នាថ្ងៃទី២ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រួមទាំងកីឡាករប្រណាំងទូក ជាច្រើនកុះករមកពីគ្រប់ទិសទីចូលរួមកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យអុំទូករាជធានីភ្នំពេញ
ភ្នំពេញ៖ទិដ្ឋភាពទូទៅនាថ្ងៃទីពីរ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកត្រូវថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤លោកតាលោកយាយ អ៊ំពូមីង បងប្អូន មកពី គ្រប់ទិសទីបានអញ្ជើញមកទស្សនាកំសាន្តការប្រណាំងទូក ទស្សនាពិព័រណ៍ ស្តង់លក់ផលិតផល ការប្រគំតន្ត្រី ព្រមទាំងទស្សនីយភាពជាច្រើនដែលបានរៀបចំយ៉ាងល្អ។
សូមបងប្អូន ពូមីង តាយាយ ទទួលបាននូវភាពសប្បាយរីករាយ និងសមប្រកបដោយសេចក្តីសុខសុវត្ថិភាព ។
រាជធានីភ្នំពេញសូមស្វាគមន៍បងប្អូនចូលរួមអបអរសាទរទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងចូលរួមកម្សាន្តសប្បាយភាពនានា។ព្រះរាជពិធីបុណ្យអុំទូក គឺជាការចាប់ផ្ដើមអនុស្សាវរីយ៍ដ៏មានអត្ថន័យនៅក្នុងសម័យសុខសន្តិភាព ភ្ញៀវជាតិ និងអន្តរជាតិ បានចាប់ផ្ដើមបង្ហាញស្នាមញញឹមអមជាមួយការអបអរដល់ពិធីបុណ្យប្រពៃណីជាតិខ្មែរដ៏យូរលង់មកហើយនេះ។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើងដើម្បីជាការរំលឹកគុណ ចំពោះកងទ័ពជើងទឹកខ្មែរ ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំង នាសតវត្សទី១២ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ពីឆ្នាំ១១៧៧ ដល់ឆ្នាំ ១១៨១ នៃគ.ស ដូចមានបង្ហាញចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារជាដើម។
សម្រាប់ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅ
ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ព្រមទាំងទស្សនាការបណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្តែងសិល្បៈ ទាំង៣រាត្រី។
ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រួមទាំងកីឡាករប្រណាំងទូក ជាច្រើនកុះករមកពីគ្រប់ទិសទីចូលរួមកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤ផងដែរ។
ក្រៅពីការទស្សនាការប្រណាំងទូកងនៅមាត់ទន្លេ បងប្អូនប្រជាពលរដ្ឋក៏អាចទស្សនា និងទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ។
ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន។ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ៕