ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហេសបូឡា បាញ់រ៉ុក្កែតប្រហែល២៥០គ្រាប់ ចូលលើទឹកដីអ៉ីស្រាអែលធ្វើឱ្យប្រយុទ្ធគ្នាយ៉ាងក្តៅគគុកនៅចំពោះមុខការអំពាវនាវបទឈប់បាញ់ពី EU

16

បេរូត៖ អ៉ីស្រាអែលបានបន្តវាយប្រហារលើសំបុករបស់ក្រុមហេសបូឡា ដែលនៅភាគខាងត្បូងរដ្ឋធានី Beirut នៃប្រទេសលីបង់ ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់ បានរាយការណ៍ពីការប្រយុទ្ធគ្នាដ៏តានតឹង នៅឯតំបន់ព្រំដែន ហើយយោធាអ៉ីស្រាអែល បានអះអាងថា រ៉ុក្កែតប្រហែល២៥០គ្រាប់ ត្រូវបានបាញ់មកលើទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការប្រយុទ្ធគ្នាយ៉ាងក្តៅគគុកនេះរវាងភាគីទាំងពីរ គឺបន្តប្រព្រឹត្តទៅ បើទោះបីជាប្រមុខការទូតរបស់សហភាពអឺរ៉ុប លោក Josep Borrell បានព្យាយាមអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ រវាងអ៉ីស្រាអែលនិងហេសបូឡាក៏ដោយ អំឡុងពេលដែលលោក មកបំពេញទស្សនកិច្ចនៅប្រទេសលីបង់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

យោធាអ៉ីស្រាអែល បានប្រាប់ថា ក្រុមហេសបូឡា បានបាញ់រ៉ុក្កែតប្រហែល២៥០គ្រាប់ ចូលមកអ៉ីស្រាអែល កាលពីថ្ងៃអាទិត្យ។ រ៉ុក្កែតមួយចំនួន ត្រូវបានបាញ់ស្ទាក់ ដោយប្រព័ន្ធការពារដែនអាកាសអ៉ីស្រាអែល ប៉ុន្តែមួយចំនួន បានធ្លាក់ចំលំនៅដ្ឋាន នៅឯ ភាគកណ្តាលប្រទេស។ កាលពីខែកញ្ញា ក្រុមហេសបូឡា ធ្លាប់បាញ់រ៉ុក្កែតប្រមាណ ៣៥០គ្រាប់ លើអ៉ីស្រាអែល ពោលគឺនៅពេលជម្លោះចាប់ផ្តើមកើនឡើងកម្តៅ ឆ្ពោះទៅរកសង្រ្គាម។

ចំណែកនៅលីបង់វិញ ក្នុងថ្ងៃអាទិត្យដដែល គឺមួយថ្ងៃបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លា របស់អ៉ីស្រាអែល ដែលក្រសួងសុខាភិបាលលីបង់ អះអាងថា បានសម្លាប់មនុស្ស៨៤នាក់ គឺអ៉ីស្រាអែល បានធ្វើសកម្មភាពវាយប្រហារម្តងទៀត នៅតំបន់ជាយភាគខាងត្បូងទីក្រុង Beirut ដែលជាមូលដ្ឋានរបស់ក្រុមហេសបូឡា។ អំឡុងពេលមួយសប្តាហ៍កន្លងទៅនេះ អ៉ីស្រាអែល ក៏បានវាយប្រហារចំកណ្តាលទីក្រុង Beirut តែម្តង ផងដែរ។

គួរបញ្ជាក់ថា យោងតាមក្រសួងសុខាភិបាលនៃប្រទេសលីបង់ ជម្លោះរវាងអ៉ីស្រាអែលនិងហេសបូឡា បានផ្តាច់ជីវិតមនុស្ស យ៉ាងហោច ៣ ៧៥៤នាក់ នៅលីបង់ គិតចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ប៉ុន្តែភាគច្រើននៃអ្នកស្លាប់ គឺចាប់តាំងពីខែកញ្ញា ឆ្នាំនេះ ជាពេលដែលជម្លោះរវាងភាគីទាំងពីរ បានវិវត្តក្លាយទៅជាសង្រ្គាមពេញទំហឹង។ ចំណែក នៅខាងអ៉ីស្រាអែលវិញ អាជ្ញាធរបានអះអាងថា មានទាហានយ៉ាងហោច៨២នាក់ និងប្រជាជនស៉ីវិល៤៧នាក់ បានបាត់បង់ជីវិត ក្នុងជម្លោះ។ សង្រ្គាមអ៉ីស្រាអែល-ហេសបូឡា គឺកើតមានឡើងទន្ទឹមគ្នាជាមួយ សង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហាម៉ាសប៉ាឡេស្ទីន នៅឯតំបន់ហ្កាហ្សា ដែលបានផ្ទុះឡើងកាលពី ថ្ងៃទី៧ ខែតុលា ឆ្នាំមុន៕

អត្ថបទដែលជាប់ទាក់ទង