ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖គោលនយោបាយឈ្នះ ឈ្នះ បង្កើតឡើងដោយកូនខ្មែរ បច្ចុប្បន្នជាថ្នាក់ដឹកនាំ​កំពូល​របស់កម្ពុជា ត្រូវបានថ្នាក់ដឹកនាំនយោបាយ និងអ្នកនយោបាយអន្តរជាតិជាច្រើនកោតសរសើរ និង​យកជាពិសោធន៍ក្នុងការរៀនសូត្រ

14

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារ​ក្នុងពិធីបិទ “អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២” កាលពីរសៀល​ថ្ងៃ​សៅរ៍ ទី២៤ វិច្ឆិកា ២០២៤​ ថាគោលនយោបាយឈ្នះ ឈ្នះ ដែលបង្កើតឡើងដោយកូនខ្មែរ បច្ចុប្បន្នជាថ្នាក់ដឹកនាំ​កំពូល​របស់ កម្ពុជា ត្រូវបានថ្នាក់ដឹកនាំនយោបាយ និងអ្នកនយោបាយអន្តរជាតិជាច្រើនកោតសរសើរ និង​យកជាពិសោធន៍ក្នុងការរៀនសូត្រ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារ​បែបនេះក្នុងពិធីបិទ “អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២” កាលពីរសៀល​ថ្ងៃ​សៅរ៍ ទី២៤ វិច្ឆិកា ២០២៤​ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានអះអាងទៀតថា សម្តេចតេជោ គឺជាតួអង្គយ៉ាងសំខាន់ដែលកងកម្លាំង និងមេដឹកនាំ​ខ្មែរក្រហម អាច​យល់ព្រមចុះចូល និងធ្វើសមាហរណកម្ម ព្រោះបើគ្មានសម្តេចតេជោ ទោះបីជា​គោលនយោបាយឈ្នះ ឈ្នះល្អយ៉ាងណាក៏ដោយ ក៏មិនអាចសម្រេចជោគជ័យបានដែរ។ គ្រប់ថ្នាក់ដឹក​នាំនយោបាយ និងអ្នកនយោបាយ ដែលចូលរួមមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រារព្វធ្វើនៅកម្ពុជា គឺសុទ្ធតែ​បាន​លើកឡើងអំពី​សន្តិភាព និងការផ្សះផ្សាជាតិ ហើយអ្វីដែលជាពិសេស គឺការយកករណីកម្ពុជា សម្រាប់ដកស្រង់ជាបទពិសោធន៍ និងជាការរៀនសូត្រ ជាពិសេសអំពីសុខដមនីយកម្មសាសនា។  ជាមួយគ្នានេះ ភាពជោគជ័យនៃនយោបាយឈ្នះ ឈ្នះ ដែលឈរលើ​គោលការណ៍គ្រឹះ​សំខាន់ចំនួន ៣ គឺការធានាអាយុជីវិត, ការធានាអាជីព និងការធានាទ្រព្យសម្បត្តិ ដែលមូលដ្ឋាននេះ គឺកើតចេញពីសាសនា។

បន្ថែមពីនេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមអំពីមូលហេតុដែលប្រទេសកាន់តែទំនើប សាសនាកាន់តែដើរតួនាទីយ៉ាងសំខាន់ ព្រោះថាការធ្វើទំនើបកម្ម និង​សាកល​ភាវូបនីយកម្មទាំងបច្ចេកវិទ្យា និងសាសនា កាន់តែជួយឱ្យយើងមានការ​អភិវឌ្ឍល្អប្រសើរ និងចីរភាព។ ក្នុងនោះជាឧទាហរណ៍ជាក់ស្តែង យើងអាចកត់សម្គាល់ថា សម្ភារ និងមធ្យោបាយ​នៃការសិក្សា ដែលពីមុនមានការលំបាកក្នុងការសិក្សា តែបច្ចុប្បន្ន កាន់តែងាយស្រួល និងឆាប់រហ័ស ពិសេសមានជម្រើសច្រើន។ ការធ្វើសាកលភាវូបនីយកម្ម អាចនឹងធ្វើឱ្យអត្តសញ្ញាណរបស់ប្រទេស​ពីមួយជំនាន់ ទៅមួយជំនាន់មានភាពមិនច្បាស់លាស់ ដូចនេះភាពជោគជ័យរបស់មនុស្ស មិនមែន​វាយតម្លៃតែនៅលើសម្ភារនិយមនោះទេ។ ដូចនេះការរីកចម្រើនអភិវឌ្ឍប្រទេស គឺត្រូវតែមាន តែត្រូវរក្សាអត្តសញ្ញាណ ហើយការរក្សាតម្លៃ គឺត្រូវមានព្រំដែន ដែលត្រូវឈរលើការអប់រំជាគោល។

មុននឹងបញ្ចប់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីសាសនាមានសុចរិតភាព ហើយអ្នកនយោបាយក៏ត្រូវពឹងផ្អែកលើសុចរិតភាព ដោយមិនត្រូវធ្វើជាមនុស្សដឹងរឿង ហើយនៅតែបង្កើតរឿងភូតភរប្រជាជន គឺជាការប្រព្រឹត្តអំពើបាប ព្រោះថា ការគិតពីផល​ប្រយោជន៍​ជាតិ និងប្រជាជន គឺជាការទទួលខុសត្រូវប្រកបដោយធម៌៕

អត្ថបទដែលជាប់ទាក់ទង