ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ»
ភ្នំពេញ៖ថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ១២ធ្នូ» លើកទី១៨។
«ទិវាជាតិប្រយុទ្ធ ប្រឆាំង អំពើជួញដូរមនុស្ស ១២ធ្នូ» ឆ្នាំ២០២៤ ធ្វើឡើងក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរ មនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល»។
ទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ នេះ ប្រារព្ធឡើងមានគោលបំណងបង្ហាញពីឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលនៅតែបន្តឥតឈប់ឈរក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូមនុស្សគ្រប់ទម្រង់ តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណជន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន មន្ត្រីរាជការគ្រប់ឋានានុក្រម នៅគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមបុព្វជិតគ្រប់ និកាយសាសនា ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាឱ្យមានការយល់ដឹង ដើម្បីសហការចូលរួម បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសថ្មីៗលើគ្រប់រូបភាពដែល ពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សនៅកម្ពុជា៕