ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ បាន៩២% ស្មើនឹងទឹកប្រាក់១,៣៣៦លានដុល្លារ គ្រោងនឹងបើកដំណើរការនៅឆ្នាំក្រោយ

12

កណ្ដាល៖អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F សម្រេចបានការសាងសង់ ដំណាក់កាលទីមួយ បានប្រមាណ៩២%ហើយ ស្មើនឹងទឹកប្រាក់១,៣៣៦លានដុល្លារ ដែលគ្រោងនឹងបើកដំណើរការ នៅឆ្នាំ២០២៥ ទៅតាមផែនការគ្រោងទុក។

នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ក្នុងឱកាសចុះទស្សនកិច្ច នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានការចូលរួម ពីឯកអគ្គរដ្ឋទូតចំនួន៤ប្រទេស ដែលប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

ឯកអគ្គរដ្ឋទូត ទាំង៤ប្រទេសនោះ រួមមាន៖ លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៉ីប្រចាំនៅកម្ពុជា, លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា, លោក Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា និងលោក Pengiran Kasmirhan ឯកអគ្គរាជទូតប្រុយណេប្រចាំនៅកម្ពុជា។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក ឆារស៍ វ៉ាន់ បានបញ្ជាក់ថា «គិតត្រឹម ថ្ងៃ ទី២៨ ខែវិច្ឆិកានេះ ព្រលានយន្តហោះអន្តរជាតិតេជោ សម្រេច ការ សាងសង់ បានប្រហែលជា៩២% និងចំនួនទឹកប្រាក់១,៣៣៦លានដុល្លារ ហើយគ្រោងនឹងបើកដំណើរការ នៅឆ្នាំ២០២៥ ទៅតាមផែនការ ដែលបានគ្រោងទុក»។

លោក ឆារស៍ វ៉ាន់ បានប្រាប់ថា ឯកអគ្គរដ្ឋទូតទាំង៤ប្រទេស ដែលបានចុះមកទស្សនកិច្ច នៅអាកាសយានដ្ឋានអន្តរជាតិតេជោ មានការរំភើបចិត្ដ ហើយមិននឹកស្មានថា ប្រទេសកម្ពុជា មានការសាងសងព្រលានយន្ដហោះខ្នាត 4F ជាអន្ដរជាតិ និងមានស្ដង់ដារខ្ពស់ បែបនេះនោះទេ។

ក្រោយពីបានដើរពិនិត្យ វឌ្ឍនភាព នៃ ដំណើរ ការ សាង សង់ ព្រលានយន្តហោះរួចមក, ឯកអគ្គរដ្ឋទូតទាំង៤ប្រទេស បានកត់សម្គាល់ឃើញថា ការសាងសង់នេះ មាន លក្ខណៈ ប្លែកច្រើន និងឃើញថា ជាការសាងសង់មួយ ក្នុងទំហំធំពុំធ្លាប់មានពីមុនមក នៅក្នុងប្រទេសកម្ពុជា។

ឯកអគ្គរដ្ឋទូតទាំង៤ប្រទេស បានសន្យាថា ពួកគាត់នឹងព្យាយាម ជួយផ្សព្វផ្សាយអំពីប្រទេសកម្ពុជា ដែលមានព្រលានយន្ដហោះខ្នាត 4F ជាអន្ដរជាតិ ទៅកាន់ប្រជាជនរបស់ពួកគាត់ ក្នុងការទាក់ទាញភ្ញៀវទេសចរ នៅថ្ងៃខាងមុខផងដែរ។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋាន Greenfield ដែលមានផ្ទៃដីសរុប២,៦០០ហិកតា ស្ថិតនៅចម្ងាយ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយនឹងត្រូវបានអភិវឌ្ឍជា៣ដំណាក់កាល។

ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ១.៥ពាន់លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។

ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឲ្យធំ និងទំនើបជាងគេ នៅតំបន់អាស៊ី។

បើតាមការបញ្ជាក់ពីលោក ស៊ីន ចានសិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, បើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់សម្ពោធជាផ្លូវការ នៅក្នុងពាក់កណ្តាលឆ្នាំ២០២៥ (បំណាច់ឆមាសទី១) ក្រោមអធិបតីភាព របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕

អត្ថបទដែលជាប់ទាក់ទង