្វះខាតចំណុខអវិជ្ជមានដែលបានអនុវត្តកន្លងមក អាចឲ្យរដ្ឋបាលរាជធានីភ្នំពេញ យកទៅអនុវត្តនិងធ្វើការកែលម្អឡើងវិញ ឲ្យបានសមស្របតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ ៕

អត្ថបទដែលជាប់ទាក់ទង