ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថា កម្ពុជានឹង មាន ការអភិវឌ្ឍរីកចម្រេីន កាន់តែខ្លាំងក្លា

111

ភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជេីញជួបពិភាក្សាការងារជាមួយឯកឧត្ដមជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភាវៀតណាម ក្នុងឱកាសនៃដំណើរ ទស្សនកិច្ច ផ្លូវការ និងចូលរួមមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅកម្ពុជា។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្ដមប្រធានរដ្ឋសភាវៀតណាម បានការកោតសរសើរចំពោះ ការ អភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្លា ប្រកបដោយភាពច្នៃប្រឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ និងមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំ របស់សម្ដេចបវរធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ និងខ្លាំងក្លា បន្ថែមទៀត ដែលនឹងសម្រេចបានចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសចំណូល ខ្ពស់ នៅឆ្នាំ២០៥០។

ឯកឧត្ដមប្រធានរដ្ឋសភាបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការដ៏ល្អរវាងវៀតណាម និងកម្ពុជា។ ឯកឧត្ដមប្រធានរដ្ឋសភា បានប្ដេជ្ញាចិត្ត ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន នីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ និងបង្ហាញការគាំទ្រចំពោះការបន្តពង្រឹង និងពង្រីកទំនាក់ទំនង រវាង ក្រសួង-ស្ថាប័ននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងសេចក្ដីសោមនស្សរីករាយចំពោះ វឌ្ឍនភាព និងការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក៏ដូចជា ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ សម្ដេចបវរធិបតីបានស្វាគមន៍ ការប្តេជ្ញាចិត្ត ក្នុងការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគី លើគ្រប់វិស័យ ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

សម្ដេចបវរធិបតី និងឯកឧត្ដមប្រធានរដ្ឋសភាក៏បានពិភាក្សាផងដែរ អំពីការបន្តជំរុញកិច្ច សហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន ជាអាទិ៍៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ, វិស័យទេសចរណ៍, វិស័យសន្តិសុខ និងការពារជាតិ, ក៏ដូចជាការតភ្ជាប់រវាងប្រជាជននិងប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង