សាហាវពេកហើយ បើករថយន្តបុកសម្លាប់ក្មេងសិស្សសាលាមត្តេយ្យស្លាប់និងរបួសជាង២០នាក់
ប្រទេសចិន៖កុមារតូចៗ សាលាមត្តេយ្យ៥នាក់បានស្លាប់ និង ១៩ នាក់រងរបួសបន្ទាប់ពីរថយន្តមួយគ្រឿងបានបើកបំបុកចូលហ្វូងសិស្សសាលាមួយក្រុមនៅខាងក្រៅសាលារៀនមួយនៅប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ទី២២វិច្ឆិកា។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន។
យោងតាមវីដេអូបញ្ចេញដោយទូរទស្សន៍រដ្ឋចិន CCTV បានឱ្យដឹងថា ជនសង្ស័យបានបើកឡានក្នុងគន្លងផ្លូវបញ្ច្រាស់ទិស មុនពេលបើកបំបុកសិស្សសាលាដែលកំពុងដើរឆ្លងផ្លូវនៅខេត្តលៀវនីងភាគឦសាន។
ឧបទ្ទវហេតុនេះបានកើតឡើងនៅរសៀលថ្ងៃព្រហស្បតិ៍នៅខាងក្រៅសាលាបឋមសិក្សាលេខ ២ នៅសង្កាត់ Jianchang ក្រុង Huludao ខេត្តលៀវនីង។ ជនសង្ស័យបានបើកឡានគេចចេញពីកន្លែងកើតហេតុ ក្រោយពីបង្កគ្រោះថ្នាក់រួច។ប៉ុន្តែត្រូវបានឃាត់ខ្លួន។
របាយការណ៍ចុងក្រោយពីទូរទស្សន៍ CCTV បានអះអាងថា ក្មេងដែលត្រូវបានសម្លាប់ទាំងអស់នោះសុទ្ធតែមកពីថ្នាក់មត្តេយ្យ។ ហើយមនុស្ស ១៩ នាក់ដែលរងរបួស រួមមានគ្រូបង្រៀនពីររូប និងអ្នកដើរឆ្លងកាត់ម្នាក់។
សមាជិកបុគ្គលិកម្នាក់មកពីសាលារៀនខាងលើបានប្រាប់សារព័ត៌មាន Beijing Youth Daily ថា សិស្សទាំងនោះទើបតែចេញពីរៀន ហើយកំពុងធ្វើដំណើរទៅផ្ទះ នៅពេលឡានបើកបំបុក។
ទីក្រុង Huludao គឺជាទីក្រុងមានទំហំមធ្យមដែលមានប្រជាជនប្រហែល ២,៧ លាននាក់នៅឆ្នេរសមុទ្រភាគនិរតីនៃខេត្តលៀវនីង៕