ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្មានការចរចាសម្ងាត់ណាមួយរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្ដមថាក់ស៊ីន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬធ្វើឱ្យបាត់បង់បូរណភាពទឹកដី និងអធិបតេយ្យជាតិនោះឡើយ

14

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ា គ្មានការចរចាសម្ងាត់ណាមួយរវាងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដមថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬធ្វើឱ្យបាត់បង់បូរណភាពទឹកដី និងអធិបតេយ្យជាតិនោះឡើយ។
សម្តេចមហាបវរធិបតីបញ្ជាក់យ៉ាងដូច្នេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
នាឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ទាក់ទងនឹងការចោទថាមានការស៊ុមគ្រលំគ្នាដើម្បីផលប្រយោជន៍រវាងគ្រួសារសម្ដេចតេជោ និងគ្រួសារឯកឧត្ដមថាក់ស៉ីន គឺគ្មានទេ។ កិច្ចការនេះមិនមែនធ្វើដោយស្ងាត់ៗនោះទេ គឺបានធ្វើឡើងតាំងពីឆ្នាំ១៩៩៥ និងបានចរចាបន្តមកទៀត ដើម្បីផលប្រយោជន៍រួមគ្នា ហើយក៏គ្មានការធ្វើឱ្យបាត់បង់សិទ្ធិក្នុងការចរចាព្រំដែនដែរ។
សម្ដេចបានបន្តថា រឿងព្រំដែន គណៈកម្មាធិការចរចារឿងព្រំដែន, រឿងសេដ្ឋកិច្ច គឺការងារសេដ្ឋកិច្ច ហើយការខិតខំចរចាដោះស្រាយបញ្ហានៅតំបន់ទាមទារដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ (OCA) គឺសម្រាប់សន្តិសុខថាមពល ក៏ដូចជាការជួយជំរុញសេដ្ឋកិច្ច ព្រោះអាចទាញយកមកប្រើប្រាស់ចែករំលែករវាងប្រទេសទាំង២ ដើម្បីផលប្រយោជន៍ប្រជាជន។
សម្ដេចបវរធិបតីបានថ្លែងយ៉ាងដូច្នេះថា «គ្មានគ្រួសារសម្ដេចតេជោ និងគ្រួសារឯកឧត្ដមថាក់ស៉ីន ទៅយកប្រេងរាប់រយពាន់លានបារ៉ែនទៅដាក់នៅឯណា គឺមានតែយកមកជួយធ្វើឱ្យថ្លៃហ្កាសនៅក្នុងប្រទេសចុះថោក ឬបន្ថយថ្លៃអគ្គិសនីជូនប្រជាពលរដ្ឋ យកមកដំណើរការថាមពលផ្សេងៗដែលអាចធ្វើទៅបាន»។
សម្ដេចបវរធិបតីបានបន្តថា រឿងចរចាព្រំដែន អធិបតេយ្យភាពទឹកដី គឺនៅតែបន្តតាមយន្តការគណៈកម្មាធិការកិច្ចការព្រំដែន ប៉ុន្តែបែរជាមានអ្នកនយោបាយនៅក្រៅប្រទេសគិតតែពីបំផុសដោយគ្មានមូលដ្ឋានច្បាស់លាស់ ឥឡូវនេះមានអ្នកទៅប្ដឹងអង្គការ ICJ ទៀត។
សម្ដេចធិបតីបានបញ្ជាក់ថា បញ្ហាព្រំដែនទាំងនេះ គឺក្រុមការងារកិច្ចការព្រំដែនរបស់ភាគីកម្ពុជា និងភាគីថៃកំពុងតែធ្វើកិច្ចការយ៉ាងយកចិត្តទុកដាក់ ផ្អែកទៅលើស្មារតីនៃផលប្រយោជន៍ជាតិរៀងៗខ្លួន ពីព្រោះមិនដែលមានអ្នកកំណត់ព្រំដែនសមុទ្រ តាំងពីជំនាន់អាណានិគមនិយមបារាំងមក ដូច្នេះការងារ OCA នេះ មិនមានអ្វីដែលធ្វើឱ្យបាត់បង់ទឹកដីនោះទេ។ ដូច្នេះនៅកំពុងដំណាក់កាលចរចានៅឡើយ មិនទាន់មានការព្រមព្រៀងគ្នា ឬចុះ MoU ជាមួយគ្នានៅឡើយ សូមកុំព្រួយបារម្ភ ឬកុំទាន់និយាយដោយគ្មានមូលដ្ឋានពិត។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្ដាំទៅកាន់អ្នកនយោបាយមួយចំនួនកុំយករឿងនយោបាយមកទម្លាក់ចូលក្នុងរឿងបច្ចេកទេស។ ការដោះស្រាយបញ្ហាព្រំដែន គឺផ្អែកទៅលើច្បាប់និងបច្ចេកទេសព្រំដែន នៅពេលយករឿងនយោបាយមកលាយបញ្ចូល នឹងក្លាយទៅជារឿងនិងបញ្ហាផ្សេងទៀត។ ការធ្វើនយោបាយ ត្រូវគិតពីផលប្រយោជន៍ជាតិ កុំនាំប្រជាពលរដ្ឋឱ្យស្អប់រាជរដ្ឋាភិបាល។
សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ការស្រឡាញ់ទឹកដី មិនមែនមានតែអ្នកនយោបាយក្រៅប្រទេសទាំងនោះទេ រាជរដ្ឋាភិបាលរបស់សម្ដេចក៏ស្រឡាញ់ទឹកដីដែរ, មន្ត្រីរបស់រាជរដ្ឋាភិបាលដែលខំចរចាដាច់បាយដាច់ទឹក ក៏សុទ្ធតែស្រឡាញ់ទឹកដីដ៏បវរនេះដែរ ខិតខំដោះស្រាយបញ្ចប់រឿង ហើយរក្សាផលប្រយោជន៍ឱ្យប្រជាជនទាំង២ប្រទេស និងអាចរស់នៅជិតខាងគ្នា ព្រោះយើងគ្មានលទ្ធភាពលើកប្រទេសចេញពីគ្នាបានឡើយ គឺមានតែពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង