សម្ដេចតេជោ ហ៊ុន សែន៖ ទោះខ្ញុំស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះស្វែងរកសន្ដិភាពលំបាកខ្លាំងណាស់ មិនងាយដូចបញ្ឆេះសង្គ្រាមឡើយ
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាស្ថានិកនយោបាយឈ្នះឈ្នះ ជាអ្នកពន្លត់ភ្លើងសង្គ្រាមរបស់កម្ពុជា នាំមកនូវសុខសន្ដិភាព និងការអភិវឌ្ឍ បានលើកឡើងថា បើទោះបីសម្ដេចមិនមានវត្តមាននៅលើភពផែនដីនេះ ក៏សម្ដេចនៅតែខ្វាយខ្វល់ពីសន្ដិភាពរបស់កម្ពុជា ដូច្នេះអ្នកបន្ដវេនជំនាន់ថ្មី មិនត្រូវបណ្ដែតបណ្ដោយឲ្យបាត់បង់សន្ដិភាព ដែលស្វែងរកដោយលំបាកនេះបានឡើយ។
តាមរយៈបាកឋពិសេសអំពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព» ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកជាផ្លូវការសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា សម្ដេចមិនអាចអត់ឱនឲ្យបានជាដាច់ខាត អ្នកណាដែលធ្វើឲ្យបាត់បង់សុខសន្ដិភាពរបស់កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ម្សិលមិញ ខ្ញុំនិយាយក្នុងជំនួបរបស់ខ្ញុំជាមួយថ្នាក់ដឹកនាំ ICAPP ដោយខ្ញុំនិយាយលេងថា បើទោះបីខ្ញុំស្លាប់ទៅដល់ទីកន្លែងណាក៏ដោយ ប៉ុន្ដែបើសិនអ្នកជំនាន់ថ្មីបណ្ដែតបណ្ដោយឲ្យខូចខាតសន្ដិភាព ខ្ញុំនឹងមិនអត់ឱនទេ ខ្ញុំនឹងមករករឿង ព្រោះការរកសន្ដិភាពនេះពិបាកណាស់ ការធ្វើឲ្យឆេះសង្គ្រាមជាការងាយ ប៉ុន្ដែការស្វែងសន្ដិភាពជាការលំបាក»។
អតីតកាលរបស់កម្ពុជាអ្នកជំនាន់មុន បានឆ្លងកាត់នូវដំណាក់កាលសង្គ្រាម ឆ្លងកាត់នូវដំណាក់កាលស្វះស្វែងរកសន្ដិភាព ហើយសន្ដិភាពបច្ចុប្បន្ននេះ បានបន្ដទុកឲ្យអ្នកជំនាន់ក្រោយរក្សា និងបន្ដអភិវឌ្ឍន៍។ នេះជាប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដែលអតីតកាលបានយកជីវិតធ្វើដើមទុន ដើម្បីបិទបញ្ចប់ភ្លើងសង្គ្រាមរបស់កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់អង្គវេទិកាបន្ដទៀតថា ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលកំពុងដឹកនាំប្រទេស បានសម្រេចចិត្តដាក់អម្រែកនៃភារកិច្ចដ៏សំខាន់នេះ ដើម្បីឲ្យអ្នកបន្តវេនជំនាន់ក្រោយទទួលបន្តដឹកនាំ។ ចំណុចខុសគ្នាមួយនៅត្រង់ថា អ្នកបន្តវេនជំនាន់ក្រោយមិនបានហែលឆ្លងសមរភូមិ សង្គ្រាមប្រដាប់អាវុធ និងការរំដោះជាតិផ្ទាល់ពីយុគសម័យដ៏ខ្មៅងងឹត និងមហាវិនាសកម្ម។
អតីតប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា អ្នកជំនាន់ក្រោយមានភារកិច្ចចម្បងៗ ត្រូវបន្តរក្សា, ការពារ និងលើកតម្កើងតម្លៃសន្តិភាព, បង្កើតសមិទ្ធផល និងស្នាដៃថ្មីៗ, ពង្រីកសក្តានុពលអភិវឌ្ឍ និងពូនជ្រុំសាមគ្គីភាព និងឯកភាពជាតិ ដោយបន្តឈរ លើបាវចនាជាតិ គឺ «ជាតិ សាសនា ព្រះមហាក្សត្រ» និងបាវចនាបក្ស គឺ «ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម»។
រដ្ឋបុរសកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា សុខសន្តិភាព ពិតណាស់ជារឿងសំខាន់ណាស់ដែលត្រូវការពារ ព្រោះមុននិយាយអ្វីផ្សេង ត្រូវនិយាយពីសន្តិភាព។ សម្ដេចបន្ដថា កម្ពុជាឈឺចាប់គ្រប់គ្រាន់ ហើយ អត់ត្រូវការបង្កើតសង្គ្រាមទៀតទេ ហើយសម្ដេចសូមការ យោគយល់ប្រិយមិត្តបរទេស ចំពោះការប្រើកណ្តាប់ដៃដែកកម្ចាត់បដិវត្តន៍ពណ៌ គឺដើម្បីធានាការពារនូវសុខសន្តិភាពប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅប្រតិភូអន្តរជាតិទៀតថា សន្តិភាពដែលកម្ពុជាមានពេលនេះ ជាសន្តិភាពវែងជាងគេ គឺជិត២៧ឆ្នាំហើយ នៃប្រវត្តិសាស្ត្ររបស់កម្ពុជា យ៉ាងហោចណាស់ក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយ៕