ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនបានជនសង្ស័យ កាច់ ក ម៉ូតូ ៣នាក់ នៅសង្កាត់ស្វាយប៉ាក

33

ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ សុទ្ធតែមានការងារល្អធ្វើហើយ បាននាំគ្នា ជិះម៉ូតូ ឌុបគ្នា ទៅកាច់ ក ម៉ូតូ គេ ចតនៅមុខហាងកាហ្វេ បានហើយ តែត្រូវម្ចាស់គេឃើញទាន់ ស្រែកឆោឡោ រត់គេចខ្លួនបាន២ថ្ងៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានអោយដឹងថា ជនរងគ្រោះឈ្មោះ ម៉ក់ ប្រុសពេជ្រអាយុ២៧ឆ្នាំ មុខរបរយោធា ស្នាក់នៅផ្ទះលេខ៤៩៣A ផ្លូវលេខ៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ ចំណែកជនសង្ស័យទាំង០៣នាក់ មានឈ្មោះតុង សុខកាង ហៅក្រៅទី អាយុ២៦ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ទី២. ឈ្មោះសុខ សាន អាយុ១៧ឆ្នាំ មុខរបរជាងឡាន ទីលំនៅភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ និងទី៣ ឈ្មោះ ឆន ដាណាក់ អាយុ១៧ឆ្នាំ ទីលំនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

បើតាមការសារភាពឱ្យដឹងពីសមត្ថកិច្ច ក្រុមជនសង្ស័យ ៣នាក់ បានជិះម៉ូតូ លុះជិះម៉ូតូដល់ចំណុចមុខហាងការហ្វេ zone ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ជនសង្ស័យឃើញម៉ូតូម៉ាក Zusuki nex ពណ៌ផ្កាឈូក ស្លាកលេខភ្នំពេញ 1IA-1697 ចតនៅមុខហាងកាហ្វេ ដោយឃើញមានសភាពស្ងប់ស្ងាត់ ឱកាសល្អ ជនសង្ស័យម្នាក់ យកដែកសម្រាប់កាច់កម៉ូតូបុកកាច់បំបែកគ្រាប់សោ ម៉ូតូផ្ដាច់បានសម្រេច បន្ទាប់មកបក្ខពួកម្នាក់ទៀត ជាអ្នកដើរចូលអូសម៉ូតូចេញ ហើយម្នាក់ទៀតជាអ្នកមើលផ្លូវ ស្រាប់តែពេលអូសម៉ូតូចេញបានបន្តិច ជនរងគ្រោះដើរចេញមកឃើញទាន់ស្រែកចោរចោរស្ទុះរត់ដេញតាម។ ភ្លាមៗនោះ ជនសង្ស័យទាំងបីនាក់ បានផ្ដួលម៉ូតូជនរងគ្រោះចោល ហើយឡើងជិះម៉ូតូរបស់បក្ខពួកគេចខ្លួនបាត់តែម្ដង។

ក្រោយកើតហេតុរួចជនរងគ្រោះបានឡើងមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ ក្រោយពីសមត្ថកិច្ចយើងទទួលពាក្យបណ្ដឹជនរងគ្រោះ កម្លាំងជំនាញ បានចុះឆែកកាមេរ៉ាសុវត្ថិភាព ឈានដល់កំណត់មុខសញ្ញាជនសង្ស័យបាន រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ នៅចំណុចផ្លូវលេខ៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ហើយក៏នាំយកមកប៉ុស្តិ៍តែម្ដង។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង