ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវដល់វិស័យឯកជន បន្តភាពជាដៃគូជាមួយកាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្រេចឱ្យបានគោលដៅបញ្ចប់ជំងឺអេដស៍នាឆ្នាំ២០២៥

10

ភ្នំពេញ៖សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ា-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានអំពាវនាវឱ្យវិស័យឯកជនទាំងអស់ បន្តភាពជាដៃគូជាមួយកាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្រេចឱ្យបានគោលដៅបញ្ចប់ជំងឺអេដស៍ នាឆ្នាំ២០២៥។

នេះបើតាមសារលិខិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ទទួលបាននៅថ្ងៃព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

តាមរយៈសារលិខិតនេះ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់ទៀតថា «ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្នុងនាមខ្ញុំផ្ទាល់ ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ខ្ញុំមានកិត្តិយស សូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ថ្នាក់
ជាតិលើកទី៣១ និងថ្នាក់អន្តរជាតិលើកទី៣៦ ក្រោមប្រធានបទ
«សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍»

ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ជាឱកាសដ៏មានសារៈសំខាន់សម្រាប់គូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ភាពមិនរើសអើងជាមួយអ្នករស់នៅជាមួយមេរោគអេដស៍
និងការលើកកម្ពស់សិទ្ធិរស់នៅស្មើមុខស្មើមាត់ជាមួយប្រជាពលរដ្ឋទូទៅក្នុងសង្គមជាតិ និងជាការបង្ហាញពីវឌ្ឍនភាពការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រី សម្រេចបានមួយឆ្នាំកន្លងមក ក្នុងការឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅកម្ពុជា ដែលជារួមមាន៖

១៖ ផ្តល់ការបង្ការ ព្យាបាល ថែទាំ និងគាំទ្រទូលំទូលាយ និងមានប្រសិទ្ធភាព តាមរយៈការសម្របសម្រួលល្អ និងប្រើប្រាស់វិធីសាស្ត្រជំរុញការចូលរួមជាពហុវិស័យ រួមមាន អន្តរាគមន៍គន្លឹះនៃការបង្ការ, ការធ្វើតេស្ត និងអត្រាវិជ្ជមានមេរោគអេដស៍ ក្នុងចំណោមក្រុមប្រឈម ទៅតាមក្រុម និងតាមត្រីមាស, និងអន្តរាគមន៍គន្លឹះនៃការថែទាំ និងព្យាបាលជំងឺអេដស៍ ដើម្បីធនធានមនុស្សប្រកបដោយសុខភាពល្អ។

២៖ ធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសង្គម និងបង្កើតបរិយាកាសអំណោយផល ឱ្យក្រុមប្រជាជនគន្លឹះ និងអ្នកផ្ទុកមេរោគអេដស៍ បានទទួលសេវាអេដស៍ សេវាសុខាភិបាល និងសេវាគាំទ្រផ្នែកច្បាប់
និងសង្គមប្រកបដោយប្រសិទ្ធភាព តាមរយៈ ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីគាំពារសង្គម, លើកកម្ពស់ការបញ្ចប់ការមាក់ងាយ និងការរើសអើង ដោយប្រកាន់ខ្ជាប់គោលការណ៍សមភាព និង
បរិយាបន្ន។

៣៖ កសាងសមត្ថភាពស្ថាប័ន សហគមន៍ និងបុគ្គល ដើម្បីពង្រឹងការឆ្លើយតបសហគមន៍ និងកែលម្អការធ្វើសមាហរណកម្មឆ្លើយតបនឹងមេរោគអេដស៍ ក្នុងវិស័យសុខាភិបាល និងវិស័យមិនមែន
សុខាភិបាល។

៤៖ ធានាចីរភាពសមិទ្ធផលជាតិ នៃការឆ្លើយតបនឹងមេរោគអេដស៍ ដោយការបង្កើតការវិនិយោគជាតិ និងការពង្រឹងប្រព័ន្ធប្រទេសឆ្លើយតបនឹងមេរោគអេដស៍ តាមរយៈអភិបាលកិច្ច សម្របសម្រួល
និងត្រួតពិនិត្យ។

៥៖ ការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសរម្លឹកទៀតថា ក្នុងនាមជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នឹងបន្តពង្រឹងការចូលរួមជាមួយរាជរដ្ឋាភិបាលឱ្យបានទ្វេដង ដោយផ្តោតការយកចិត្តទុកដាក់ទៅលើអាទិភាពចំនួន ៣ ជាចម្បង៖ ១) ការអប់រំលើកកម្ពស់ការយល់ដឹងពីការបង្ការ ការចម្លងមេរោគអេដស៍នៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានអប់រំ ជាពិសេសក្នុងចំណោមយុវវ័យ និងការបង្ការការចម្លងមេរោគអេដស៍ពីម្ដាយទៅកូន, ២) ផ្តល់សេវាគាំទ្រសង្គម ជួយជនរងគ្រោះដោយសារមេរោគអេដស៍និងជំងឺអេដស៍, ៣) លើកកម្ពស់ការកាត់បន្ថយ ដើម្បីឈានទៅលុបបំបាត់ទាំងស្រុងរាល់ ទម្រង់រើសអើងនិងមាក់ងាយលើអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍។

ដូចច្នេះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមអំពាវនាវឱ្យវិស័យឯកជនទាំងអស់បន្តភាពជាដៃគូជាមួយកាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្រេចឱ្យបានគោលដៅបញ្ចប់ជំងឺអេដស៍នាឆ្នាំ២០២៥ ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង