ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៉ីប្រើមីស៉ីលបាលិស្ទីគអន្តរទ្វីប (ICBM) ជាលើកដំបូង ក្នុងការវាយប្រហារលើអ៊ុយក្រែន, នេះបើតាមការអះអាងរបស់ទីក្រុងកៀវ

29

ក្រុហកៀវ៖កងទ័ពអាកាសអ៊ុយក្រែន បានឱ្យដឹងថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា រុស្ស៉ីបានបាញ់មីស៉ីលបាលិស្ទីគអន្តរទ្វីប ឬហៅថា ICBM ១គ្រាប់ ចេញពីតំបន់ Astrakhan ភាគខាងត្បូងប្រទេសរុស្ស៉ី ក្នុងការវាយប្រហារមួយមកលើអ៊ុយក្រែន ខណៈវាគឺជាលើកដំបូងបំផុត ដែលទីក្រុងមូស្គូបានប្រើប្រាស់ មីស៉ីលរយៈចម្ងាយឆ្ងាយ និងកម្លាំងខ្លាំងបែបនេះ ក្នុងសង្រ្គាមឈ្លានពាន របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ការវាយប្រហារដោយមីស៉ីល ICBM របស់រុស្ស៉ី កើតមានឡើង បន្ទាប់ពីអ៊ុយក្រែន បានប្រើប្រាស់មីស៉ីលរយៈចម្ងាយឆ្ងាយ របស់អាមេរិកនិងអង់គ្លេស វាយប្រហារលើគោលដៅក្នុងប្រទេសរុស្ស៉ី ក្នុងសប្តាហ៍នេះ ជាអ្វីដែលទីក្រុងមូស្គូ បានព្រមានជាច្រើនខែមកហើយថា នឹងត្រូវចាត់ទុក ជា ទង្វើបង្កើនជម្លោះកាន់តែខ្លាំង។
អំឡុងការវាយប្រហារខាងលើ កងការពារដែនអាកាសអ៊ុយក្រែន បាញ់ស្កាត់មីស៉ីលគ្រូស Kh-101 បានចំនួន៦គ្រាប់។ យ៉ាងណាក្តី វាមិនទាន់ច្បាស់ទេថា តើមីស៉ីល ICBM របស់រុស្ស៉ី ត្រូវបានកំណត់វាយប្រហារលើគោលដៅអ្វី និងថាតើវាបានបង្ក ឱ្យមានការខូចខាតដែរឬអត់។ មិនតែប៉ុណ្ណោះ ក៏ពុំទាន់មានការបញ្ជាក់ថា មីស៉ីលបាលិស្ទីគអន្តរទ្វីបនោះ ជាមីស៉ីល ICBM ស៊េរីមួយណា ផងដែរ។
គួរបញ្ជាក់ថា ពួកមីស៉ីល ICBM អាចបាញ់បានចម្ងាយរាប់ពាន់គីឡូម៉ែត្រ ហើយអាចប្រើប្រាស់ ដើម្បីពាំក្បាលគ្រាប់នុយក្លេអ៊ែរ ថែមទៀតផង ប៉ុន្តែទោះជាបែបនេះក៏ដោយ ពួកវាក៏អាចប្រើ សម្រាប់បំពាក់ក្បាលគ្រាប់ធម្មតាបាន ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង