ឆ្នាំ២០២៤នេះខួប២៦ឆ្នាំ ដែលកម្ពុជារកបានសុខសន្តិភាព រយៈពេលយូរជាងគេក្នុងប្រវត្តិសាស្ត្រ
បន្ទាយមានជ័យ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ឆ្នាំ២០២៤នេះ ជាខួប២៦ឆ្នាំ ដែលកម្ពុជា រកបានសុខសន្តិភាព និងការឯកភាពជាតិជាធ្លុង ដែលជាសុខសន្តិភាពរយៈពេលយូរជាងគេ ក្នុងប្រវត្តិសាស្ត្រកម្ពុជា។
បើតាមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត, រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាថ្ងៃបញ្ចប់សង្គ្រាម ដោយនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ដែលគិតមកដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ មានរយៈពេល២៦ឆ្នាំ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធសមិទ្ធផល នានា នៅតំបន់ អភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «នៅសល់តែ១ខែគត់ គឺថ្ងៃទី២៩ ខែធ្នូ យើងគម្រប់ខួប២៦ឆ្នាំ ដែលយើងហៅថា ទិវា «សន្ដិភាព» ដែលរាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ឆ្នាំ២០២៣ ហើយឆ្នាំនេះ គឺជាឆ្នាំទីមួយ ដែលយើងចាប់ផ្ដើមអបអរសាទរ ដោយបង្កើតជាថ្ងៃឈប់សម្រាក នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤»។
សម្តេចបវរធិបតី បានឲ្យដឹងថា នយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ដែលបានបញ្ចប់សង្គ្រាម ក្នុងរយៈពេល៥០០ឆ្នាំនេះ មានលក្ខណៈពិសេស២ ដែលពីមុនមកកម្ពុជាអត់ដែលមាន ទី១៖ បញ្ចប់សង្គ្រាម ហើយបង្រួបបង្រួមទឹកដី និងទី២៖ ក្នុងរយៈពេល៥០០ឆ្នាំមកនេះ មានតែក្នុងរយៈពេល២៦ឆ្នាំនេះទេ ដែលមានសន្ដិភាពរយៈពេលវែង។
សូមរំលឹកថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បី៖
* ជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។
* ជាការរំលឹកដល់ការសម្រេច បាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ នៅព្រះរាជាណាចក្រកម្ពុជា ដោយនយោបាយឈ្នះឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
* ជាការរំលឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម ទាំងស់មរភូមិការទូត ទាំងសមរភូមិនយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញផ្ទៃប្រទេស នៅព្រះរាជាណាចក្រកម្ពុជា។
* ជាការដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខលំបាកយ៉ាងវេទនា របស់ប្រជាជនកម្ពុជា ព្រមទាំងផលវិបាកនានា ដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ ព្រមទាំងបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ឱ្យស្អប់ខ្ពើមនូវសង្គ្រាម។
* ជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគតឱ្យយល់ដឹងច្បាស់អំពី «គុណតម្លៃនៃសុខសន្តិភាព» ហើយរួមគ្នាលើកកម្ពស់ «វប្បធម៌សន្តិភាព» នៅកម្ពុជា ពិសេសការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវ «សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុត សម្រាប់ការអភិវឌ្ឍ ប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាប្រកបដោយចីរភាព និងភិយ្យោភាព។
អនុក្រឹត្យ បានបញ្ជាក់ថា ទិវាសន្តិភាពនៅកម្ពុជានេះ ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈ។ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ និងវិស័យឯកជន ត្រូវចូលរួមបំផុសស្មារតីប្រជាជនកម្ពុជាឱ្យយល់ដឹងអំពីគុណតម្លៃនៃសន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព និងរួមគ្នាថែរក្សាការពារសន្តិភាពនៅកម្ពុជា ឱ្យបានគង់វង្ស៕