អ៊ុយក្រែន ថាការប្រគល់អាវុធឱ្យបានលឿនរហ័ស សំខាន់ជាងការកែនទ័ពថ្មីបន្ថែម
ក្រុងកៀវ៖មេដឹកនាំអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា បានជំរុញឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនពន្លឿនការបញ្ជូនជំនួយអាវុធ ដោយនិយាយថាការប្រគល់អាវុធឱ្យបានលឿនរហ័ស គឺមានសារៈសំខាន់ជាង ការកែនកងទ័ពថ្មីបន្ថែម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការទទូចបែបនេះរបស់អ៊ុយក្រែន កើតមានឡើងក្រោយមន្រីជាន់ខ្ពស់អាមេរិកម្នាក់ កាលពីថ្ងៃពុធកន្លងទៅនេះ បាននិយាយថាអ៊ុយក្រែនមិនបានកែនកងទ័ពថ្មីគ្រប់គ្រាន់ ដើម្បីជំនួសកងទ័ព ដែលបាន ពលី និងរងរបួសនៅលើសមរភូមិឡើយ និងបានជំរុញឱ្យទីក្រុងកៀវកាត់បន្ថយអាយុចូលបម្រើទ័ពពី២៥ មកនៅត្រឹម ១៨ឆ្នាំ។ នៅចំពោះមុខអ្នកសារព័ត៌មានក្នុងទីក្រុងកៀវ លោក Heorhii Tykhyi ជាអ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន បានលើកឡើងថា «បច្ចុប្បន្ន យើងកំពុងស្ថិតនៅក្នុងស្ថានភាពដែលយើងកំពុងត្រូវការអាវុធបន្ថែមជាចាំបាច់ ដើម្បីបំពាក់ឱ្យកងទ័ពដែលបានកែនរួចហើយ ហើយយើងគិតថាអាទិភាពដំបូងគេ នោះគឺការប្រគល់អាវុធឱ្យបានលឿនរហ័ស»។
គួរបញ្ជាក់ថា កងទ័ពអ៊ុយក្រែន បាន និងកំពុងប្រឈមនឹងការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងពីសំណាក់រុស្ស៉ី ចំពេលរដូវរងាចាប់ផ្ដើមចូលមកដល់ជាបណ្ដើរៗ រីឯកងទ័ពរុស្ស៉ី ក៏កំពុងមានភាព រីកចម្រើននៅសមរភូមិមុខផងដែរ ជាមួយការដណ្ដើមបានភូមិជាបន្តបន្ទាប់នៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន៕