ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ប្រទេសចិន

29

ក្រុងប៉េកាំង៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដល់រដ្ឋធានីប៉េកាំង ប្រទេសចិន ប្រកបដោយសុវត្តិភាព ដើម្បីបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ រយៈពេល៣ថ្ងៃ ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។

យន្តហោះពិសេសរបស់កម្ពុជា ជើងហោះហើរលេខ០០១ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិកាពីតល់ វេលាម៉ោង១៣៖១០នាទី ម៉ោងនៅរដ្ឋធានីប៉េកាំង ត្រូវនឹងម៉ោង១២៖១០នាទី ម៉ោងនៅភ្នំពេញ។ ការអញ្ជើញដល់របស់សម្តេចតេជោប្រធានព្រឹទ្ធសភា និងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីឯកឧត្ដម លីវ ជិនថាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិន ព្រមទាំងលោក លោកស្រីជាឥស្សរជនថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស រដ្ឋ ថ្នាក់ដឹកនាំរដ្ឋធានីប៉េកាំង និងឥស្សរជនការទូតរបស់កម្ពុជា ប្រចាំប្រទេសចិន។ 

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចឭតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅចិន។

ការបំពេញទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន តបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន។

សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន ក្នុងទស្សនកិច្ចរួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា, ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈទាក់ទងការបរទេសនៃគណបក្សប្រជាជនកម្ពុជា, ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃ ព្រឹទ្ធសភា ព្រមទាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួង/ស្ថាប័ន និងថ្នាក់ដឹកនាំសំខាន់ៗរបស់ស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាល។

នៅក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយ លោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែក ជាមួយលោក វ៉ាង ហ៊ូនឹង ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយនៃប្រជាជនចិន និង លោក ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។

ស្របពេលដែលកម្ពុជា-ចិន បិទបញ្ចប់ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ជាលើកទី១ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន នឹងផ្តល់សន្ទុះថ្មីក្នុងការពង្រឹងមិត្តភាពដែកថែប លើកកម្ពស់កិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅធ្វើឱ្យ កាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង