អាល្លឺម៉ង់និងបារាំង ពិភាក្សាគ្នាអំពីលទ្ធភាពធ្វើការជាមួយ មេដឹកនាំថ្មីនៅប្រទេសស៉ីរី ដោយមានលក្ខខណ្ឌ
ក្រុងបែរឡាំង៖ការិយាល័យអធិការបតីអាល្លឺម៉ង់ បានឱ្យដឹងថា កាលពីថ្ងៃចន្ទ ទី៩ ខែធ្នូ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានពិភាក្សាគ្នាអំពីលទ្ធភាពនៃការធ្វើការជាមួយ មេដឹកនាំថ្មីនៅប្រទេសស៉ីរី ក្រោយការផ្តួលរំលំរបបប្រធានាធិបតីស៉ីរី លោក Bashar al-Assad។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ទីក្រុងបែរឡាំង បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «ភាគីទាំងពីរបានឯកភាពគ្នាថា ពួកគេត្រៀមលក្ខណៈជាស្រេច ដើម្បីសហការជាមួយ មេដឹកនាំថ្មីនៅស៉ីរី ដោយឈរលើគោលការណ៍ នៃសិទ្ធិមនុស្សមូលដ្ឋាន និងការការពារជនជាតិភាគតិច ក៏ដូចជាអ្នកកាន់សាសនាភាគតិច»។ សេចក្តីថ្លែងការណ៍បានបន្តថា មេដឹកនាំអាល្លឺម៉ង់និងបារាំង បានយល់ស្របធ្វើការជាមួយគ្នា ដើម្បីពង្រឹងការប្តេជ្ញារបស់សហភាពអឺរ៉ុប ចំពោះប្រទេសស៉ីរី ជាពិសេសតាមរយៈការគាំទ្រ ដំណើរនយោបាយប្រកបដោយបរិយាបន្ន នៅស៉ីរី ក្រោមការសម្របសម្រួលជាមួយបណ្តាដៃគូ នៅមជ្ឈិមបូព៌ា។
គួរបញ្ជាក់ថា លោក Al-Assad ត្រូវបានផ្តួលរំលំចេញពីអំណាច កាលពីថ្ងៃអាទិត្យសប្តាហ៍កន្លងទៅនេះ ក្រោយក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) បានដឹកនាំប្រតិបត្តិការវាយលុកដ៏រហ័សបំផុតមួយ ប្រឆាំងកងកម្លាំងរដ្ឋាភិបាល កាលពីចុងខែវិច្ឆិកា ហើយដណ្តើមកាន់កាប់បានទីក្រុងជាបន្តបន្ទាប់ រហូតដល់រដ្ឋធានីដាម៉ាស។ ក្រុមប្រទេសលោកខាងលិច បានបង្ហាញការស្វាគមន៍ ចំពោះការដួលរលំនៃរបបដ៏យូរអង្វែងរបស់លោក al-Assad ប៉ុន្តែក៏ព្រួយបារម្ភផងដែរថា ស៉ីរីអាចនឹងធ្លាក់ទៅក្នុងភាពវឹកវរបន្ថែមទៀត ស្រដៀងទៅនឹងអ្វីដែលធ្លាប់បានកើតឡើង នៅឯប្រទេសលីប៊ី ក្រោយការផ្តួលរំលំលោក Muammar Gaddafi៕