ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុណ្យអុំទូកថ្ងៃទី១ចប់ភ្លាមការប្រមូលសំរាមដឹកចេញ,បាញ់ទឹកលាងសម្អាតតាមដងផ្លូវទីតាំងនានាបញ្ចប់ដោយជោគជ័យស្អាតនិងមានសោភណ្ឌភាពឡើងវិញជាមួយសន្តិសុខល្អភ្ញៀវទេសចរបរទេសកើនឡើង

14

ភ្នំពេញ ៖ បន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកនាថ្ងៃទី១​បានបញ្ចប់ទៅ ក្រុមការងារខាងសម្អាតអនាម័យរបស់សាលារាជធានីភ្នំពេញនិងក្រុមហ៊ុនប្រមូលសំរាមទាំង៣ បានសហការគ្នាសំរុករួតរះសម្អាត ដោយការប្រមូលសំរាមដឹកចេញនិងមានការបាញ់ទឹកលាងសម្អាតតាមដងផ្លូវទីតាំងនានាផងនោះបានបញ្ចប់ដោយជោគជ័យស្អាតនិងមានសោភណ្ឌភាពឡើងវិញត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៥វិច្ឆិកា។
បើទោះបីក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋយើងដែលមកដើរកំសាន្តមានការយល់ដឹងខ្ពស់ ក្នុងការទុកដាក់សំរាម យ៉ាងណាក៏ដោយរដ្ឋបាលរាជធានីភ្នំពេញតាមការណែនាំនិងយកចិត្តទុកដាក់ពីឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ចេញកម្លាំងការិយាល័យសួនច្បារ​និងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញចំនួន៣៣០នាក់ សហការជាមួយក្រុមហ៊ុនប្រមូលសំរាមទាំង៣នៅរាជធានីភ្នំពេញដើម្បីបោសសម្អាត កើបសំរាម នៅតាមដងផ្លូវ តាមសួនច្បារនានា និងតំបន់ប្រារព្ធពិធី ប្រមូលវិខ្ចប់រួចដឹកចេញដោយព្រឹកឡើងគឹបានរួចរាល់ស្អាតទាំងអស់តែម្តង ។
នេះបើយោងតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។
លោកស្រីបន្តថាទោះបីព្រះរាជពិធីបុណ្យបានបញ្ចប់ទៅដោយបានបន្សល់នូវសំរាម ដែលបងប្អូនប្រជាពលរដ្ឋយើងបានដើរលេង កម្សាន្ត និងហូបចុក តាមសួនច្បារនានា ក្នុងរាជធានីភ្នំពេញ តែត្រូវបានធ្វើការបោសសំអាត និងប្រមូលកើបចេញ អស់នៅថ្ងៃបន្ទាប់។
ជាមួយគ្នានេះលោក​ ស៊ូ​ សាវ៉ន​ ប្រធាន​ការិយាល័យ​សួនច្បារ​ និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានីភ្នំពេញ​បានឱ្យ​ដឹង​ថា​ កម្លាំងបោសសម្អាត សំរាមនៅសួនច្បារនានា និងតំបន់ប្រារព្ធពិធី ដោយធ្វើបោស សំអាត កើបសំរាម ចេញក្រោយចប់ពិធីសប្បាយភាពចាប់ពីម៉ោង១២យប់ ថ្ងៃ១៤វិច្ឆិការហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៥វិច្ឆិកាទើបរួចរាល់ទាំងស្រុង។
លោកស្រី ដោ សម្ផស្ស បានបញ្ចាក់ទៀតថា “ការគ្រប់គ្រងសំរាម ឬប្រមូលសំរាមចេញពីតំបន់កម្សាន្តនានា ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ គឺអាជ្ញាធររាជធានីយើងគ្រប់គ្រងបានដូចរាល់ឆ្នាំ មិនមានការយឺតយ៉ាងឬកក់ស្ទះសំរាមនោះទេ” ។
លោកស្រីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងទៀតថា សម្រាប់ថ្ងៃទី១នៃ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរយើងនិងជនបរទេសជាភ្ញៀវទេសចរណ៌ប្រមាណ១លាន១សែននាក់បានចូលរួមទស្សនាកម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព ។ជារួមឆ្នាំ២០២៤នេះមានអ្នកដើរលេងកម្សាន្តក្នុង ព្រះរាជពិធីបុណ្យអុំទូកមានការកើនឡើងជាងឆ្នាំមុនៗ ជាពិសេសនោះគឺភ្ញៀវទេសចរណ៌បរទេស ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ដែរថា ដោយសារតែឆ្នាំ២០២៤នេះ គណៈកម្មការបុណ្យជាតិ និងអន្តរជាតិ បានរៀបចំជាវេទិកា ដែលបើកទូលាយជូនភ្ញៀវបរទេសអាចអញ្ជើញចូលរួមទស្សនា ដែលធ្វើឱ្យភ្ញៀវបរទេសបង្ហាញអារម្មណ៍សប្បាយចិត្ត និងពេញចិត្តជាខ្លាំង ។
ចំពោះសន្តិសុខសណ្តាប់ធ្នាប់វិញ ត្រូវបានអ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ពុំមានចំណុចអ្វីគួរកត់សម្គាល់ទេ គឺយើងរក្សាបានសណ្តាប់ធ្នាប់របៀបរៀបរយបានល្អ ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពី​ឯកឧត្តម​ ឃួង​ ស្រេង​អភិបាល​នៃ​គណអភិបាលរាជធានីភ្នំពេញ​ក្នុងនាមជាម្ចាស់ផ្ទះដោយរួម​ជាមួយថ្នាក់ជាតិ​ និង​កងកម្លំាង​ និង​គ្រប់​ផ្នែក​ដែល​ពាក់​ព័ន្ធ​ សហការគ្នាការពារគឺ​មាន​សន្តិសុខ​ សណ្តាប់​ល្អ​​ពុំមានបញ្ហាអ្វីកេីតឡេីងគួរឱ្យកត់សម្គាល់នោះទេ។
ប៉ុន្តែអ្វីដែលកត់សម្គាល់គឺមានចំណុចតូចៗមួយចំនួន ដូចជាករណីវង្វេងបាត់ក្មេងពីឪពុកម្តាយ ឬអាណាព្យាបាល ប៉ុន្តែទោះជាយ៉ាងនេះក្តី ករណីនេះ ក៏ត្រូវបានក្រុមការងារ ប្រើប្រាស់ប្រព័ន្ធទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ រហូតឈានដល់ការរកឃើញវិញផងដែរ ៕


អត្ថបទដែលជាប់ទាក់ទង