ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រសៀលថ្ងៃនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២

13

ភ្នំពេញ៖នៅរសៀលថ្ងៃសៅរ ៨រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី កម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ នៅវិទ្យាស្ថានជាតិអប់រំ។

អនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣២ រៀបចំឡើងរយៈពេល ៣ចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣២។

អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស តែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយមានកិច្ចសហការរវាងក្រសួងធម្មការ និងសាសនា មានការយាង និមន្ត និងអញ្ជើញចូលរួមជាកិត្តិយស ពីសំណាក់ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចសង្ឃនាយកទាំងពីរគណៈ សម្តេច ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត និងថ្នាក់ដឹកនាំ មន្ត្រីរាជការតាមបណ្តា ក្រសួង-ស្ថាប័ន រាជធានី ខេត្ត និងសាសនិកគ្រប់និកាយសាសនា ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សរុបចំនួនប្រមាណ ១ ២០០ អង្គ/នាក់។

នយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានបិទបញ្ចប់សង្គ្រាមរវាងខ្មែរ និងខ្មែរទាំងស្រុងនៅឆ្នាំ១៩៩៨ ប្រទេសជាតិ មានសន្តិភាពពេញលេញ មានកាលានុវត្តភាព សម្រាប់កសាង និងអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ វិស័យធម្មការ និងសាសនា ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។

នៅក្នុងប្រទេសកម្ពុជាយើង ទោះបីជាមានការប្រតិបត្តិជំនឿសាសនាផ្សេងៗគ្នា ឬនិកាយខុសៗគ្នា ប៉ុន្តែក៏គ្មានប្រជាពលរដ្ឋណាម្នាក់ ឬសាសនាណាមួយ ត្រូវបានធ្វើទុក្ខបុកម្នេញ ដោយសារតែការគោរពជំនឿសាសនារបស់ពួកគេនោះទេ។ យើងអាចនិយាយ បានដោយមោទកភាពថា នៅព្រះរាជាណាចក្រកម្ពុជា មិនមានសាសនាណាមួយប្រកាន់នូវនិន្នាការជ្រុល និយមនោះទេ ហើយនេះជាតថភាពមួយដែលឆ្លុះបញ្ចាំងឱ្យឃើញពីគុណតម្លៃនៃសាមគ្គីភាព និងភាព សុខដុមរមនាសាសនានៅកម្ពុជា។

កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់និងប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់ការកសាងនិងការការពារមាតុភូមិឆ្នាំ២០២៣២០២៨ បានចង្អុលបង្ហាញយ៉ាង ច្បាស់អំពី ការអភិរក្ស និងការអភិវឌ្ឍវិស័យសាសនា មានជាអាទិ៍៖

១៖ គោរពសេរីភាពខាងជំនឿ និងធ្វើប្រណិប័តន៍ខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរព ប្រតិបត្តិសាសនាផ្សេងៗទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា,
២៖ ពង្រឹងសុខដុមនីយកម្ម ជាងគ្រប់សាសនា ជាតិសាសន៍ ក្នុងព្រះរាជាណាចក្រកម្ពុជា រាំងស្កាត់ការធ្វើអាជីវកម្មលើសាសនា និងប្រឆាំងការរើសអើង ក្នុងជំនឿនិងសាសនា សំដៅប្រែក្លាយសក្តានុពលរបស់សាសនាទាំងអស់ ទៅជាកម្លាំងសាមគ្គីជាតិតែមួយ ដ៏ខ្លាំងក្លា ក្នុងការការពារសន្តិភាព ឯកភាពជាតិ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
៣៖ បន្តពង្រឹង និងពង្រីកការអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត។

វិស័យសាសនានៅប្រទេសកម្ពុជាសព្វថ្ងៃ មានការរីកចម្រើនយ៉ាងខ្លាំង ក្រោមដំបូលនៃសុខសន្តិភាព ដែលកម្ពុជាទទួលបាននាបច្ចុប្បន្ននេះ ធ្វើឱ្យសាសនាទាំងអស់រស់នៅរួមគ្នា ប្រកបដោយក្តីសុខក្សេមក្សាន្ត។ មនុញ្ញផលសន្តិភាពនេះ កើតចេញពីការខិតខំប្រឹងប្រែងលះបង់ បូជាសាច់ស្រស់ ឈាមស្រស់ របស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ដែលបាននាំនាវាកម្ពុជា ពីគ្មានសាសនាឱ្យមានសាសនាយ៉ាងច្រើននៅកម្ពុជា ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តយ៉ាងម៉ឺង ម៉ាត់បំផុតក្នុងការបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនឹងអនុវត្តក្នុងរយៈ ពេលជាង ៤០ឆ្នាំកន្លងមកនេះ ក្នុងការគោរពប្រតិបត្តិ ធានាសិទ្ធិរសរីភាពដល់គ្រប់សាសនាទាំងអស់ និងថែរក្សាសុខដុមនីយកម្មសាសនា ដែលជាធាតុមួយដ៏សំខាន់ក្នុងការថែរក្សា សន្តិភាពនៅកម្ពុជា។

គណៈសង្ឃនាយកទាំងពីរគណៈបានធ្វើកិច្ចពិភាក្សាពេញអង្គរយៈពេល៣ថ្ងៃ លើប្រធានបទសំខាន់ៗ ដើម្បីតាមដានត្រួតពិនិត្យ និងវាយតម្លៃលើ លទ្ធផលនៃការអនុវត្តសង្ឃប្រកាសកន្លងទៅ និងការងារនាបច្ចុប្បន្ន ព្រមទាំងលើកទិសដៅត្រូវអនុវត្តបន្តទៀត គាំទ្រទៅលើប្រព័ន្ធសង្សាភិបាល ការប្រតិបត្តិធម៌វិន័យ កិច្ចការព្រះពុទ្ធសាសនាលើឆាកអន្តរជាតិ និងពុទ្ធិកសិក្សា ដោយបានផ្លាស់ប្តូរព្រះយោបល់គ្នាយ៉ាងផុសផុល លើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហា ប្រឈម ក្នុងវិស័យព្រះពុទ្ធសាសនា។

សកម្មភាពនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តលើកកម្ពស់ តម្លៃព្រះពុទ្ធសាសនា ឱ្យកាន់តែល្អប្រសើរថែមទៀត រួមចំណែកដល់ការអភិវឌ្ឍជាតិជាមួយរាជរដ្ឋាភិបាល។ ជាលទ្ធផលដ៏ត្រចះត្រចង់ សម្រាប់អនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ នេះ គណៈសង្ឃនាយកទាំងពីរគណៈ បានសម្រេចព្រះទ័យជាឯកច្ឆ័ន ដាក់ចេញនូវសង្ឃប្រកាសរួមគ្នាតែមួយ ដើម្បីពង្រឹងសាមគ្គីធម៌ក្នុងព្រះពុទ្ធសាសនា៕

អត្ថបទដែលជាប់ទាក់ទង