ហ្វីលីពីនសម្រេចចិត្តដាក់៥៦ប្រភេទកីឡាសម្រាប់ការប្រកួតកីឡា SEA Games២០១៩
ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍តាមសារអេឡិចត្រូនិក ពីប្រទេសហ្វីលីពីន ដែលជាម្ចាស់ផ្ទះSEA Gamesលើកទី៣០ថា តំណាងគណៈកម្មាធិការជាតិនៃប្រទេសក្នុងតំបន់ បានសម្រេចចុងក្រោយ ដោយដាក់ជាផ្លូវការនូវកីឡាចំនួន ៥៦ ប្រភេទកីឡា សម្រាប់ការប្រកួតកីឡា SEA Games២០១៩ហើយ។
លោក អគ្គលេខាធិការបន្ថែមទៀតថា ក្រោយនៃកិច្ចប្រជុំចុងក្រោយ ត្រៀម SEA Games លើកទី៣០ ឆ្នាំ២០១៩ នៅទីក្រុងម៉ានីលឡា ប្រទេសហ្វីលីពីន ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃ២៤ ខែវិច្ឆិកា ២០១៨នេះក្នុងនោះ ក៏មានប្រភេទកីឡាដែលកម្ពុជា ស្នើសុំគឺជាប្រភេទកីឡា មានសក្តានុពលត្រូវបានសម្រេចដាក់បញ្ចូលរួចដែរដូចជា តេក្វាន់ដូ ប៉េតង់ វ៉ូវីណាម Jutjutsu, Billiards snooker, Soft Tennis វាយកូនបាល់ និងប្រភេទកីឡាបាល់ទាត់កម្ពុជា U22 ។
លោកវ៉ាត ចំរើនបន្ថែមថា ចំពោះវិញាសានៃប្រភេទកីឡាទាំងនេះ ម្ចាស់ផ្ទះចេញប្រកាសជាផ្លូវការ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខដោយយកមូលដ្នាននៃការ ស្នើសុំពី តំណាងគណៈកម្មាធិការជាតិអូឡាំពិកទាំងអស់ ទាំងអស់ក្នុងកិច្ចប្រជុំពេលនេះ។
សម្រាប់ថ្ងៃបើកជាផ្លូវការ SEA Games 2019 នេះធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា និងបិទថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៩។ លោកបានអះអាងថា តាមអនុសាសន៍ចង្អុលបង្ហាញពីលោកបណ្ឌិត ថោង ខុនប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺកំណត់យកSEA Games 2019 និង SEA Games 2021 នៅហាណូយ គឺជា Games យុទ្ធសាស្រ្ត សម្រាប់វាយតម្លៃគុណផលកីឡា Performance គ្រប់ប្រភេទកីឡារបស់កម្ពុជា ឆ្ពោះទៅជោគជ័យ SEA Games 2023៕