ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រសៀលនេះ ប្រធានរដ្ឋសភាវៀតណាម អញ្ជើញបំពេញទស្សនកិច្ច រយៈពេល៤ថ្ងៃនៅកម្ពុជា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរ

18


ភ្នំពេញ៖នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព រយៈពេល៤ថ្ងៃនៅកម្ពុជា ដោយតបតាមការអញ្ជើញរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរ ឱ្យកាន់តែមានភាពរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ស្របតាមស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយតម្កល់ផលប្រយោជន៍ប្រជាជន និងប្រទេសជាតិទាំងពីរជាស្នូល។
ក្នុងអំឡុងពេលទស្សនកិច្ចចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិការនេះឯកឧត្ដមជិន ថាញ់មិន និងគណៈប្រតិភូ នឹងមានជំនួបចរចាទ្វេភាគី ជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃកម្ពុជា។ បន្ទាប់មក ប្រធានរដ្ឋសភាវៀតណាម និងសម្តេចរដ្ឋសភាធិបតី រួមជាមួយឥស្សរជនជាន់ខ្ពស់កម្ពុជា-វៀតណាម មួយចំនួនទៀត នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មីរបស់រដ្ឋសភា ដែលជាអំណោយរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់រដ្ឋសភាកម្ពុជា។
ក្នុងឱកាសស្នាក់និងបំពេញទស្សនៈកិច្ចនៅកម្ពុជាឯកឧត្ដមជិន ថាញ់មិន និងគណៈប្រតិភូគ្រោង នឹងចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជំនួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ជំនួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គណៈប្រតិភូសភាវៀតណាម ក៏គ្រោងចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជំនួបសម្តែងការគួរសម ជាមួយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានក្រុមមិត្តភាពរដ្ឋសភា កម្ពុជា-វៀតណាម និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម។
ក្នុងឱកាសនោះ ឯកឧត្ដមជិន ថាញ់មិន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយអាស៊ី (ICAPP) និងថ្លែងសុន្ទរកថា ក្នុងពិធីបើកសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមជម្រាបថា ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាម នាពេលខាងមុខនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការដ៏សំខាន់មួយ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម ជាពិសេសរវាងរដ្ឋសភានៃប្រទេសទាំងពីរ ឱ្យកាន់តែមានភាពរឹងមាំ ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងបង្កើនកម្រិតនៃកិច្ចសហប្រតិបត្តិការទាំងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិឱ្យកាន់តែប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង