ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានរដ្ឋសភាវៀតណាម នឹងអញ្ជើញបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃនៅកម្ពុជាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤

17

ភ្នំពេញ៖ឯកឧត្ដមជិន ថាញ់មិន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយតបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភានៃប្រទេស ទាំងពីរឱ្យកាន់តែមានភាពរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ស្របតាមស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយតម្កល់ផលប្រយោជន៍ប្រជាជន និងប្រទេសជាតិទាំងពីរជាស្នូល។
ក្នុងអំឡុងពេលទស្សនកិច្ចឯកឧត្ដមជិន ថាញ់មិន និងគណៈប្រតិភូ នឹងមានជំនួបចរចាទ្វេភាគី ជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃកម្ពុជា។ បន្ទាប់មក លោកប្រធានរដ្ឋសភាវៀតណាម និងសម្តេចរដ្ឋសភាធិបតី រួមជាមួយឥស្សរជនជាន់ខ្ពស់កម្ពុជា-វៀតណាម មួយចំនួនទៀត នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មីរបស់រដ្ឋសភា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់រដ្ឋសភាកម្ពុជា។
ឯកឧត្ដមជិន ថាញ់មិន និងគណៈប្រតិភូគ្រោង នឹងចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជំនួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ជំនួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គណៈប្រតិភូសភាវៀតណាម ក៏គ្រោងចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជំនួបសម្តែងការគួរសម ជាមួយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានក្រុមមិត្តភាពរដ្ឋសភា កម្ពុជា-វៀតណាម និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម។
ក្នុងឱកាសនោះ ឯកឧត្ដមជិន ថាញ់មិន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) និងថ្លែងសុន្ទរកថា ក្នុងពិធីបើកសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាម នាពេលខាងមុខនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការដ៏សំខាន់មួយ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម ជាពិសេសរវាងរដ្ឋសភានៃប្រទេសទាំងពីរ ឱ្យកាន់តែមានភាពរឹងមាំ ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងបង្កើនកម្រិត នៃកិច្ចសហប្រតិបត្តិការទាំងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិឱ្យកាន់តែប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង