ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសតែងតាំងមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីចំនួន២០រូបបានប្រគល់ភារកិច្ច ដើម្បីបំពេញការងារក្នុងការអភិវឌ្ឍរាជធានីភ្នំពេញអោយរីកចំរើនបន្ថែមទៀត

81


ភ្នំពេញ៖ មន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញចំនួន២០រូបត្រូវបានប្រកាសតែងតាំង និងប្រគល់ភារកិច្ច ដើម្បីបំពេញការងារក្នុងការអភិវឌ្ឍរាជធានីភ្នំពេញអោយកាន់តែរីកចំរើនបន្ថែមទៀត ក្រោមការដឹកនាំរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
មន្ត្រីរាជការដែលត្រូវតែងតាំងទាំង២០រូបនេះ មានដូចជា លោកស្រី ដោ សម្ផស្ស នាយិកាទីចាត់ការរដ្ឋបាល លោកស្រី មួក យុវល័ក្ខ នាយិកាអង្គភាពច្រកចេញចូលតែមួយ ឱ្យកាន់មុខតំណែងជា នាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញ។ លោក ព្រំ ថា ឱ្យកាន់មុខ តំណែងជា នាយកទីចាត់ការរដ្ឋបាល លោក សេង បញ្ញា ឱ្យកាន់មុខ តំណែងជា នាយកទីចាត់ការផែនការ និងវិនិយោគ លោកស្រី ឈុន បូរ៉ាវី ឱ្យកាន់មុខ តំណែងជា នាយិកាទីចាត់ការគ្រប់គ្រងធនធានមនុស្ស លោក ឡាយ អ៊េវិនឱ្យកាន់មុខ តំណែងជា ប្រធានអង្គភាពច្រកចេញចូលតែមួយ ជាមួយនិងការតែងតាំងជា អនុប្រធានការិយាល័យនិងអនុប្រធានអង្គភាពច្រកមួយចំនួនទៀត។
ការប្រកាសតែងតាំង និងប្រគល់ភារកិច្ចនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ក្រោមវត្តមានឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា និងឯកឧត្ដម កើត ឆែអភិបាលរងរាជធានី តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រៅពីការកោតសរសើរចំពោះ អាជ្ញាធរនិងកងកម្លាំងមានសត្ថកិច្ច ក្នុងការបំពេញការងារលើការអភិវឌ្ឍនិងធ្វើអោយភូមិសង្កាត់មានសុវត្ថិភាពហើយ ក៏បានស្នើអោយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច បន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់អោយបានល្អបន្ថែមទៀត ពិសេស ការថែរក្សាអោយបាននូវសន្តិសុខសុវត្ថិភាពជូនពលរដ្ឋដែលមកលេងកំសាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៤ដល់១៦វិច្ឆិកានេះ។
ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីបានមានប្រសាសន៍លើកឡើងថា៖ ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ពិតជាបានលើកទឹកចិត្តដល់រដ្ឋបាលរាជធានីភ្នំពេញ បន្តការខិតខំបំពេញការងារអោយកាន់តែល្អបន្ថែមទៀត។ ចំពោះការស្នើរបស់ក្រុមប្រឹក្សារាជធានីអោយបន្តថែរក្សាសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋមកលេងកំសាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក គឺរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់អស់ហើយ ជាមួយការប្រើប្រាស់កងកម្លាំងមានសមត្ថកិច្ចជាង១ម៉ឺននាក់ ដើម្បីទប់ស្កាត់បទល្មើសលូច ឆក់ ប្លន់ ទប់ស្កាត់ពួកជ្រុលនិយម បទល្មើសផ្សេងៗទៀត។
ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញក្នុងឱកាសនោះ ក៏បានមានប្រសាសន៍លើកឡើងផងដែរថា៖ ក្នុង១ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញបានបំពេញការងារបានយ៉ាងល្អ ទាំងការរក្សាសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍ។ជាងនេះទៅទៀត រាជធានីភ្នំពេញ ត្រូវបានការិយាល័យអចិន្ត្រៃយ៍ និងអង្គសន្និបាតសម្រេចបោះឆ្នោតបន្តអាណត្តិជាសមាជិកការិយាល័យអចិន្ត្រៃយ៍ និងជាពិសេសគាំទ្រឱ្យក្លាយជាអនុប្រធានការិយាល័យ អចិន្ត្រៃយ៍របស់សមាគម AIMFថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង