ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋកម្ពុជា ធ្លាប់មានប្រវត្តិឈឺចាប់ ដោយសារបរទេសដាក់មូលដ្ឋានទ័ព ពីអតីតកាល រហូតបង្កជាសង្រ្គាម វិនាសកម្មច្រើនទសវត្សរ៍

133

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ” ប្រជាពលរដ្ឋយើងធ្លាប់មានប្រវត្តិឈឺចាប់ ដោយសារបរទេសដាក់មូលដ្ឋានទ័ពពីអតីតកាល រហូតបង្កជាសង្រ្គាមវិនាសកម្មច្រើនទសវត្សរ៍។ ទម្រាំមានសន្តិភាពដូចសព្វថ្ងៃនេះ គឺយើងបានឆ្លងកាត់ឧបសគ្គធំៗជាច្រើន ដូច្នេះកម្ពុជាដែលកំពុងរស់នៅក្នុងសន្តិភាព គ្មានភាពចាំបាច់ត្រូវមានមូលដ្ឋានទ័ពបរទេសនោះទេ។ កម្ពុជាមានកម្លាំងគ្រប់គ្រាន់ក្នុងការការពារជាតិ បូរណភាពទឹកដី និងថែរក្សាសុខសន្តិភាពជូន ប្រជាពលរដ្ឋយើង ” ។

លោកបានលើកឡើងថា នេះគឺជាចំណាប់អារម្មណ៍របស់ខ្ញុំ នៅក្នុងវេទិកាតុមូលក្រោមប្រធានបទ «តើកម្ពុជាត្រូវការវត្ដមានកងទ័ពបរទេសដែរ ឬទេ?» ដែលរៀបចំដោយ រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ វេទិកានេះមានវាគ្មិនមួយចំនួនដូចជា រូបខ្ញុំ នាយឧត្តមសេនីយ៍​ ឈុំ សុជាត, ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តម ជិន ម៉ាលីន អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌, លោកបណ្ឌិត ឌៀប សុផល អ្នកស្រាវជ្រាវប្រវិត្ដសាស្ដ្រ និងទំនាក់ទំនងអន្ដរជាតិ និង លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាផងដែរ

នាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ​ នៅកម្ពុជា គឺអ្នកដឹកនាំជំនាន់មុនបានយកកងទ័ពបរទេស មកដាក់ក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការឈឺចាប់ និងរងទុក្ខវេទនា​យ៉ាងខ្លាំង ដោយសារសង្គ្រាមវិនាសកម្មជាបន្តបន្ទាប់ដែលអស់អន្លាយអស់ជាច្រើនទសវត្សរ៍។ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន រំដោះប្រទេសកម្ពុជាពីឆ្នាំ១៩៧៩មក សម្តេចបានកសាងសន្តិភាព និងដោះស្រាយបញ្ហាដោយសន្តិវិធី ហេតុនេះកម្ពុជា មិនចាំបាច់មានកងទ័ពបរទេស មកដាក់ក្នុងប្រទេសខ្លួននោះឡើយ ហើយកម្ពុជាត្រូវការតែអ្នកវិនិយោគទុនបរទេសតែប៉ុណ្ណោះ។

ក្នុងវេទិកានោះ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី លោក ផៃ ស៊ីផាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋ និងមហាជនទូទៅនៅក្នុងប្រទេសកម្ពុជា គឺជាការឈឺចាប់យ៉ាងខ្លាំងរបស់ក្រុមដែលលក់ខ្លួនបម្រើឲ្យនយោបាយបរទេស ឬក្រុមបរទេសដែលមានបំណងចង់បំផ្លាញ និងចង់ធ្វើបាបកម្ពុជា។

អ្នកនាំពាក្យ ផៃ ស៊ីផាន បានថ្លែងយ៉ាងដូច្នេះថា «ទើបកន្លងទៅបានមួយថ្ងៃទេ បុណ្យដ៏អធិកអធមរបស់យើង​បុណ្យអុំទូក សមត្ថកិច្ច ក៏បានបង្ហាញស្នាដៃរបស់លោក ដែលរក្សាបាន សណ្ដាប់ធ្នាប់ ហើយនឹងសន្ដិភាព​ នេះជាមោទនភាពរបស់យើង ដែលឆ្លើយតបចំពោះក្រុមលក់ខ្លួនឲ្យបរទេស តែងតែមើលកម្ពុជានឹងវាអាក្រក់បំផុត ប៉ុន្ដែយើងរីករាយ សេចក្ដីរីករាយ របស់មហាជនជាការឈឺចាប់របស់ពួកខាងក្រៅ ជាការឈឺចាប់របស់បរទេសដែលចង់ធ្វើបាបកម្ពុជា»។

រីឯលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា អាមេរិកគឺជាប្រទេសមហាអំណាច ដែលដាក់មូលដ្ឋានទ័ពនៅក្រៅប្រទេសច្រើននៅលើពិភពលោក រហូតដល់ជាង៨០០កន្លែង​ ហើយតាមរយៈបទពិសោធន៍ហើយ ទើបបានធ្វើឱ្យអាមេរិកមានការសង្ស័យថា ចិនបោះមូលដ្ឋានទ័ព នៅក្នុងប្រទេសកម្ពុជា ក្រោយពីឃើញអ្នកវិនិយោគចិនមកកម្ពុជាកាន់តែច្រើន។

លោកបណ្ឌិត សុខ ទូច បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រឿងនេះអត់ចម្លែកទេ! អ្នកដែលសង្ស័យគេ បានដើររួចទៅហើយ។ អាមេរិកសង្ស័យថាចិនមានកងទ័ពនៅកម្ពុជាមិនខុសទេ ព្រោះថាអាមេរិកវាធ្លាប់ធ្វើ វាធ្លាប់ដើរ»។ លោកបានបន្តថា «ខ្លួនធ្លាប់ធ្វើអាហ្នឹង ដល់ពេលឃើញចិនមកវិនិយោគកម្រិតខ្ពស់​ ក៏គិតថា អូ ! ប្រហែលជាចិនមកដាក់ហើយ ឥឡូវដាក់ ឬមិនដាក់ យើងចាំមើលតទៅទៀត យើងចាំមើលទាំងអស់គ្នា»។

ការលើកឡើងរបស់ លោកបណ្ឌិត សុខ ទូច បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបង្ហាញឡើងអំពីការសង្ស័យរបស់ខ្លួនថា អាចមានមូលដ្ឋានទ័ពចិននៅក្នុងប្រទេសកម្ពុជា។ សារព័ត៌មាន​​ Asia Times មានមូលដ្ឋាននៅបាងកក ​ដែលគេសង្ស័យថា បង្កើតឡើងដើម្បីបម្រើនយោបាយរបស់ក្រុមបរទេសមួយចំនួន ក៏បានយកប្រភពមិនច្បាស់លាស់ផ្សព្វផ្សាយចោទប្រកាន់មកលើកម្ពុជាថា នឹងអនុញ្ញាតឱ្យចិន បោះមូលដ្ឋានយោធានៅខេត្តកោះកុង ហើយក៏ផ្សាយដែរថា កម្ពុជាកំពុងស្ថិតនៅចំណុចកណ្តាល នៃសង្រ្គាមត្រជាក់រវាងអាមេរិក និងចិនជាដើម។

សេចក្តីរាយការណ៍ថ្មីៗនេះ បានឱ្យដឹងថា ពេលនេះសហរដ្ឋអាមេរិក ដែលជា​មហាអំណាច​យោធា​លំដាប់​ទី​១ ជាមួយ​កញ្ចប់​ថវិកា​ប្រចាំឆ្នាំ​ជាង​៧០០​ពាន់​លាន​ដុល្លារសម្រាប់វិស័យយោធា កំពុងពង្រីកមូលដ្ឋានយោធារបស់ខ្លួនខ្លាំងជាងគេ។ សារព័ត៌មាននៅលើពិភពលោករាយការណ៍ថា ពេលនេះ អាមេរិកមាន​មូលដ្ឋានទ័ព​ជាង​៨០០​ទីតាំង នៅក្នុង​ប្រទេស​ជាង​៧០នៅលើពិភពលោក ក្នុងនោះមានទាំងអាស៊ីផងដែរ ព្រមទាំងមានដែនដី​អធិបតេយ្យ​បរទេស​ផ្សេងៗ​ថែមទៀត។

ចំណែកលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា សារព័ត៌មានបរទេស ដែលគ្មានមូលដ្ឋាននៅកម្ពុជា ពោលមានទីតាំង​នៅបរទេស ហើយមានចេតនាទុច្ចរិតផ្សាយព័ត៌មានបំផ្លើស ក្នុងន័យបំផ្លាញ ឬធ្វើឲ្យចលាចលនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់ជាតិ និងច្បាប់អន្ដរជាតិ។

អ្នកនាំពាក្យ ជិន ម៉ាលីន បានថ្លែងយ៉ាងដូច្នេះថា «ពាក់ព័ន្ធជាមួយការទទួលខុសត្រូវរបស់សារព័ត៌មានបរទេស ដែលមិនមានមូលដ្ឋាននៅកម្ពុជា មានមូលដ្ឋាននៅក្រៅប្រទេស ដែលបានចុះផ្សាយបំផ្លៃ ចុះផ្សាយបំផ្លើស​ ចុះផ្សាយដោយភាន់ច្រឡំ​ ឬក៏ដោយចេតនាទុច្ចរិក ក្នុងការបំផ្លាញ ឬក៏ចេតនាធ្វើឲ្យចលាចល នៅក្នុងប្រទេសមួយ ក៏ដូចជានៅក្នុងតំបន់ ហើយសារព័ត៌មានបែបនេះ ជាគោលការណ៍ច្បាប់ជាតិ ក៏ដូចជាច្បាប់អន្ដរជាតិត្រូវមានការទទួលខុសត្រូវ»។

លោក ជិន ម៉ាលីន បានបញ្ជាក់ថា ការទទួលខុសត្រូវរបស់សារព័ត៌មានបរទេសនោះ មានពីរចំណុច ដោយទី១៖ ការទទួលខុសត្រូវ​តាមបែបវិជ្ជាជីវៈអ្នកសារព័ត៌មាន និងទី២៖ ការទទួលខុសត្រូវតាមផ្លូវច្បាប់។ សារព័ត៌មានបរទេសដែលផ្សាយបំផ្លើសនេះ ដាច់ខាតត្រូវតែទទួលខុសត្រូវ ប៉ុន្ដែបើចោទសួរថា រាជរដ្ឋាភិបាលចាំបាច់ទាមទារ ឲ្យមានការទទួលខុសត្រូវដែរឬទេ នេះជាសិទ្ធិរបស់រដ្ឋាភិបាល ជាអ្នកសម្រេច។ ប៉ុន្ដែប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាចង់ឲ្យសារព័ត៌មានបរទេស ដែលគេសង្ស័យថា បង្កើតឡើងដើម្បីបម្រើនយោបាយ របស់ក្រុមបរទេសមួយចំនួននោះ ទទួលខុសត្រូ​វ គឺពិតជាមានយន្ដការ និងវិធានការណ៍គ្រប់គ្រាន់ ដែលអនុញ្ញាតដោយច្បាប់ជាតិ ក៏ដូចជាច្បាប់អន្ដរជាតិ។

លោក ជិន ម៉ាលីន ក៏បានបង្ហាញអំពីទិដ្ឋាភាពច្បាប់បន្ថែមថា ការទាមទារឲ្យមានការទទួលខុសត្រូវ តាមបែបវិជ្ជាជីវៈអ្នក​សារព័ត៌មាននោះ គឺ​អ្នកដែលរងផលប៉ះពាល់ ពីការចុះផ្សាយ អាចទាមទារឲ្យមានការសុំទោស ជាសាធារណៈ ហើយធ្វើការកែតម្រូវ ប៉ុន្ដែប្រសិនបើមិនមាន ការកែប្រែទេ អាចអនុវត្តតាមច្បាប់អន្ដរជាតិ ពោលតាមមធ្យោបាយរដ្ឋបាល និង​កាទូត ដោយសុំឲ្យរដ្ឋាភិបាល នៃប្រទេសដែលសារព័ត៌មាននោះ តាំងទី មានវិធានការណ៍ច្បាប់ ក្នុងដែនដីរបស់ខ្លួន៕

 

អត្ថបទដែលជាប់ទាក់ទង