ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាជិកសភាកូរ៉េខាងត្បូង អំពាវនាវឱ្យមាននីតិវិធីដកតំណែងលោកប្រធានាធិបតីទោះច្បាប់អាជ្ញាសឹកត្រូវបានដកចេញ

17

ក្រុងសេអ៊ូលសមាជិកសភាកូរ៉េខាងត្បូង នៅថ្ងៃពុធ ទី៤ ខែធ្នូ បានអំពាវនាវឱ្យដំណើរនីតិវិធីចោទប្រកាន់ដកតំណែងប្រធានាធិបតី លោក យូន ស៊ុកយុល បន្ទាប់ពីរូបលោកបានប្រកាសដាក់ ចេញច្បាប់អាជ្ញាសឹកដែលទើបតែត្រូវបានដកចេញវិញនៅប៉ុន្មានម៉ោងមុននេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកដ៏ភ្ញាក់ផ្អើលរបស់លោក យូន កាលពីយប់ថ្ងៃអង្គារ បានបង្កឱ្យមានភាពតានតឹងជាមួយសភា ដែលបានជំទាស់ការប៉ុនប៉ងរបស់លោកដើម្បីហាមឃាត់ សកម្មភាពនយោបាយ និងការរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយ។ សភាកូរ៉េខាងត្បូងជាមួយសមាជិក ១៩០រូប ក្នុងនោះរួមមានទាំងសមាជិកសភា១៨រូបមកពីគណបក្សរបស់លោក យូន ដែលមាន វត្តមាននៅឯសភា បានបោះឆ្នោតអនុម័តញត្តិមួយដោយទាមទារឱ្យដកច្បាប់អាជ្ញាសឹកចេញវិញ។ នៅក្រោមច្បាប់កូរ៉េខាងត្បូង ប្រធានាធិបតីត្រូវតម្រូវឱ្យដកច្បាប់អាជ្ញាសឹកវិញជាបន្ទាន់ ប្រសិនបើសភាទាមទារឱ្យដកចេញ ក្នុងសំឡេងបោះឆ្នោតភាគច្រើន។ ប៉ុន្តែអ្វីដែលសំខាន់នៅពេលនេះ គឺអនាគតនយោបាយរបស់លោក យូន កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ក្នុងពេលដែលសភាកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រឆាំងស្រាប់ផងនោះ។

ក្រុមចម្រុះមួយនៃសមាជិកសភាមកពីគណបក្សប្រឆាំង បាននិយាយថាពួកគេមានគម្រោងស្នើឱ្យមានសេចក្ដីព្រាងច្បាប់មួយ ដើម្បីចោទប្រកាន់ដកតំណែងលោក យូន នៅថ្ងៃពុធនេះ ហើយ សេចក្ដីព្រាងច្បាប់នេះដែរគួរតែត្រូវបានបោះឆ្នោតក្នុងរយៈពេល ៧២ម៉ោង។ «សភាគួរតែផ្តោតលើការព្យួរជាបន្ទាន់នូវកិច្ចការរបស់ប្រធានាធិបតី ដើម្បីអនុម័តសេចក្ដីព្រាងច្បាប់ចោទប្រកាន់ ដកតំណែងឱ្យបានឆាប់»។ នេះបើតាមលោក Hwang Un-ha ដែលជាសមាជិកសភាម្នាក់ក្នុងចំណោមក្រុមចម្រុះនៃសមាជិកសភាបក្សប្រឆាំងបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន។

គួរបញ្ជាក់ថា លោក យូន បានធ្វើឱ្យប្រទេសជាតិទាំងមូលរំជើបរំជួលជាមួយការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក កាលពីយប់ថ្ងៃអង្គារ ដើម្បីទប់ស្កាត់នូវអ្វីដែលហៅថា «កងកម្លាំងប្រឆាំងរដ្ឋ» ស្ថិតនៅក្នុងចំណោមអ្នកនយោបាយបក្សប្រឆាំង ដែលលោកចោទថាមានទំនោរងាកទៅរកកូរ៉េខាងជើង៕

អត្ថបទដែលជាប់ទាក់ទង