ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំលើកដំបូង ជាមួយតំណាងធនាគារពិភពលោក ដើម្បីរៀបចំរបាយការណ៍ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

48

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីដឹកនាំប្រជុំក្រុមការងារលើកទី១ ជាមួយតំណាងធនាគារពិភពលោក (World Bank) ដើម្បីរៀបចំរបាយការណ៍ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ក្នុងនោះក៏មានការចូលរួមពី ឯកឧត្ដមឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, ឯកឧត្ដមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, ឯកឧត្ដម សុខ សារាវុឌ្ឍ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំងតំណាងក្រសួង ស្ថាប័ន ក្នុងក្រុមការងារ។ ចំណែកឯតំណាងធនាគារពិភពលោករួមមាន លោកស្រី Tania Meyer នាយកប្រចាំប្រទេស នៃធនាគារពិភពលោកប្រចាំកម្ពុជា អមដោយលោក Sebastian Eckardt ប្រធានអនុវត្ត និងលោក Andrea Coppola ជាអ្នកដឹកនាំកម្មវិធី ព្រមទាំងមន្ត្រីជាន់ខ្ពស់ នៃធនាគារពិភពលោកមួយចំនួនទៀត។

ឯកឧត្ដមវង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក្នុងនាមជាប្រធានក្រុមការងារតម្រង់ទិសតំណាងរាជរដ្ឋាភិបាល សម្រាប់កិច្ចសហការជាមួយធនាគារពិភពលោក ដើម្បីរៀបចំរបាយការណ៍ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ បានសម្តែងនូវការស្វាគមន៍ចំពោះលោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកានៃក្រុមការងារ ព្រមទាំងនាយកប្រចាំប្រទេស នៃធនាគារពិភពលោកប្រចាំកម្ពុជា និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាដ៏មានសារសំខាន់នេះ។

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីប្រចាំការ បានរំលឹកពីសារបានជូនអង្គប្រជុំថា ឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានចាប់ផ្ដើមចាប់តាំងពីឆ្នាំ២០១៨ ក្នុងការរៀបចំសេចក្ដីព្រាងឯកសារចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប៉ុន្ដែកិច្ចការនេះត្រូវបានពន្យារពេល ដោយសារវិបត្ដិជំងឺកូវីដ-១៩។ ជាទិសដៅទៅមុខ សេចក្ដីព្រាងឯកសារចក្ខុវិស័យនេះ ត្រូវការមានការកែសម្រួលឡើងវិញ ឲ្យឆ្លើយតបនឹងបរិការណ៍ និងស្ថានភាពសង្គមសេដ្ឋកិច្ច ទាំងក្នុង និងអន្ដរជាតិបច្ចុប្បន្ន ដែលមានលក្ខណៈប្រែប្រួល មិនច្បាស់លាស់ ស្មុគស្មាញ និងមិនប្រាកដប្រជា។

ឯកឧត្ដមបានសង្កត់ធ្ងន់ថា ចក្ខុវិស័យ២០៥០ មិនមែនត្រឹមតែប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់នោះទេ តែជាបំណងប្រាថ្នាប្រកបដោយមហិច្ឆិតាខ្ពស់ក្នុងការកសាងជាតិ (Nation Building) ការចូលរួមរបស់ធនាគារពិភពលោក នឹងក្លាយជាធាតុចូលដ៏សំខាន់ក្នុងការការរៀបចំឯកសារចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ត្រូវមានភាពជាម្ចាស់លើការរៀបចំចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០របស់ខ្លួន ដែលមានលក្ខណៈប្រាកដនិយម ប្រកបដោយគោលដៅច្បាស់លាស់ ព្រមទាំងកំណត់អំពីទិសដៅ និងមាគ៌ាត្រឹមត្រូវសម្រាប់កម្ពុជា។

លោកស្រី Tania Meyer នាយកប្រចាំប្រទេស នៃធនាគារពិភពលោកប្រចាំកម្ពុជា បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសម្តែងសេចក្តីរីករាយ ក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំរបាយការណ៍ដ៏មានសារៈសំខាន់នេះ តាមរយៈការកៀរគរអ្នកជំនាញដើម្បីចូលរួម ក្នុងការបំពេញបំណងប្រាថ្នារបស់កម្ពុជា ឲ្យក្លាយជាការពិត។ លោកស្រីក៏បានចែករំលែកផងដែរថា ជាបទពិសោធន៍របស់ប្រទេសក្នុងតំបន់ ទោះបីជាការរៀបចំឯកសារចក្ខុវិស័យមានគុណភាពល្អ និងគ្រប់ជ្រុងជ្រោយក្តី ប៉ុន្តែការអនុវត្ដផែនការទាំងនេះឲ្យមានប្រសិទ្ធភាពខ្ពស់ គឺជាបញ្ហាប្រឈមខ្លាំង ដែលការណ៍នេះចាំបាច់ត្រូវមានការសហការ និងចូលរួមអនុវត្ដពីគ្រប់ក្រសួង ស្ថាប័ន ហើយប្តេជ្ញាយកផលប្រយោជន៍រួមរបស់ប្រទេសជាតិជាធំ។

លោកស្រីបន្ថែមថា ការកំណត់ទិសដៅក្លាយជាប្រទេសមានចំណូលខ្ពស់ គឺទាមទារជាចាំបាច់នូវការគិតគូរលើបញ្ហាមួយចំនួនទៀត ជាពិសេសការពង្រឹងនីតិរដ្ឋ និងអភិបាលកិច្ច ការបង្កើនកំណើន និងផលិតភាពសេដ្ឋកិច្ច កសាងមូលធនមនុស្ស និងបរិយាកាសវិនិយោគ និងធុរកិច្ចជាដើម។ ក្នុងន័យនេះ ដើម្បីឲ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ទាមទារនូវសមាសភាពបីចូលរួមជាចាំបាច់ ដែលមិនអាចខ្វះបានគឺ៖ ទី១៖ ត្រូវមានចក្ខុវិស័យច្បាស់លាស់, ទី២៖ ត្រូវធ្វើការកែទម្រង់មុតស្រួច និងទី៣៖ ត្រូវប្រកាន់ភ្ជាប់នូវការអនុវត្តឲ្យបានត្រឹមត្រូវទៅតាមផែនការ ប្រកបដោយមានតម្លាភាព ប្រសិទ្ធភាព និងដោយបរិយាបន្ន។

ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់អនុសាសន៍សម្រាប់កិច្ចសហប្រតិបត្តិការតទៅមុខក្នុងការរៀបចំរបាយការណ៍ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយក្នុងនោះបានស្នើ៣ចំណុចដល់ក្រុមការងារធនាគារពិភពលោក ក្នុងនោះរួមមាន៖

-ទី១៖ ពិនិត្យ និងប្រមូលផ្តុំព័ត៌មាន ព្រមទាំងបទពិសោធពីបណ្ដាប្រទេសនានា ក្នុងការរៀបចំ និងអនុវត្ដចក្ខុវិស័យរបស់ខ្លួន ដើម្បីចែករំលែកជាមួយរដ្ឋាភិបាលកម្ពុជា
-ទី២៖ បញ្ជាក់នូវតម្រូវការស្ថិតិទិន្នន័យដែលរដ្ឋាភិបាល អាចនឹងផ្តល់ជូនសម្រាប់ការរៀបចំរបាយការណ៍
-ទី៣៖ ផ្តល់នូវការបណ្តុះបណ្តាលពាក់ព័ន្ធនានា ក៏ដូចជាវិធីសាស្រ្ដក្នុងការរៀបចំ ដល់ក្រុមការងារតំណាងរាជរដ្ឋាភិបាលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង