ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បើកវិញ្ញាសារប្រឡងប្រជែងសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការចូលរៀននៅសាលាភូមិន្ទរដ្ឋបាល, បេក្ខជនចូលរួមប្រឡងជាង ១ម៉ឺននាក់
ភ្នំពេញ៖បេក្ខជនសរុបចំនួន ១០៨៩៨នាក់ បានចូលរួមប្រឡងប្រជែងសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ចូលរៀននៅសាលាភូមិន្ទរដ្ឋបាល។
ការប្រឡងនេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយមានឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសារជានិមិត្តរូប។
បេក្ខជនចូលរួមប្រឡងប្រជែងសិស្សមន្ត្រីជាន់ខ្ពស់រចំនួន ២៧៧៥នាក់ សម្រាប់ ៥០កន្លែង និងសិស្សមន្ត្រីក្រមការចំនួន ១៨០កន្លែង មានបេក្ខជនមានឈ្មោះប្រឡងចំនួន ៨១៧៣នាក់។
ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ចាប់ផ្តើមនៅវេលាម៉ោង ៨:០០នាទីព្រឹក ដោយប្រឡងវិញ្ញាសាពហុចម្លើយភាសាអង់គ្លេស ឬភាសាបារាំង និងវិញ្ញាសាពហុចម្លើយចំណេះដឹង។
ដោយឡែក ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ចែកចេញជាពីរវេនគឺ វេនទី១ ចាប់ផ្តើមនៅម៉ោង ១៤:០០នាទី ដល់ម៉ោង ១៥:៣០នាទី និងវេនទី២ ចាប់ផ្តើមនៅម៉ោង ១៦:៣០នាទី ដល់ម៉ោង ១៨:០០នាទី ដោយប្រឡងលើវិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ។
ក្នុងដំណើការប្រឡង និងដំណាក់កាលកំណែ ក្រោយការប្រឡងគឺមានការចូលរួមសង្កេតការណ៍ជាប្រចាំពី អង្គភាពប្រឆាំងអំពើពុករលួយចំនួន ២៤១រូប សហភាពសហព័ន្ធយុវជនកម្ពុជាចំនួន ២០នាក់ តំណាងសាកលវិទ្យាល័យចំនួន ១០ស្ថាប័ន តំណាងមហាជនចំនួន ១០នាក់ក្នុងមួយមណ្ឌល អ្នកសារព័ត៌មានចំនួន១០ស្ថាប័ន និងយន្តការផ្ទៃក្នុងរបស់គណៈកម្មការប្រឡង គឺអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ។
សូមបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសមន្រ្តីទាំងនេះ នឹងឈរលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕