ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ដូណាល់ត្រាំ និយាយទូរស័ព្ទជាមួយលោក ពូទីន ខណៈលោក បៃដិន មានផែនការបញ្ចុះបញ្ចូលកុំឱ្យលោក ត្រាំ បោះបង់ចោលអ៊ុយក្រែន

52

វ៉ាស៊ីនតោន៖ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ហើយបានជំរុញឱ្យលោក ពូទីន កុំពង្រីកសង្រ្គាមនៅអ៊ុយក្រែន ខណៈលោកប្រធានាធិបតី ចូ បៃដិន មានផែនការបញ្ចុះបញ្ចូលឱ្យលោក ត្រាំ កុំបោះបង់ចោលទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលបានដឹងពីកិច្ចសន្ទនាខាងលើ បានឱ្យដឹងទៀតថាលោក ត្រាំ បានបើកកិច្ចសន្ទនាជាមួយលោក ពូទីន កាលពីប៉ុន្មានថ្ងៃមុននេះ។ លោក ត្រាំ ក៏បានជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គីផងដែរកាលពីថ្ងៃពុធសប្ដាហ៍មុន។ ខាងក្រសួងការបរទេសអ៊ុយក្រែនបាននិយាយថាខ្លួនមិនបានទទួល ការជូនដំណឹងជាមុនអំពីកិច្ចសន្ទនារវាងលោក ត្រាំ និងលោក ពូទីន នោះទេ ហើយក៏មិនបានបង្ហាញការគាំទ្រ ឬជំទាស់អ្វីនោះដែរ។ ចំណែក នាយកខាងទំនាក់ទំនងរបស់លោក ត្រាំ គឺលោក Steven Cheung បានគូសបញ្ជាក់ថា «យើងមិនធ្វើអត្ថាធិប្បាយលើកិច្ចសន្ទនាឯកជនរវាងលោកប្រធានាធិបតី ត្រាំ ជាមួយមេដឹកនាំពិភលោកដទៃនោះទេ»។
ការលើកឡើងបែបនេះរបស់លោក Steven Cheung ធ្វើឡើងជាការឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹងកិច្ចសន្ទនារវាងលោក ត្រាំ និងលោក ពូទីន ដែលត្រូវបានរាយការណ៍មុនគេដោយកាសែត Washington Post។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីបានយកឈ្នះលោកស្រី កាម៉ាឡា ហារីស ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី៥ ខែវិច្ឆិកា។ លោក បៃដិន បានអញ្ជើញលោក ត្រាំ ជួបគ្នានៅឯការិយាល័យពងក្រពើនៃសេតវិមាន នៅថ្ងៃពុធសប្ដាហ៍នេះ ហើយបើតាមទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan លោកប្រធានាធិបតី បៃដិន នឹងបញ្ចុះបញ្ចូលឱ្យរដ្ឋបាលថ្មីរបស់លោក ត្រាំ កុំបោះបង់ចោលអ៊ុយក្រែន ដ្បិតការបោះបង់ចោលអ៊ុយក្រែន នឹងបង្កអស្ថិរភាពកាន់តែច្រើនក្នុងតំបន់អឺរ៉ុប។
លោក ត្រាំ បានរិះគន់ជារឿយៗចំពោះទំហំជំនួយយោធាដែលរដ្ឋបាលលោក បៃដិន បញ្ជូនទៅឱ្យអ៊ុយក្រែន។ លោកក៏បានសន្យាដែរថានឹងបញ្ចប់សង្រ្គាមអ៊ុយក្រែន ដោយប្រើពេលត្រឹមតែមួយថ្ងៃ ប៉ុណ្ណោះ នៅពេលឡើងកាន់តំណែងជាប្រធានាធិបតី។ ប៉ុន្តែមិនបានបង្ហើបពីផែនការ ឬក៏ថាតើលោកនឹងបញ្ចប់សង្រ្គាមដោយវិធីណានោះទេ៕

អត្ថបទដែលជាប់ទាក់ទង