ពលរដ្ឋមានការផ្លាស់ប្តូរឥរិយាបទច្រើនក្នុងការទុកដាក់សំរាម និងសំណល់ប្លាស្ទិក ខណៈថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក ការបញ្ចេញសំណល់ទាំងនេះត្រូវបានកាត់បន្ថយនៅតាមទីសាធារណៈ
ភ្នំពេញ៖មួយថ្ងៃកន្លងផុតទៅ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក យើងសង្កេតឃើញថា គ្មានសំណល់សំរាម និងកាត់បន្ថយសំណល់ប្លាស្ទិក រាយប៉ាយនៅតាមដងផ្លូវ និងទីកម្សាន្តនោះឡើយ។ ការណ៍នេះ បង្ហាញថា ប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីការទុកដាក់សំរាម និងការចូលរួមកាត់បន្ថយពីការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកទៅក្នុងទីសាធារណៈ។ នេះបើតាមប្រសាសន៍របស់លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។
លោកបានបញ្ជាក់ថា សំរាមដែលប្រមូលបាននៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកមានប្រមាណ៣.៨០០តោន ដែលតួលេខនេះស្មើនឹងតួលេខប្រមូលសំរាមប្រចាំថ្ងៃនៅទូទាំងរាជធានីភ្នំពេញ ខណៈប្រជាពលរដ្ឋមកដែលកម្សាន្តនៅថ្ងៃទី១ មានចំនួនជាង១លាន១សែននាក់។ ចំនួនរថយន្តដឹកជញ្ជូនសំរាមសម្រាប់ព្រះរាជពិធីនេះ មានចំនួន២០០គ្រឿង ហើយចំនួនដឹក៥៣៤ជើង។
ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងបរិស្ថាន នៅតែអំពាវនាវដល់ប្រជាពលរដ្ឋជាពិសេសកីឡាករចំណុះទូកទាំងអស់ឱ្យបន្តចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្នុងនោះកុំបោះចោលសំរាមប្លាស្ទិកចូលនៅក្នុងទន្លេ ដើម្បីចូលរួមថែរក្សាបរិស្ថាន និងធ្វើឱ្យកម្ពុជាស្អាត មានភាពបៃតង។
លោកបានថ្លែងថា ការទុកដាក់សំរាម ក៏ជាផ្នែកមួយនៃការស្តែងឡើងនូវអាកប្បកិរិយា ឥរិយាបទ និងការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងសង្គមក្នុងការទុកដាក់សំរាម។
«មូលហេតុដែលមានការថយចុះ គឺការផ្លាស់ប្តូរឥរិយាបទរបស់ប្រជាពលរដ្ឋហ្នឹងតែម្តង! បានន័យថា គាត់មានការយល់ដឹងច្រើនអំពីសោភ័ណភាព អំពីអនាម័យ ក៏ដូចជាភាពស្អាត ដែលយើងកំពុងតែផ្សព្វផ្សាយ និងជំរុញដល់ប្រជាពលរដ្ឋ»។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន។
បើតាមការបញ្ជាក់របស់លោក ឡេង គឹមស្រុង អគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានរបស់ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រុមយុវជនក្រសួងបរិស្ថាន រួមជាមួយមន្រ្តីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានសហការជាមួយដៃគូក្រុមយុវជជនអ្នកស្រឡាញ់បរិស្ថានជាច្រើននាក់ ចុះផ្សព្វផ្សាយអប់រំអំពីភាពស្អាត ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការទុកដាក់សំរាមនៅតាមកន្លែងកម្សាន្តដូចជានៅទីតាំងមុខព្រះបរមរាជវាំង តំបន់កម្សាន្តកោះពេជ្រ សួនវិមានឯករាជ្យ សួនមុខវត្តបុទុម តំបន់វត្តភ្នំ និងនៅតំបន់ជ្រោយចង្វារ។
អ្នកនាង ឃុត ណារឿន ប្រធានសមាគមស្រ្តីទ្រទ្រង់សន្តិភាព ដែលចុះផ្សព្វផ្សាយពីការទុកដាក់សំរាម និងការកាត់បន្ថយសំណល់ប្លាស្ទិកជាមួយសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក បានឲ្យដឹងថា អ្វីដែលធ្វើការអប់រំសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករតាមស្តង់នៅក្នុងឱកាសនេះ គឺផ្ដោតសំខាន់លើការគ្រប់គ្រង ទុកដាក់ និងការកាត់បន្ថយសំណល់ប្លាស្ទិក ដោយសារសំណល់ប្រភេទនេះបង្កផលប៉ះពាល់ជាអវិជ្ជមានច្រើន ទាំងផ្នែកបរិស្ថាន សោភណ្ឌភាព និងសុខភាពមនុស្ស សត្វ និងរុក្ខជាតិ។
សូមបញ្ជាក់ថា នាឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនប្រមូលសំរាម បានបន្ថែមធុងសំរាមថ្មីចំនួនជាង១ពាន់ធុង លើធុងសំរាមដែលមានស្រាប់ប្រមាណ៣ពាន់ធុង សម្រាប់ដាក់ពង្រាយនៅតាមគោលដៅសំខាន់នានា។ ទន្ទឹមនេះ ក្រុមហ៊ុនប្រមូលសំរាម ក៏បានពង្រាយរថយន្តដឹកសំរាម និងកម្មករប្រមូលសំរាម តាមគោលដៅនៅក្នុងខណ្ឌដូនពេញ ដែលជាទីតាំងប្រារព្ធព្រះរាជពិធីបុណ្យ និងជាគោលដៅដែលពលរដ្ឋសម្រុកទៅលេងកម្សាន្តច្រើន៕