ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សេចក្តីជូនដំណឹង ស្តីពីការចុះក្រមា ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ
ភ្នំពេញ៖ ក្រមា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នាថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) ដោយគណៈកម្មការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌ អរូបីរបស់អង្គការយូណេស្កូ ដែលបានអនុម័តជាឯកច្ឆន្ទតាមរយៈសេចក្តីសម្រេច19.COM 7.6.27។
(ក្រមា )គឺជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាចាប់តាំងពីពេលកើតរហូតដល់ ពេលស្លាប់ ដោយប្រជាជននិយមប្រើប្រាស់តាមតម្រូវការផ្សេងៗដូចជា គ្របដណ្តប់ខ្លួន តុបតែងលម្អ ច្នៃជាសម្លៀកបំពាក់ គ្រប់ទម្រង់ បាំងកម្ដៅព្រះអាទិត្យ ចងជាអង្រឹងក្មេង សម្រាប់ជូតខ្លួន និងប្រើប្រាស់ក្នុងពិធីផ្សេងៗទៅតាមប្រពៃណីសាសនា ជាដើម។ល។
កន្លងមកកម្ពុជាបានដាក់បញ្ចូលមរតកវប្បធម៌ជាតិផ្នែកអរូបីក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់ អង្គការយូណេស្កូជាបន្តបន្ទាប់ សរុបចំនួន៦មរតករួចមកហើយ។ “ក្រមា” គឺជា មរតកវប្បធម៌អរូបីទី៧ ដែលកម្ពុជាបាន ដាក់បញ្ចូលដោយជោគជ័យទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ទាំងអស់នេះ គឺជា សមិទ្ធផលដ៏ត្រចះត្រចង់មួយរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការអភិរក្ស ថែរក្សា ការពារ មរតកវប្បធម៌ជាតិ និងផ្សព្វផ្សាយ វប្បធម៌ខ្មែរទាំងក្នុងប្រទេស និងលើឆាក អន្តរជាតិ។
យើងខ្ញុំសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ដែលបានចង្អុលបង្ហាញ គាំទ្រ និងដាក់ចេញនូវគោលនយោបាយអាទិភាពសម្រាប់វិស័យ អភិរក្ស ការពារ និង អភិវឌ្ឍមរតកវប្បធម៌ជាតិ។ យើងខ្ញុំក៏សូមថ្លែងអំណរគុណជាអនេកចំពោះ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ក្រុមការងារ ជំនាញ អង្គការ សហគមន៍តម្បាញទូទាំងប្រទេស ដែលបានជួយជ្រោមជ្រែង កសាងឯកសាររហូតទទួលបានជោគជ័យ ក្នុងការដាក់បញ្ចូល “ក្រមា” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ ដែលជាមោទនភាពថ្មីបន្ថែមសម្រាប់ជាតិខ្មែរ ទាំងមូល។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងចូលរួមអបអរសាទរឱ្យបានគ្រប់ៗគ្នា៕ សំរិត