ប្រទេសចិន៖ត្រូវមានវិធានការចាំបាច់ ដើម្បីការពារអធិបតេយ្យ ចំពេលតៃវ៉ាន់រាយការណ៍ពី ការកើនឡើងសកម្មភាពរបស់យោធាចិន
ក្រុងប៉េកាំង៖នៅថ្ងៃពុធ ទី១១ ខែធ្នូនេះ រដ្ឋាភិបាលចិនបាននិយាយថា ត្រូវមានវិធានការចាំបាច់ ដើម្បីការពារអធិបតេយ្យភាព របស់ប្រទេស ហើយមិនអត់ឱនចំពោះសកម្មភាពបំបែកខ្លួនឡើយ ចំពេលតៃវ៉ាន់រាយការណ៍ ពីការកើនឡើងនូវយន្តហោះចម្បាំងចិន ក្បែរកោះតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យោធាចិន មិនទាន់ធ្វើអត្ថាធិប្បាយលើសកម្មភាពយោធានេះទេ ហើយមិនក៏បានបញ្ជាក់អំពីការធ្វើសមយុទ្ធណាមួយដែរ។ មន្ត្រីជាន់ខ្ពស់តៃវ៉ាន់ម្នាក់និយាយថា ការបង្កើនសកម្មភាពយោធា នៅក្បែរកោះតៃវ៉ាន់ គឺជាសារនយោបាយដែលចិន ចង់ផ្ញើទៅកាន់អនាគតរដ្ឋបាលអាមេរិក របស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ។
នៅពេលត្រូវបានសាកសួរ នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ក្នុងទីក្រុងប៉េកាំង អំពីសកម្មភាពយោធាក្បែរកោះតៃវ៉ាន់ អ្នកនាំពាក្យ ការិយាល័យ កិច្ចការ តៃវ៉ាន់ របស់ ចិន លោកស្រី Zhu Fenglian គូសបញ្ជាក់ ថា «អាជ្ញាធរ ចិន មានការ ប្រុង ប្រយ័ត្ន ខ្ពស់ ចំពោះ និន្នាការ របស់ក្រុមបំបែក ខ្លួន តៃវ៉ាន់ ទាក់ទងនឹងការគប់គិតជាមួយ កម្លាំង ខាងក្រៅ»។
លោកស្រីបន្ថែមថា «យើងនឹងមិនអនុញ្ញាតឱ្យអ្វីៗជ្រុលហួសឡើយ។ យើងចាត់វិធានការចាំបាច់ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់ ការពារសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ក៏ដូចជាផលប្រយោជន៍ជាមូលដ្ឋាន នៃជនរួមជាតិទាំងសងខាង»៕