ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេដឹកនាំអ៉ីរ៉ង់ ស្វាគមន៍បទឈប់បាញ់អ៉ីស្រាអែល-ហេសបូឡា ប៉ុន្តែថារក្សាសិទ្ធិក្នុងការសងសឹក

14

តេហេរ៉ង់៖រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បាននិយាយថា ទីក្រុងតេហេរ៉ង់នៅតែរក្សាសិទ្ធិឆ្លើយតប ចំពោះការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែល កាលពីខែមុន មកលើប្រទេសរបស់ខ្លួន ប៉ុន្តែក៏គិតគូរពីការវិវត្តន៍នៃស្ថានភាពក្នុងតំបន់ដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។

បទឈប់បាញ់មួយរវាងអ៉ីស្រាអែល និងក្រុមហេសបូឡា បានចូលជាធរមានកាលពីថ្ងៃពុធ ក្រោមការសម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំង។ អំឡុងទស្សនកិច្ចទីក្រុង Lisbon ប្រទេសព័រទុយហ្កាល់ លោក Araqchi ប្រាប់អ្នកសារព័ត៌មានថា អ៉ីរង៉ស្វាគមន៍កិច្ចព្រមព្រៀង ដែលសម្រេចបាននៅលីបង់នេះ ហើយសង្ឃឹមថាវានឹងរក្សាបានជាអចិន្រ្តៃយ៍។

នៅពេលត្រូវបានសួរថាតើបទឈប់បាញ់ អាចបន្ធូរបន្ថយភាពតានតឹងរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ឬទេ? លោក Araqchi ឆ្លើយថា «វាអាស្រ័យលើអាកប្បកិរិយា របស់អ៉ីស្រាអែល»។ លោកគូសបញ្ជាក់ដូច្នេះថា «ពិតណាស់ យើងនៅតែរក្សាសិទ្ធិក្នុងការឆ្លើយតប ប៉ុន្តែនឹងពិចារណាលើការវិវត្តន៍នៃស្ថានភាព នៅក្នុងតំបន់»។

គួរបញ្ជាក់ថា នៅថ្ងៃទី២៦ ខែតុលា អ៉ីស្រាអែលបានវាយប្រហារគោលដៅនានានៅអ៉ីរ៉ង់ ជាការសងសឹកនឹងការបាញ់មីស៉ីលជិត ២០០គ្រាប់របស់អ៉ីរ៉ង់លើអ៉ីស្រាអែល កាលពីថ្ងៃទី១ ខែតុលា៕

អត្ថបទដែលជាប់ទាក់ទង