ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមបណ្ឌិត លី ធុជ៖ សារមន្ទីរតេជោសន្តិភាពសកម្មភាពមីន ជាគោលដៅកម្ពុជា សម្រាប់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចូលរួមកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប

18

                

ភ្នំពេញ៖  ឯកឧត្តមបណ្ឌិត លី ធុជ៖ សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន គឺជាគោលដៅមួយដែលកម្ពុជារៀប ចំសម្រាប់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចូលរួមកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប។

      មុននឹងកម្មវិធីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងបែបនេះ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ មុននឹង ដឹកនាំគណៈ ប្រតិភូចូលរួមកិច្ចប្រជុំកំពូល ធ្វើទស្សនកិច្ចសារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន ដើម្បីឈ្វេងយល់អំពីដំណើរនៃការបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃ ទៅកាន់សន្តិភាពពេញ លេញនៅកម្ពុជា ក្នុងនោះរួមទាំងកិច្ចការសកម្មភាពមីន ផងដែរ។

     ឯកឧត្ដមបានបន្ដថា៖ ដំណើរទស្សនកិច្ច នឹងប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមកិច្ចសហការរៀបចំដោយអាជ្ញាធរមីន និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងមានការចូលរួមពីប្រតិភូពីបណ្តារដ្ឋភាគី រដ្ឋមិនមែនភាគី ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិ ជុំវិញពិភលោក ចំនួន៥២៨ នាក់ ។

    ក្នុងដំណើរការរៀបចំនេះ ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា “សារមន្ទីរតេជោសន្តិភាពនេះ គឺជាសក្ខីភាពមួយនៃភាពធន់ និងឆ្លុះបញ្ចាំងពីគោលដៅចម្បង នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ហើយជាពិ សេស បានបង្ហាញពីសារៈសំខាន់នៃសកម្មភាពមីន ចំពោះមាគ៌ាឆ្ពោះទៅមុខរបស់កម្ពុជា និងការប្តេជ្ញាចិត្តជាសាកលរួមគ្នា ក្នុងការសម្រេចបានពិភពលោកមួយ ដែលមានសុវត្ថិភាព។ សារមន្ទីរនេះ មិនត្រឹមតែរំលឹកយើងអំពីអតីតកាលរបស់កម្ពុជានោះទេ វាជានិមិត្តរូបនៃការអំពាវនាវ និងការជំរុញឱ្យយើងរួបរួមគ្នា បន្តឆ្ពោះទៅមុខដើម្បីសម្រេចបានពិភពលោកមួយដែលគ្មានមីន។

     សារមន្ទីរតេជោសន្តិភាព ក៏ជាសក្ខីភាពបង្ហាញថា ការបោសសម្អាតមីន បាននាំមកនូវសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ និងផ្តល់នូវឱកាសជាថ្មីដល់ជីវិតរបស់ប្រជាជាន និងសហគមន៍ទាំងមូល។ សារមន្ទីរតេជោសន្តិភាព នឹងបំផុស គំនិតយើងទាំងអស់គ្នាឱ្យ បន្តប្រកាន់ខ្ជាប់នូវគោលការណ៍សុវត្ថិភាព សាមគ្គីភាព និងភាពធន់ ក៏ដូចជាបំផុសគំនិតយើងឱ្យសម្រេចឱ្យបាន នូវគោលដៅពិភពលោកមួយដែលគ្មានមីន តាមរយៈការអនុវត្តផែនការសកម្មភាពសៀមរាប-អង្គរ ២០២៥-២០២៩ ដែលនឹងត្រូវអនុម័ត ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ខាងមុខនេះ។

     ឯកឧត្តមបណ្ឌិត លី ធុជ បានអរគុណចំពោះទីភ្នាក់ងារ JICA និងរដ្ឋាភិបាលជប៉ុនសម្រាប់ភាពជា ដៃគូយូរអង្វែង និងការគាំទ្រដ៏មានតម្លៃសម្រាប់ការសាងសង់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន  ជាពិសេសការប្ដេជ្ញាចិត្តរបស់ជប៉ុន ក្នុងសកម្មភាពមីន ដើម្បីផ្លាស់ប្តូរប្រទេសកម្ពុជា ពីប្រទេសដែលរងផលប៉ះពាល់ដោយសារមីន ទៅជាប្រទេសនាំមុខគេក្នុងសកម្មភាពមីនជាសកល ៕

       ដោយ  សំរិត

អត្ថបទដែលជាប់ទាក់ទង