ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នឹងបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងាររាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយការបរទេស និងពាណិជ្ជកម្មលើឆាកអន្តរជាតិ

13

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ក្នុងសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ ថា ការស្នើការកែសម្រួលនិងការបំពេញបន្ថែមនូវ សមាសភាពរាជរដ្ឋាភិបាល ឯកឧត្ដម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដមសុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្ត្រី នឹងបង្កើនសមត្ថភាពនិងប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយការបរទេស និងពាណិជ្ជកម្មកម្ពុជានៅលើឆាកអន្តរជាតិប្រកបដោយភាពបត់បែន និងអាចប្រែក្លាយបញ្ហាប្រឈមនានា ទៅជាកាលានុវត្តភាពសម្រាប់លើកកម្ពស់ផលប្រយោជន៍ជាតិ។
សម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ ត្រូវបានធ្វើឡើងក្រោមធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានរបៀបវារៈចំនួន៤។ កិច្ចប្រជុំនេះមានការចូលរួមពីសមាជិករដ្ឋសភាសរុប១១២រូប។
ក្នុងសម័យប្រជុំរដ្ឋសភានេះ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីមូលហេតុសំខាន់ៗជាច្រើនពាក់ព័ន្ធនឹងការស្នើការកែសម្រួលនិងការបំពេញបន្ថែមនូវសមាសភាពរាជរដ្ឋាភិបាលខាងលើ។
សម្តេចបានថ្លែងថា ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ជាមួយនឹងការខិតខំយ៉ាងប្ដូរផ្ដាច់ឥតរាថយ ទោះបីក្នុងដំណាក់កាលដែលសភាពការណ៍សកលមានភាពស្មុគ្រស្មាញ ពោរពេញដោយភាពមិនប្រាកដប្រជា ហើយពិបាកស្មានយ៉ាងណាក្ដី ក៏រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តធ្វើដំណើរយ៉ាងស្វាហាប់លើគន្លងវិជ្ជមាន ហើយសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាបន្តបន្ទាប់ជូនជាតិកម្ពុជា ពិសេសគឺការរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខនិងការពង្រឹងសណ្ដាប់ធ្នាប់សង្គម ការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងល្អជាមួយបណ្ដាប្រទេស និងជាមួយបណ្ដាដៃគូសហប្រតិបត្តិការសំខាន់ៗ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ការរក្សាបានយ៉ាងល្អនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថិរភាពវិស័យហិរញ្ញវត្ថុដែលមានភាពអនុគ្រោះដល់ធុរកិច្ច និងការទាក់ទាញនិងការជំរុញលើកកម្ពស់ការវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងសកម្មភាពសេដ្ឋកិច្ច និងការប្រកបរបររបស់ប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់។ ប្រការទាំងអស់នេះ បានផ្ដល់លទ្ធផលជាវិជ្ជមានដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ ក៏ដូចជារក្សាលំនឹងនិងការបន្តជាជំហានៗនូវស្ថានភាពជីវភាពរបស់ប្រជាជនយើង។
យ៉ាងណាមិញ រយៈពេលជាមធ្យមទៅមុខ គឺជាអន្តរកាលដ៏សំខាន់សម្រាប់កម្ពុជាក្នុងដំណើរការប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ ក្នុងគោលដៅនេះ កម្ពុជាត្រូវខិតខំសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និងបរិយាប័ន្ន ដើម្បីបន្តជំរុញជីវភាពនិងការអភិវឌ្ឍសង្គមជាតិ ជាពិសេសដើម្បីបន្តបង្កើតការងារឱ្យកាន់តែច្រើននិងប្រកបដោយគុណភាពសម្រាប់យុវជនដ៏ច្រើនកុះករ ដែលនឹងឈានចូលទីផ្សារការងារ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងប្រសិទ្ធភាព បំណងប្រាថ្នា និងសេចក្ដីត្រូវការរបស់ប្រជាជន។ ទន្ទឹមនឹងនេះ កម្ពុជាដែលជាប្រទេសមានសេដ្ឋកិច្ចបើកចំហខ្លាំង យើងទទួលបានការរីកចម្រើនដោយសារសកលភាវូបនីយកម្ម ក៏ងាយនឹងទទួលរងផលប៉ះពាល់ពីកត្តាខាងក្រៅផងដែរ។ ក្នុងន័យនេះ កម្ពុជាក៏ត្រូវត្រៀមលក្ខណៈឱ្យបានសមស្របសម្រាប់ទប់ទល់នឹងបច្ច័យទាំងឡាយ ពីហានិភ័យកត្តាខាងក្រៅដែលកំពុងតែវិវត្តយ៉ាងឆាប់រហ័ស ពិបាកប៉ាន់ស្មាន រួមមាន៖ សញ្ញាណនៃការកើនឡើងកាន់តែខ្លាំងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ លទ្ធភាពនៃការស្ទុះឡើងវិញនៃនិន្នាការឯកតោភាគីនិយម និងការបន្តកើនឡើងនៃការបែកខ្ញែកនៃភូមិសាស្ត្រសេដ្ឋកិច្ចលើសកលលោកនិងតំបន់ ព្រមទាំងភាពមិនប្រាកដប្រជាខ្ពស់នៃទស្សនវិស័យសេដ្ឋកិច្ចរបស់តំបន់ និងបណ្ដាប្រទេសដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា ដែលជាហេតុអាចបង្កផលពិបាកដល់សន្ទុះនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលខ្លី និងរយៈពេលមធ្យមខាងមុខ។
សម្តេចបានបន្តថា ពិតណាស់ នៅក្នុងបរិបទអន្តរជាតិនៃភាពស្មុគស្មាញ និងភាពមិនប្រាកដប្រជាខាងមុខបែបនេះ កម្ពុជាក៏អាចទទួលបាននូវកាលានុវត្តភាពមួយចំនួនផងដែរ ប្រសិនបើយើងបង្កើនភាពបត់បែន និងដើរទាន់សភាពការណ៍ប្រែប្រួលក្នុងតំបន់និងពិភពលោក ហើយអាចត្រៀមខ្លួនឱ្យបានល្អក្នុងការប្រែក្លាយបញ្ហាប្រឈមនានាឱ្យទៅជាកាលានុវត្តភាព និងលក្ខខណ្ឌអំណោយផលទាំងឡាយដែលអាចកើតចេញពីការវិវត្តនៃសភាពការណ៍ សម្រាប់លើកកម្ពស់ប្រសិទ្ធភាព និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ សំដៅបង្កើនបរិស្ថានដែលមានភាពអនុគ្រោះ ដើម្បីជំរុញការអនុគ្រោះសកម្មភាពធុរកិច្ច និងពាណិជ្ជកម្ម ក៏ដូចជាទទួលនិងទាក់ទាញបន្ថែមនូវការវិនិយោគនិងធុរកិច្ចដែលអាចផ្លាស់ប្ដូរទីតាំងចេញពីតំបន់ផ្សេង។
ក្នុងន័យនេះ រាជរដ្ឋាភិបាលពិតជាមានភាពចាំបាច់ក្នុងការបង្កើននិងពង្រឹងបន្ថែមនូវសមត្ថភាព និងប្រសិទ្ធភាពនៃយន្តការដឹកនាំក្នុងការអនុវត្តការងាររបស់ខ្លួន ជាពិសេសនៅក្នុងវិស័យការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងវិស័យពាណិជ្ជកម្ម ដោយផ្ដោតជាសំខាន់លើការជំរុញគោលនយោបាយការបរទេសប្រកបដោយភាពបត់បែននិងវាងវៃ ឈរលើមូលដ្ឋានឯករាជ្យ និងច្បាប់អន្តរជាតិ ការប្ដេជ្ញាការពារផលប្រយោជន៍ស្នូលរបស់កម្ពុជា ការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ការការពារសន្តិភាពនិងស្ថិរភាពនយោបាយ ការការពារយុត្តិធម៌និងកិត្យានុភាពកម្ពុជា ការបន្តយកចិត្តទុកដាក់ថែរក្សានិងលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការពហុវិស័យ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកជាមួយបណ្ដាប្រទេស និងដៃគូសំខាន់ៗ ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ព្រមទាំងចូលរួមឱ្យកាន់តែសំខាន់ក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព ការចូលរួមដោះស្រាយបញ្ហាប្រឈមនានាលើពិភពលោក។
ឈរលើមូលដ្ឋាននេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានជម្រាបទៀតថា អនុលោមតាមរដ្ឋធម្មនុញ្ញកម្ពុជា ព្រះរាជក្រមស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ព្រះរាជក្រឹត្យស្ដីពីការចាត់តាំងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជក្រឹត្យស្ដីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងយោងតាមតម្រូវការចាំបាច់នៃការអនុវត្តឱ្យសម្រេចបានកាន់តែប្រសើរបន្ថែមទៀតនូវប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានគូសរំលេចខាងលើ ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចមហាបវរធិបតីបានស្នើដល់រដ្ឋសភាមេត្តាពិនិត្យ និងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើការកែសម្រួល និងការតែងតាំងបំពេញបន្ថែមសមាសភាពនៃរាជរដ្ឋាភិបាលកម្ពុជា ដូចខាងក្រោម៖
ទី១៖ ឯកឧត្ដមប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ។
ទី២៖ ឯកឧត្ដមសុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្ត្រី។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ជាមួយនឹងបទពិសោធន៍របស់ឯកឧត្ដមប្រាក់ សុខុន នៅក្នុងវិស័យការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងបទពិសោធន៍របស់ឯកឧត្ដមសុខ ចិន្តាសោភា ក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ ការកែសម្រួលនិងការបំពេញបន្ថែមនូវសមាសភាពរាជរដ្ឋាភិបាលដូចបានស្នើសុំខាងលើ គឺពិតជានឹងបង្កើនសមត្ថភាពនិងប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយការបរទេស និងពាណិជ្ជកម្មកម្ពុជានៅលើឆាកអន្តរជាតិប្រកបដោយភាពបត់បែន និងអាចប្រែក្លាយបញ្ហាប្រឈមនានាទៅជាកាលានុវត្តភាពសម្រាប់លើកកម្ពស់ផលប្រយោជន៍ជាតិ»៕

អត្ថបទដែលជាប់ទាក់ទង