ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុនដ៏ធំមួយ នៅប្រទេសចិន គ្រោងទម្លាក់ទុន១.៣ពាន់លានដុល្លារ ដើម្បីបើកសួនឧស្សាហកម្មថ្មី នៅខេត្តកំពង់ស្ពឺ

11

កំពង់ស្ពឺ៖នៅក្នុងជំនួបជាមួយអភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអាគាររដ្ឋបាលខេត្ត អ្នកវិនិយោគមកពីប្រទេសចិនលោកស្រី ចាង វេនហ្សា អគ្គនាយិកាក្រុមហ៊ុន ARK Electronics Group នៃសាធារណរដ្ឋប្រជាមានិតចិន បានអះអាងថា ក្រុមលោកស្រីនឹងទម្លាក់ទុនប្រម៉ាណជាង១.៣ពាន់លានដុល្លាសហរដ្ឋអាមេរិក ដើម្បីបង្កើតសួនឧស្សាហកម្ម លើទំហំដី១០០០ហិកតា នៅក្នុងខេត្តកំពង់ស្ពឺ។
លោកស្រី ចាង វេនហ្សា បានលើកឡើងថា ខេត្តកំពង់ស្ពឺ គឺជាខេត្តដែលលោកស្រីស្រឡាញ់ និងចង់ដាក់ទុនរកស៊ី គឺជាខេត្តគោលដៅសម្រាប់ក្រុមហ៊ុនARK Electronics Groupដាក់ស្នាក់ការកណ្តាល សម្រាប់កិច្ចការទីផ្សារកម្ពុជា អាស៊ីអាគ្នេយ៍និងអន្តរជាតិ។ ក្រុមហ៊ុន Huacam គ្រុប ដែលជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធទាំង៦ បាននិងកំពុងដំណើការចុះបញ្ជីស្របច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីសហការវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនរបស់ប្រទេសចិន ម៉ាឡេស៊ី និងព្រះរាជាណាចក្រកម្ពុជា។ 
លោកស្រី ចាង វេនហ្សា បានបញ្ជាក់ថា ក្រុមហ៊ុននិងគ្រោងបើកធ្វើសួនឧស្សាហកម្ម កែច្នៃផលិតផលកសិកម្ម ជាមួយនឹងអត្តសញ្ញាណ និងយីហោផលិតផលខ្មែរ ធ្វើសួនឧស្សាហកម្ម បង្គំគ្រឿងអេឡិចត្រូនិក និងផលិតឈីបពាក់កណ្តាលសម្រេច ព្រមទាំងសួនឧស្សាហកម្មដ៏ទៃទៀត ដែលបម្រើអោយតម្រូវការជាក់ស្តែងរបស់ខ្សែចង្វាក់ ផលិតកម្មរបស់ខ្លួន នៅឯប្រទេសចិន ដែលមានសួនឧស្សាហកម្មសរុប្រមាណ១៤ស្ថាបនា លើផ្ទៃដីប្រមាណ១០០០ហិកតា ចំណាយដើមទុនវិនិយោគជាង១.៣ពាន់លានដុល្លាអាមេរិក និងប្រើប្រាស់កម្លាំងកម្មករ កម្មការិនី សរុបប្រមាណជាជាង៣០០០នាក់។
នាយិកាក្រុមហ៊ុននេះដែរ ក៏បានបញ្ជាក់ថែមថា សួនឧស្សាហកម្មទាំង១៤នេះ នឹងដំណើការដោយការប្រើប្រាស់បច្ចេកវិទ្យា AI និង Technology ឧស្សាហកម្មចុងក្រោយបំផុត (360° Service System) ដែលអាចសន្និដ្ឋានបានថា ជាសួនឧស្សាហកម្មដែលនាំមកនូវបច្ចេកវិទ្យាចុងក្រោយ ឲ្យមានវត្តមាននៅកម្ពុជាផងដែរ។ ហើយក្រោយសួនឧស្សាហកម្មមានវត្តមាន ក្នុងទឹកដីខេត្តកំពង់ស្ពឺ ក្រុមហ៊ុនសន្យាថានឹងជួយខេត្តក្នុងការរៀបចំផែនការមេអភិវឌ្ឍន៍ (Master Plan) ដើម្បីឲ្យខេត្តមួយនេះមានសោភ័ណ្ឌភាពដូចទៅនឹង Shenzhen ឬក៏ Zhongguancun នាពេលអនាគត។
នៅក្នុងជំនួបនេះដែរ អភិបាលខេត្តកំពង់ស្ពឺ លោក បណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកទឹកចិត្តចំពោះក្រុមហ៊ុន ARK Electronics Group ដែលជ្រើសយកខេត្តកំពង់ស្ពឺ ជាខេត្តគោលដៅសម្រាប់ការវិនិយោគរបស់ខ្លួន ដែលការនេះជាសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយវត្តមានសួនឧស្សាហកម្មថ្មីមួយនេះ ក៏នឹងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ អ្នកខេត្តកំពង់ស្ពឺនិងអ្នកបណ្តាខេត្តបន្ថែមទៀតផងដែរ ពិសេសកម្មករជំនាញដែល បាននិងកំពុងសិក្សា និងអ្នកដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលរួចហើយ ឱ្យមានឱកាសចាប់យកការងារតាមជំនាញរៀងៗខ្លួន។ មួយវិញទៀតក្រុមហ៊ុនត្រូវធ្វើការចុះអនុស្សារណៈជាមួយនឹងរដ្ឋបាលខេត្ត ដើម្បីឈានទៅទទួលបានឱកាសសិក្សាជាពិសេស លើឱកាសវិនិយោគថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង