ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៊ុយក្រែនអះអាងថា រុស្ស៉ីចាប់ផ្តើមប្រើប្រាស់កងទ័ពកូរ៉េខាងជើងក្នុងចំនួនច្រើន ដើម្បីព្យាយាមវាយដណ្តើមយកតំបន់ Kursk វិញ

14

ក្រុងកៀវ៖កាលពីថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា រុស្ស៉ីបានចាប់ផ្តើម ប្រើប្រាស់ កងទ័ពកូរ៉េខាងជើងក្នុងចំនួនច្រើន ជាលើកដំបូង ដើម្បីបើកការវាយលុកលើកងកម្លាំងរបស់អ៊ុយក្រែន ដែលកំពុងព្យាយាម ការពារតំបន់ដែលខ្លួនគ្រប់គ្រងបាន នៅតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០២៤។
លោក ហ្សេលេនស្គី បាននិយាយថា កងទ័ពកូរ៉េខាងជើង កំពុងត្រូវបានប្រើប្រាស់ រួមបញ្ចូលគ្នាជាមួយកងកម្លាំងរុស្ស៉ី ហើយសម្រាប់ឥឡូវនេះ គឺនៅត្រឹមក្នុងតំបន់ Kursk ប៉ុណ្ណោះ ប៉ុន្តែលោកទទួលបានព័ត៌មានថា អាចនឹងមានការប្រើប្រាស់ពួកគេ នៅតាមផ្នែកផ្សេងទៀត នៃសមរភូមិជួរមុខ។ ទីក្រុងកៀវបានរាយការណ៍ជាលើកដំបូង អំពីវត្តមានកងទ័ពកូរ៉េខាងជើង នៅតំបន់ Kursk កាលពីខែតុលា។ បើតាមការប៉ាន់ស្មានរបស់ទីក្រុងកៀវ និងក្រុមលោកខាងលិច មានទាហានកូរ៉េខាងជើងសរុបប្រហែល ១១ ០០០នាក់ នៅទីនោះ។
គួរបញ្ជាក់ថា ក្នុងសង្រ្គាមរយៈពេលជិត៣ឆ្នាំមកនេះ ជិត២០ភាគរយនៃទឹកដីរបស់អ៊ុយក្រែន បានធ្លាក់ទៅក្រោមការត្រួតត្រារបស់ កងកម្លាំងរុស្ស៉ី។ កាលពីខែសីហា ឆ្នាំនេះ អ៊ុយក្រែនបានបើកប្រតិបត្តិការវាយលុក ចូលតំបន់ Kursk របស់រុស្ស៉ី និងដណ្តើមកាន់កាប់ បានទឹកដីមួយផ្នែក។ ប្រតិបត្តិការវាយលុកនោះ មានគោលដៅបង្វែរចំណាប់អារម្មណ៍ របស់កងកម្លាំងរុស្ស៉ី ប៉ុន្តែវាមិនបានរារាំងរុស្ស៉ី មិនឱ្យបន្តទទួលបានភាពរីកចម្រើន នៅភាគខាងកើតអ៊ុយក្រែនឡើយ៕

អត្ថបទដែលជាប់ទាក់ទង