មេទ័ពអង់គ្លេសប្រកាសត្រៀមធ្វើសង្រ្គាម ប្រសិនបើរុស្ស៉ីឈ្លានពានរដ្ឋណាមួយផ្សេងទៀត នៅអឺរ៉ុបខាងកើត
ក្រុងឡុងដ៌៖ ប្រមុខកងទ័ពចក្រភពអង់គ្លេស លោក Rob Magowan បាននិយាយថាកងកម្លាំងរបស់លោកនឹងត្រៀមលក្ខណៈដើម្បីធ្វើសង្រ្គាមជាមួយកងទ័ពរុស្ស៉ី ប្រសិនបើ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បើកការឈ្លានពានណាមួយផ្សេងទៀតលើបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបខាងកើត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Politico។
ការសម្គាល់បែបនេះរបស់លោក Rob Magowan ធ្វើឡើងនៅចំពោះមុខគណៈកម្មាធិការការពារជាតិនៃសភាអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា។ ថ្លែងនាឱកាសនោះ ប្រមុខកងទ័ពអង់គ្លេសរូបនេះបានសង្កត់ធ្ងន់ថា «ប្រសិនបើកងទ័ពអង់គ្លេសទទួលបានការស្នើសុំឱ្យចូលរួមប្រយុទ្ធនៅយប់នេះ នោះយើងនឹងចូលរួមប្រយុទ្ធនៅយប់នេះ។ ខ្ញុំមិន គិតនោះទេថាមាននរណាម្នាក់នៅក្នុងសាលនេះត្រូវស្ទាក់ស្ទើរ ប្រសិនបើរុស្ស៉ីឈ្លានពានអឺរ៉ុបខាងកើតនៅយប់នេះ ពោលគឺយើងត្រូវតែប្រយុទ្ធជាមួយពួកគេ»។
គួរបញ្ជាក់ថា បណ្ដាប្រទេសជាសមាជិក NATO ក្នុងតំបន់អឺរ៉ុបខាងកើត ក្នុងនោះរួមមានឡេតូនី និងអេស្ដូនីជាដើម តែងតែបង្ហាញពីការព្រួយបារម្ភថាពួកគេអាចនឹងក្លាយ ជាគោលដៅបន្ទាប់របស់លោក ពូទីន ប្រសិនបើរុស្ស៉ីទទួលបានជ័យជម្នះនៅអ៊ុយក្រែន៕